កម្មករ​រោងចក្រ E-Z ជាង​៨០០​នាក់ កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​​

3/13/2014 0 Comments A+ a-

កម្មករ​រោងចក្រ​កាត់ដេរ​ខោ​ខៅ​ប៊​យ  E-Z ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ និង​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ សម្រាប់​ទ្រង់​ទ្រ​ង​ជីវភាព​ប្រចាំថ្ងៃ​។​
​តំណាង​កម្មករ​រោងចក្រ E-Z  លោក ទូច សំរេច ឲ្យ VOD ដឹង​ថា​កម្មករ​ជាង​៨០០​នាក់ ធ្វើ​កូដកម្ម ទាមទារ​លក្ខណ្ឌ​ការងារ​១៧​ចំណុច ក្នុងនោះ​រួមមាន ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់ប្រាក់​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន​១៥​ដុល្លារ​ក្នុង​មួយខែ ប្រាក់​សម្រាប់​អាហារ​ថ្ងៃត្រង់​៤០០០​រៀល​ក្នុង​១​ថ្ងៃ និង​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់លុយ​ពេល​កម្មករ​ធ្វើ​កូដកម្ម​ជាដើម​។​លោក​ បន្ថែមថា កូដកម្ម​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង ការអំពាវនាវ​របស់​មេដឹកនាំ​សហជីព មួយចំនួន ដែលប្រកាស​ធ្វើ​កូដកម្ម​រយៈពេល​៣​ថ្ងៃ សុំ​តម្លើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ ឃុំ​២១នាក់នោះឡើយ «ទាមទារនេះ គឺមិនមែនពាក់ព័ន្ធរឿងនយោបាយ ឬក៏ពាក់ព័ន្ធរឿងអ្វីទាំងអស់ គឺខ្ញុំទាមទារតែអ្វីជាផលប្រយោជន៍ របស់កម្មករទាំងអស់ ឲ្យគាត់រស់នៅសមរម្យ គាត់មានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយពេញមួយខែ កុំឲ្យគាត់មានផលពិបាកអីតទៅមុខទៀត»។
មន្ត្រីរដ្ឋបាល​រោងចក្រ E-Z  លោក សោម សំអាត មានប្រសាសន៍ថា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រសួង​ការងារ និង​អភិបាល​ខណ្ឌ បាន​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន និង​តំណាង​កម្មករ ហើយ​តំណាង​រោងចក្រ សម្រេចយក​៦​ចំណុច ក្នុងចំណោម​១៧​ចំណុច ក្នុងនោះ​រួមមាន រោងចក្រ​ផ្តល់​ទឹ​កក្តៅ ទឹក​ត្រជាក់ ប្រាក់​បាយ​ថ្ងៃត្រង់​៣​ដុល្លារ​ក្នុង​១​ខែ នៅក្នុង​បន្ទប់ទឹក​មានទឹក​គ្រប់គ្រាន់ និង​អនាម័យ និង​រោងចក្រ​ឈប់​បង្ខំ​កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ជាដើម​។ ដោយឡែក ចំណុច​ដែល​មិន​ទាន់​ឯកភាព​គ្នា​នោះ នឹង​បាន​បញ្ជូន​ឯកសារ​ទៅ​ក្រសួង​ការងារ ហើយ​ក្រសួង​បាន​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ធ្វើ​ការសម្រេច​បន្ត​«១៧ចំនុច យើងបាន ៦ចំនុច នៅសល់១១ចំនុច យើងរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីឲ្យគាត់កាត់ចេញមក។ខាងវិវាទការងារគាត់បញ្ជូនទៅខាងក្រសួងការងារ គាត់ថាគាត់បញ្ជូនទៅហើយ»។
ការធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ E-Z  មាន​សហព័ន្ធ​សហជីព​ចំនួន​ពីរ​ប្រឈម​គ្នា គឺ​សហព័ន្ធ​សហជីព​យុវជន​ឯករាជ្យ ដែល​គាំទ្រ​កម្មករ ទល់នឹងសហព័ន្ធ​សហជីព​ស្មារតី​កម្មករ​កម្ពុជា ដែល​កម្មករ អះអាងថា គាំទ្រ​ភាគី​រោងចក្រ​។​
​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ភាគី​រោងចក្រ និង​សហជីព ត្រូវ​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​រួម​មួយ ដើម្បី​បញ្ចៀស​ការធ្វើ​កូដកម្ម អូស​បន្លាយពេល​យូរ ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​រោងចក្រ​។​
​កម្មករ​រោងចក្រ​កាត់ដេរ​ខោ​ខៅ​ប៊​យ  E-Z ស្ថិតនៅ​ភូមិ​ន​ព្រៃទា សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ សរុប​ជាង​៨៥០​នាក់ ក្នុង​នោះ​អ្នក​ចេញមុខ​តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​រោងចក្រ ប្រមាណ​ជាង​៨០០​នាក់​៕