CNRP នឹងប្រមូលអនុសាសន៍ ពីអង្គការសង្គមស៊ីវិល និងមន្ត្រីទូតសម្រាប់កំណែ ទម្រង់ប្រព័ន្ធបោះឆ្នោត
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ប្រាប់VOD នៅរសៀលថ្ងៃទី០៦ ខែមីនានេះថា នៅថ្ងៃស្អែកបក្សរបស់លោក នឹងអញ្ចើញមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងអង្គទួតនានាចូលរួមសិក្ខាសាលា ដើម្បីផ្តល់នូវអនុសាសន៍ល្អៗ សម្រាប់កែទម្រង់ ប្រព័ន្ធបោះ ឆ្នោតឲ្យដំណើរល្អ ប្រកបភាពសេរី និងយុត្តិធម៌។
ការប្រមូលអនុសាសន៍នេះ ធ្វើឡើង៣ ថ្ងៃមុនកិច្ចជំនួបលើកទី៣ របស់គណបក្ស ឈ្នះឆ្នោតទាំងពីរ។ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ឲ្យដឹងទៀតថា កម្មវិធីនេះមិនបានអញ្ជើញមន្ត្រី គ.ជ.ប ចូលរួមទេ ព្រោះគ្រាន់តែជាការប្រមូលមតិយោបល់របស់ភាគីពាក់ព័ន្ធ សម្រាប់ដាក់នៅថ្ងៃប្រជុំជាមួយបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ខាងមុខ ហើយគណបក្សសង្គ្រោះជាតិ បានអញ្ចើញតំណាងគណបក្សកាន់អំណាច ឲ្យចូលរួមដែរ តែត្រូវបានបដិសេធចូលរួម។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ(និចហ្វិច) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា លោកនឹងចូលរួមផ្តល់អនុសាសន៍ប្រាំពីរចំណុច ទៅដល់គណបក្សនយោបាយ រួមមានការកែទ្រង់នូវគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ កែទម្រង់ក្រុមប្រឹក្សាធម្មនុញ្ញ ស្តីអំពីសមាសភាព រចនាសម្ព័ន្ធ និងតួននាទី និងការកែលំអប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ឲ្យមានភាពឯករាជ្យ និងដាក់ស្ត្រីក្នុងគោលនយោបាយឲ្យបានច្រើនជាដើម។
សម្រាប់នាយកប្រតិបត្តិរបស់អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា ក៏នឹងលើកឡើងពីការទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាដែរ ដើម្បីធ្វើឲ្យការបោះឆ្នោតនៅពេលក្រោយៗទៀត មានភាពឯករាជ្យ សុក្រឹត្យ នឹងយុត្តិធម៌។ សិក្ខាសិលារបស់គណបក្សសង្គ្រោះជាតិ នឹងធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមីនា ស្អែកនេះ នៅសណ្ឋាគារអ៊ីមផើរៀល ចាប់ផ្តើមពីម៉ោង ៨កន្លះទៅ៕
VOD