ស្ប៉ត​ពាណិជ្ជកម្ម​​​ក្រុមហ៊ុន Cellcard ត្រូវ​​ស្នើ​ឲ្យ​ដក​ចេញ

3/05/2014 0 Comments A+ a-


ការិយាល័យក្រុម​ហ៊ុនទូរស័ព្ទចល័ត Cellcard នៅតាម​មហាវិថី នរោត្តម​​។ រូបថត ម៉ៃ វីរៈ
ការិយាល័យក្រុម​ហ៊ុនទូរស័ព្ទចល័ត Cellcard នៅតាម​មហាវិថី នរោត្តម​​។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​ ក្រុមហ៊ុន​ទូរគមនាគមន៍ Mobitel ដក​ចេញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​កញ្ចក់​ទូរទស្សន៍​ដែល​បាន​បង្ហាញ​ពី​បុរស​ ម្នាក់​ខក​ចិត្ត​ពេល​ការ​ណាត់​ជួប​របស់​គាត់​ជា​លើក​ដំបូង​មនុស្ស​ខ្ទើយ។
ការ​ផ្សាយ​ពាណិជ្ជកម្ម​មាន​រយៈ​ពេល​ប្រហែល ៦០ វិនាទី សម្រាប់​បណ្ដាញ​ទូរស័ព្ទ Cellcard របស់​ក្រុមហ៊ុន Mobitel បាន​ផ្សាយ​ជា​ទៀង​ទាត់​នៅ​លើ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា (CTN) អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍។ ដំបូង​បុរស​នោះ​រៀបចំ ​ការ​ណាត់​ជួប​គ្នា​ជា​លើក​ដំបូង​របស់​គាត់។ ដោយ​សារ​តែ​សេវា​ដែល​គាត់​ប្រើ​មាន​ភាព​រអាក់​រអ៊ួល​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​ របស់​គាត់​ត្រូវ​ខក​ចិត្ត​នៅ​ពេល​ជួប​ផ្ទាល់។ នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​ប្រើ​ ប្រព័ន្ធ Cellcard និយាយ​ថា៖ «ខ្ញុំ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ Cellcard! ដូច្នេះ​ខ្ញុំ​មិន​មាន​លទ្ធផល​ខក​ចិត្ត​ដូច​នេះ​ទេ»។
បន្ទាប់​ពី​បាន​ទស្សនា​ការ​ផ្សាយ​ពាណិជ្ជកម្ម​រួច​មក លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​សម្រាប់​ការ​តម្រង់​ទិស និង​គម្រោង​យេនឌ័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក គិត ម៉េង អគ្គ​នាយក​ក្រុមហ៊ុន Royal Group ជា​ក្រុមហ៊ុន​មេ​របស់ Mobitel។
លិខិត​នេះ​បាន​ស្នើ​សុំ​ថា​ក្រុមហ៊ុន «ត្រូវ​ពិចារណា​ឡើង​វិញ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ» ហើយ​មិន​ត្រូវ​ផ្សារ​ភ្ជាប់​រវាង «លទ្ធផល​ខក​ចិត្ត» និង​មនុស្ស​ខ្ទើយ​នោះ​ឡើយ។
លោក ស៊ីដារ៉ា បាន​ថ្លែង​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ទោះ​បី​ជា​សំដៅ​ដល់​យុវវ័យ​ក៏​ដោយ ក៏​មិន​ត្រូវ​ឆ្លុះ​បញ្ចាំង​តម្លៃ​របស់​មនុស្ស​វ័យ​ក្មេង​ទាក់​ទង​នឹង​ សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​សិទ្ធិ​របស់​មនុស្ស​ខ្ទើយ​នោះ​ឡើយ។
លោក​បាន​ទាមទារ និង​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ដក​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ចេញ​ ទាំង​ស្រុង ហើយ​ធានា​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​នា​ពេល​អនាគត​ត្រូវ​គោរព​សិទ្ធិ​មនុស្ស និង​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​រើស​អើង​ប្រឆាំង​នឹង​បុគ្គល​ណា​មួយ​នោះ​ទេ រួម​មាន​ប្រជាជន កម្ពុជា នៅ​ក្នុង​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។
លោក គិត ម៉េង មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​លិខិត​របស់​លោក ស៊ីដារ៉ា នៅ​ឡើយ​ទេ។
ភ្នំពេញ ប៉ុស្តិ៍ បាន​ទាក់​ទង​ទៅ​លោក គិត ម៉េង ប៉ុន្តែ​អ្នក​ដែល​អះអាង​ថា​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក​បាន​បដិសេធ​មិន​ ធ្វើ​អត្ថាធិប្បាយ។
លោក Ian Watson អគ្គ​នាយក​ក្រុមហ៊ុន Cellcard មិន​បាន​និយាយ​ថា​តើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ ​ក្រុមហ៊ុន Phibious ជា​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម និង​ទីផ្សារ​ក្នុង​ស្រុក​នឹង​ត្រូវ​ធ្វើ​ការ​កែប្រែ​ឬ​លុប​ចោល​នោះ​ទេ។ ប៉ុន្តែ​លោក​ថ្លែង​ថា ប្រតិបត្តិការ​សេវា​ទូរស័ព្ទ​ចល័ត​មិន​ដែល​គិត​ថា មាតិកា​នេះ​នឹង​ប្រមាថ​ដល់​នរណា​ម្នាក់​នោះ​ទេ។ លោក​និយាយ​ថា៖ «ក្រុមហ៊ុន Cellcard មិន​ដែល​គិត​ថា​ការ​ផ្សាយ​ពាណិជ្ជកម្ម​គឺជា​មធ្យោបាយ​ណា​មួយ​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​នោះ​ទេ​វា​បាន​ផ្សព្វ​ផ្សាយ​ដើម្បី​បង្ហាញ​ពី​គុណភាព​បណ្ដាញ​ ទូរស័ព្ទ​របស់​យើង​ដែល​ល្អ​និង​ឮ​ច្បាស់ គឺ​ប្រឆាំង​នឹង​ដៃគូ​ប្រកួត​ប្រជែង​យើង»។ លោក​បញ្ជាក់​ថា៖ «ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​របស់​យើង​បង្ហាញ​ថា សាធារណជន​ជា​ទូទៅ​បាន​យល់​ថា គឺជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​គួរ​ឲ្យ​អស់​សំណើច ដែល​មិន​មែន​ជា​ការ​ប្រមាថ​មើល​ងាយ​នោះ​ទេ»។
ក្រុមហ៊ុន Phibious ជា​ភ្នាក់ងារ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​បាន​បង្កើត​ការ​ផ្សាយ​ពាណិជ្ជកម្ម នេះ​ឡើង​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ៕ PB
______________
ប្រភពពីភ្នំពេញប៉ុស្តិ