ក្រឡាប់រថយន្ដ យីឌុប ដឹកឈើ សង្កត់កម្មករ ស្លាប់ ៣នាក់ របួស ធ្ងន់ ៥នាក់

3/05/2014 0 Comments A+ a-

- តំណាងក្រុមហ៊ុនឧកញ៉ាថៃ អះអាងថា រថយន្តយីឌុបក្រឡាប់នេះ ជារបស់យាយម៉ាប់
ក្រចេះ ៖ រថយន្ដប្រភេទយីឌុបដឹកឈើមួយគ្រឿង បានបែកកង់ក្រឡាប់ សង្កត់កម្មកររបស់ខ្លួន បណ្ដាលឱ្យស្លាប់ ៣ នាក់ និងរបួសធ្ងន់ ៥នាក់ កាលពីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ ៧ ត្រង់ចំណុចអូបែកពាង ឃុំ ស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ ។
សេចក្ដីរាយការណ៍ ពីមន្ដ្រីនគរបាលមូល ដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ នេះ គេបានឃើញរថយន្ដយីឌុបដឹកឈើធ្វើ ដំណើរតាមផ្លូវជាតិលេខ ៧ ទិសដៅចេញពីក្រុងក្រចេះ លុះដល់ចំណុចអូរបែកពាង ស្រាប់តែបែកកង់ ក្រឡាប់ធ្លាក់ផ្លូវបណ្ដាល ឱ្យឈើសង្កត់កម្មករ ដែលជិះពីលើរថយន្ដ ស្លាប់ ៣នាក់ និងរបួសធ្ងន់ ៥នាក់ ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបន្ដថា ក្រោយការសាកសួរ ពីមូលហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបាន កើតឡើង ដោយផ្ដើមចេញពីអ្នកបើក រថយន្ដងងុយដេកតាមផ្លូវ ហើយក៏ប្ដូរឱ្យព្រូ រថយន្ដបើកម្ដង លុះដល់ចំណុចកើតហេតុក៏ ជួបបញ្ហានេះតែម្ដងទៅ។ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅជួយអន្ដរាគមន៍ ភ្លាមៗដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បើតាមសមត្ថកិច្ច នៅកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តដឹកឈើខាងលើ ជារបស់លោកឧកញ៉ាថៃ។ តែការបញ្ជាក់នេះ ត្រូវបានមន្រ្តីក្រុមហ៊ុនឧកញ៉ាថៃ ចេញច្រានចោលភ្លាមៗថា មិនមែនជារបស់ក្រុមហ៊ុនខ្លួនទេ។
តំណាងក្រុមហ៊ុន ប៉ាស៊ីហ្វិក លោក ធី បានបញ្ជាក់ថា រថយន្តដែលក្រឡាប់នាព្រឹកមិញនេះ ជារបស់យាយម៉ាប់ នៅកំពង់ស្ពឺ។ តំណាងរូបនេះ បន្តបញ្ជាក់ថា រថយន្តមួយគ្រឿងនេះ ដឹកឈើចេញពីទីតាំងក្រុមហ៊ុននៅក្នុងខេត្តស្ទឹងត្រែង។
លោកបន្តថា ជនរងគ្រោះទាំងអស់ ដែលជាកម្មករនោះ ក៏សុទ្ធតែមានទីលំនៅក្នុងខេត្តកំពង់ស្ពឺផងដែរ៕