សមត្ថកិច្ច បន្ដស៊ើបអង្កេត ករណីចោរ ចូលលួចកោដិ និងព្រះបដិមា នៅក្នុងវត្ដ ឧណ្ណាលោម
ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ ក្រោយពីមានករណី ចោរកាត់ ចង្រឹងបង្អួចព្រះវិហារ ចូលទៅលួចកោដិ និងព្រះបដិមាមួយចំនួន នៅក្នុងវត្ដឧណ្ណា លោមរួចមក នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៤ នេះ កម្លាំងនគរបាលមកពីក្រសួង មហាផ្ទៃ កម្លាំងនគរបាលព្រហ្មទណ្ឌរាជ ធានីភ្នំពេញ និងមានការចូលរួមពីកម្លាំង នគរបាលខណ្ឌដូនពេញ ដឹកនាំដោយមន្ដ្រី តុលាការបាន និងកំពុងបន្ដស៊ើបអង្កេត ករណីខាងលើ ដើម្បីតាមចាប់ជនសង្ស័យ ពិតប្រាកដ ដែលធ្វើសកម្មភាព ។
យោងតាមមន្ដ្រីនគរបាលមួយរូប ដែល ចូលរួមនៅក្នុងប្រតិបត្ដិការខាងលើនេះ បាន និយាយថា ក្រោយពីទទួលបានព័ត៌មានចោរ ចូលលួចកោដិ និងព្រះបដិមាមានតម្លៃមួយ ចំនួនរួចមក សមត្ថកិច្ចបានសាកសួរកូន សិស្សលោក និងសាកសួរព្រះសង្ឃនៅក្នុង វត្ដឧណ្ណាលោម ដើម្បីស្វែងរកព័ត៌មានបន្ថែម ឈានទៅដល់ការចាប់ខ្លួនជន សង្ស័យដែលធ្វើសកម្មភាព ដ៏ខ្មៅកខ្វក់មួយ នេះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ មាន ករណីចោរចូលលួចកោដិ និងព្រះបដិមានៅ ក្នុងវត្ដឧណ្ណាលោម នៅកុដិលេខ ៣ ដែល ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ព្រះចៅអធិការវត្ដព្រះនាមពឿន សឿន ព្រះជន្ម ៣៣ព្រះវស្សា ស្នាក់នៅកុដិលេខ៣ ក្នុងវត្ដឧណ្ណាលោម បានមានសង្ឃដីកាថា កោដិ និងព្រះបដិមាមួយចំនួនដែលត្រូវជន មិនស្គាល់មុខចូលលួច តាមរយៈកាត់ចង្រឹង បង្អួចព្រះវិហារនោះរួមមាន កោដិដាក់ធាតុ ចំនួន១ ធ្វើអំពីស្ពាន់ កោដិមានអធិធាតុ មួយចំនួន ក្រឡធ្វើអំពីប្រាក់ចំនួន១ និងរូប ព្រះបដិមាស្រោបមាស ចំនួន ៥អង្គ ដោយ ក្នុងមួយអង្គមានតម្លៃ ២ដំឡឹង ភ្លុកដំរី១គូ ប្រវែង ៨តឹក ទម្ងន់ប្រហែល ១០គីឡូ ក្រាម ។ យ៉ាងណាក៏ដោយព័ត៌មានលំអិត នៃការស៊ើបអង្កេត របស់កម្លាំងនសមត្ថកិច្ច តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ក្រសួងមិន ទាន់ទទួលបានការបញ្ជាក់ជាផ្លូវការនៅ ឡើយទេ ចំពោះករណីចូលលួចរបស់មាន តម្លៃនៅក្នុងវត្ដឧណ្ណាលោម ទីដែលសម្ដេច ព្រះសង្ឃរាជ ទេព វង្ស គង់នៅទីនោះ ៕
Read more: http://www.cambodiapage.info/?p=19093#ixzz2vj5H9VAU