ទាស់ជាមួយប្តីរឿងដាំបាយ លេបថ្នាំសម្លាប់ខ្លួន
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ស្ត្រីដែលលេថ្នាំបញ្ចប់ជីវិតព្រោះទំនាស់គ្នាជាមួយប្តីនោះឈ្មោះហែម ហ៊ៀវ អាយុ៤៨ ឆ្នាំ មុខរបរកសិករ និងស៊ីឈ្នួល គេមានប្តីឈ្មោះ ម៉ម ប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករនិងស៊ីឈ្នួល បច្ចុប្បន្នស្នាក់នៅក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ។
ប្រភពដដែលបានបន្តថា ស្ត្រីរងគ្រោះបានផឹកថ្នាំបាញ់សម្លាប់ក្រាអស់ចំនួនកន្លះដបទំហំប៉ុន.កដៃក្មេង ។ ក្រោយពីផឹកថ្នាំរួចមកបុរសជាប្តី និងអ្នកជិតខាងបាននាំគ្នាជួយដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯមដែរ តែជាអកុសល់ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះក៍បានដាច់ខ្យល់ស្លាប់តែម្តង ។
បុរសជាប្តីស្ត្រីរងគ្រោះឈ្មោះ ម៉ម ប្រុស បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ រូបគាត់ និងប្រពន្ធ(ជនរងគ្រោះ) បាននាំគ្នាទៅស៊ីឈ្នួលច្រូតស្រូវអោយឈ្មោះវ៉េង នៅក្នុងភូមិជាមួយគ្នា រហូតដល់វេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ក៍បាននាំគ្នាត្រឡប់មកផ្ទះវិញ ដើម្បីឈប់សម្រាកហូបបាយ ។
ប្តីស្ត្រីរងគ្រោះបានបន្តថា ពេលមកដល់ខ្លួនបានប្រើប្រពន្ធឲ្យដាំបាយហូប តែនៅគ្រានោះប្រពន្ធមិនព្រមដាំ ដោយសម្អាងថា ហូបបាយកកនៅសល់ពីល្ងាច ខណៈនោះខ្លួនក៏បានប្រាប់ទៅប្រពន្ធវិញថាបាយកកនោះវាផ្អូមអស់ហើយ ។ប្តីស្ត្រីរងគ្រោះបានបន្តទៀតថា បើទោះបីជាខ្លួនបានប្រាប់ថា បាយផ្អូមយ៉ាងណាក្តីប្រពន្ធនៅតែមិនព្រមដាំបាយ រហូតកើតមានទំនាស់ពាក្យសំដីគ្នាមួយប្រាវ ហើយប្រពន្ធរបស់ខ្លួនក៍រត់ចុះពីលើផ្ទះ បាត់ទៅ ។
លោក ម៉ម ប្រុស បានបញ្ជាក់ថា ក្រោយពីបានបាត់ប្រពន្ធមួយសន្ទុះរូបគាត់ក៍បានតាមរក ខណៈនោះបានប្រទះឃើញប្រពន្ធដេកបែកពពុះមាត់នៅក្រោមផ្ទះក្បែរដបថ្នាំបាញ់សម្លាប់សត្វក្រា បង្កឲ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាមកជួយដឹកយកទៅមន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចនគរបាលជំនាញបានចុះ ត្រួតពិនិត្យកោសល្យវិច័យទៅលើសាកសពស្ត្រីរងគ្រោះនោះបានបញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយសារពុលថ្នាំក្រោយពីពិនិត្យរួច បានប្រគល់សាកសពទៅឲ្យបុរសជាប្តី ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
______________