ជនប្រមឹកយកកាំបិតខ្វែវ គំរាមកាប់កូនជំទាវម្នាក់ទារ ប្រាក់១០ម៉ឺនបាតសង្ស័យត្រូវបាន សមត្ថកិច្ចចោមរោម វាយបែកក្បាល
ខេត្ដបន្ទាយមានជ័យ ៖ ជនប្រមឹកម្នាក់ដែលផឹកមិនលស់ថ្ងៃបានយកកាំបិតខ្វែវគំរាមរកកាប់កូនស្រីជំទាវម្នាក់ ដោយទារយកប្រាក់ចំនួន១០ម៉ឺនបាតមិនបានសម្រេចក៏កាប់ដៃនាងធ្វើឱ្យរងរបួស ត្រូវបានប្រជាពលរដ្ឋនៅទីនោះចាប់វាយ១ដៃ១ជើងម្នាក់រួចហើយប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាាមច្បាប់កាលពីម៉ោង១២ថ្ងៃត្រង់ ទី១២ ខែមីនា ឆ្នាំ២០១៤ ឋិតនៅភូមិចំបក់ ឃុំស្លក្រាម ស្រុកស្វាយ ចេក ខេត្ដបន្ទាយមានជ័យ ។
លោកជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេកបាននិយាយថា ជនរង គ្រោះឈ្មោះ តែ ដៃណា អាយុ១៩ឆ្នាំ រស់ នៅភូមិចំបក់ ឃុំស្លក្រាម ស្រុកស្វាយ ចេក ខេត្ដបន្ទាយមានជ័យត្រូវជាកូន ស្រីរបស់លោកជំទាវចក់ ពួក ។ ចំណែក ជនសង្ស័យមានឈ្មោះចងយ៉ុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើ ។
លោកបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានយកលុយទៅបើកឱ្យកម្មករ ពេលនោះជនសង្ស័យដែលស្រវឹងស្រា ជោកជាំនិងមានដបស្រាកាំបិតខ្វែវក្នុង ដៃពេលជួបជនរងគ្រោះបុរសប្រមឹករូបនេះបានគំរាមសម្លុតយកលុយ១០ម៉ឺន បាតបើមិនឱ្យទេគេនឹងកាប់ចោល ។ ខណៈ នោះជនរងគ្រោះបាននិយាយប្រាប់ថា មានលុយ១០ម៉ឺនបាតមកពីណាឱ្យពូឯង បើត្រឹម១មឺនរៀលទៅ២ម៉ឺនរៀលខ្ញុំឱ្យទិញស្រាផឹក ។ គ្រាន់តែនិយាយចប់ជន ប្រមឹករូបនេះបានកាប់ជនរងគ្រោះឱ្យរងរបួសកដៃខាងស្ដាំស្របពេលដែលកំពុងធ្វើសកម្មភាពហិង្សានោះប្រជាពលរដ្ឋ នៅកន្លែងកើតហេតុឃើញក៏ចោមរោម វាយបណ្ដាលឱ្យរងរបូសបែកក្បាល ទើបបញ្ជូនទៅឱ្យសមត្ថកិច្ច ។ ជនសង្ស័យត្រូវ បានសមត្ថកិច្ចនគរបាលស្រុកសាកសួរ ធ្វើកំណត់ហេតុបញ្ជូនទៅស្នងការដ្ឋានដើម្បីចាត់ការបន្ដ ៕