លីលី ត្រៀមចេញ​ទៅកើប​ប្រាក់ នៅអូស្ត្រាលី​លើក​ដំបូង

3/27/2014 0 Comments A+ a-

ភ្នំពេញ៖ ស្រីស្អាតរូបស្រស់ កំពុងតែមានប្រជាប្រិយភាព ក្នុងការថតឈុតខារ៉ាអូខេ កញ្ញា លីលី បានបង្ហើបឲ្យដឹងថា នៅពេលនេះ ក្រៅពីការងារសិល្បៈក្នុងស្រុក នាងក៏មានការមមាញឹក ក្នុងការត្រៀមឯកសារ ចេញទៅសម្តែងនៅក្រៅប្រទេស ក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយការចេញទៅ សម្តែងនៅអូស្ត្រាលី គឺជាឱកាសលើកដំបូង សម្រាប់នាងក្នុងអំឡុង ពេលនាងប្រឡូកក្នុងសិល្បៈ ។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ តារារូបស្រស់វ័យក្មេង សាច់សរម៉ដ្ឋរលោង កញ្ញា លីលី បានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ខែចុងក្រោយនេះ សន្ទុះការងាររបស់នាង មានភាពរីកចម្រើនច្រើនទ្វេដងខុសពីមុន។ នៅក្នុងពេលខ្លីៗខាងមុខនេះ នាងក៏ត្រៀមខ្លួនចេញទៅ សម្តែងនៅអូស្ត្រាលី ដោយរួមដំណើរជាមួយ អ្នកសិល្បៈមួយចំនួន ។
កញ្ញា លីលី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នេះជាលើកទី១ហើយ ដែលនាងមានឱកាស បានចេញទៅសម្តែង នៅអូស្ត្រាលី ព្រោះថា កន្លងមកនាងមិនដែល ទទួលយកការអញ្ជើញពី Sponsor ណាមួយទេ ដោយសារតែនាងមិនមានភាពក្លាហាន ក្នុងការចេញទៅឆ្ងាយ ហើយគ្រួសារក៏មិនហ៊ានឲ្យនាងចេញទៅឆ្ងាយ រយៈពេលយូររាប់ខែដែរ ។
ស្រីស្អាតរាងខ្ពស់ស្រឡះ ស្រឡូនតូចច្រឡឹងរូបនេះ បានប្រាប់ទៀតថា "ឯកសារខ្ញុំបានរៀបចំរួចរាល់អស់ហើយ ដោយការចេញទៅសម្តែងនេះ ។ តែនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ចេញទៅថ្ងៃណាប្រាកដទេ បើតាមខ្ញុំដឹងការចេញទៅនេះ ទំនងជារួមដំណើរជាមួយ នាយក្រិន ,អ្នកនាង សំ ប៉ូលីដា រួមជាមួយតារាមួយចំនួនទៀត ។ ខ្ញុំសង្ឃឹមថា ការចេញទៅសម្តែងលើកនេះ អាចធ្វើឲ្យខ្ញុំមានឱកាស ទទួលបានបទពិសោធន៍ និងការគាំទ្រកាន់តែច្រើន ថែមមួយកម្រិតទៀត "៕