ក្មេងប្រុសដេកឱបសព ឪពុកស្លាប់ពីរបីថ្ងៃហើយ គ្មានអ្នកណាដឹង
កំពតៈ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ខណៈកុមារាវ័យ ៤ឆ្នាំម្នាក់ ដេកឱបសពឪពុកខ្លួន ដែលមិនដឹងជាស្លាប់តាំងពីពេលណា រហូតដល់ព្រឹកថ្ងៃទី ១១ មីនានេះ ទើបអ្នកជិតខាងផ្អើលនាំគ្នាមកចោមរោមមើល។
លោក ប៉េង ឆាយ មេឃុំ ម៉ាកប្រាង្គ បានឲ្យដឹងថា បុរសឈ្មោះ ម៉ាប់ អាយុ ៥៧ឆ្នាំ បានស្លាប់ដោយគ្មានអ្នករស់នៅជិតខាងណាម្នាក់បានដឹងឡើយ រហូតដល់ព្រឹកថ្ងៃអង្គារ ទើបអ្នកភូមិស្នំប្រាប់ពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដឹងនិងនាំគ្នាទៅចោមរោមមើល ខណៈកូនប្រុសវ័យ ៤ឆ្នាំ ទៅប្រាប់អ្នកភូមិថា ឪពុកគេដេក ២ទៅ ៣ថ្ងៃហើយ មិនព្រមងើបទាល់តែសោះ។
លោកបន្តថា អ្វីដែលធ្វើឲ្យអ្នកភូមិសង្ស័យត្រង់ថា ក្មេងប្រុសនេះធំក្លិនស្អុយខុសធម្មតា ហេតុដូច្នេះទើបអ្នកភូមិនាំគ្នាទៅមើល ក៏ឃើញឈ្មោះ ម៉ាប់ នេះមិនដឹងជាស្លាប់តាំងពីពេលណាមកទេ ព្រោះនៅព្រឹកថ្ងៃអង្គារ សពធំក្លិនស្អុយហើមទៅហើយ។
លោកមេឃុំបញ្ជាក់ថា៖«បើតាមលទ្ធផលពិនិត្យសាកសព សមត្ថកិច្ចរកមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ទេ ប៉ុន្តែ ក្រសាលគូទសពជនរងគ្រោះលៀនចេញនិងមានហូរឈាមច្រើនផងដែរ ដូច្នេះការសន្និដ្ឋានដំបូង ការស្លាប់គឺអាចមកពីគាត់មានជំងឺប្រចាំកាយ»។
លោក សឹង ឃីម នាយប៉ុស្តិ៍ម៉ាកប្រាង្គប្រាប់ឲ្យដឹងថា សាកសពត្រូវសាច់ញាតិនិងក្រុមគ្រួសាររៀបចំពិធីបូជាកាលពីព្រឹកថ្ងៃអង្គារ ហើយមូលហេតុនៃការស្លាប់ គឺមកពីគាត់រើជំងឺឫសដូងបាត ព្រោះប៉ុន្មានថ្ងៃមុននេះគាត់បានផឹកស្រាសជាមួយនិងសាច់ញាតិក្នុងពិធីមង្គលការកូនស្រីគាត់។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ប្រហែលជា ២យប់ ២ថ្ងៃហើយ តែគ្មានអ្នកណាដឹង ហើយក៏មិនពាក់ព័ន្ធនិងរឿងឃាតកម្មដែរ៕
__________________