ជីម៉ាក​ស្នើ​ឲ្យ មឿន តុលា បំភ្លឺ​​ករណី​រោងចក្រ​បង្ខាំង ​កម្មករ​ឲ្យ​ថែម​ម៉ោង

3/01/2014 0 Comments A+ a-

បន្ទាប់ពី លោក មឿន តុលា ផ្តល់បទសម្ភាសដល់អ្នកសាព័ត៌មាន ស្ដីអំពីរោងចក្រ បានចាក់សោរទ្វាររោងចក្រ​មិន​អោយ​​កម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង សមាគមរោងចក្រកាត់ដេរកម្ពុជា​បានចេញលិខិត​មួយ​ដើម្បីអោយ មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញភស្តុតាងពីបញ្ហាដែលបានលើកឡើង។ ចំពោះករណីនេះ លោក​មឿន តុលា យល់​ថាសមាគមរោងចក្រកាត់ដេរ​កម្ពុជា គួរតែស្តាប់អោយល្អិនល្អន់មុននឹងចេញលិខិតបែបនេះ។

ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញ​លិខិតមួយ ស្នើទៅកាន់មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍អោយបំភ្លឺចំពោះការលើកឡើងរបស់លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលនេះ ដែលបានលើកឡើងកន្លងមក ថារោងចក្រ​បានចាក់​សោរទ្វារ​រោងចក្រមិនអោយកម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង ហើយបានយកកម្លាំងនគរបាល និង​កងរាជអាវុធហត្ថ ដាក់ពង្រាយតាមរោងចក្រដើម្បីគម្រាមកម្មករ។
ការលើកឡើងរបស់ លោក មឿន តុលា ប្រាប់ដល់អ្នកសារព័ត៌មានខាងលើនេះ ត្រូវបានសមាគមរោងចក្រកាត់ដេរ​កម្ពុជា ចាត់ទុកថាជាការចោទប្រកាន់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរោងចក្រ សហគ្រាស​ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្តល់ការងារជាច្រើនដល់កម្មករ។
លិខិតដដែលនេះបានលើកផងដែរថា ការថ្លែងបែបនេះ សមាគមយល់ថាជាចេតនាដើម្បីញុះញង់ អោយកម្មករ​និយោជិកចូលរួមធ្វើបាតុកម្មនាពេលខាងមុខ ហើយក៏ជាចេនាដើម្បីបំផ្លាញនូវវិស័យឧស្សហកម្មរោងចក្រដេរ ដែល​កំពុងមានភាពចម្រូងចម្រាសស្រាប់ទៅហើយនេះ។
ឆ្លើយតបនឹងលិខិតរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា លោក មឿន តុលា បានធ្វើអត្ថាធិប្បាយ​អោយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដឹងថា ចំពោះបញ្ហាហ្នឹង លោក​បានផ្តល់បទសម្ភាសមួយដល់អ្នកសារព័ត៌មាន ដោយសារតែ​លោក​បានទទួលព័ត៌មានថា មានរោងចក្រមួយចំនួន​បានចាក់សោរមិនអោយកម្មករចេញ។ លោកថ្លែងបន្តយ៉ាងដូចច្នេះ​ទៀតថា «ខ្ញុំមិននិយាយចោទប្រកាន់អីទេ គ្រាន់​តែថាយើងបានទទួលព័ត៌មានថា មានរោងចក្រមួយចំនួន បាន​ចាក់​សោរទ្វារបង មិនអោយកម្មករចេញ​នៅពេល​ដែលកម្មករដល់ម៉ោងចេញ ដែលវាជារូបភាពមួយបង្ខំ​អោយកម្មករ​ធ្វើការ​ថែមម៉ោង»។
លោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ហើយមួយវិញទៀត នៅពេលដែលពួកខ្ញុំបានជិះឡាន ក្រវ៉ែលមើលនៅសួន​កាណាឌីយ៉ា ពួក​ខ្ញុំ​បានឃើញថា យ៉ាងហោចណាស់មានរោងចក្រមួយ នៅខាងមុខមានរបង មានចាក់សោរ ហើយ​មានកម្មករឈរ​ពី​ខាងក្នុង តែយើងមិនដឹងថាតើកម្មករគាត់រងចាំអ្នកចាក់សោរ ដើម្បីអោយចាក់អោយគាត់ចេញ​ឬ​យ៉ាងម៉េចនោះទេ តែពួកខ្ញុំមិនបានចូលសួរទេ ដោយសារមានការដាក់កម្លាំងយោធា និងប៉ូលិសនៅមុខរោងចក្រ»៕ប្រភព ពី monoroom.info
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ nita@monoroom.info ) -ភ្នំពេញ