ប្ដីដឹកប្រពន្ធទៅសម្រាល កូនឈឺពោះខ្លាំងពេកសម្រាល លើម៉ូតូបានកូនស្រី១
ហេតុការណ៍នេះបានធ្វើឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១១នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ នៅលើ កំណាត់ផ្លូវព្រះមុនីរ៉េតជិតមណ្ឌលសុខ ភាពស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ស្ដ្រីដែលសម្រាលកូននៅលើម៉ូតូ តាមដងផ្លូវនេះឈ្មោះ យ៉ា សុខនីន អាយុ ៣៥ឆ្នាំជាកម្មការិនីរោងចក្រ មានប្ដីឈ្មោះ វ៉ាន់ គ្រាន អាយុ៣៩ឆ្នាំ ស្នាក់នៅធ្វើ កម្មករក្នុងបុរីលឹមឈាងហាក់ ក្នុងខណ្ឌ ដង្កោ និងមានស្រុកកំណើតនៅភូមិថ្នល់ ទទឹង ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម មាន កូនប្រុសស្រី៥នាក់ក្នុងនោះប្រុស៣ស្រី២ ហើយកូនសម្រាលតាមផ្លូវនេះជាកូនទី៥ ភេទស្រី មានទម្ងន់ជាង២គីឡូក្រាម ។
លោកវ៉ាន់ គ្រាន បានរៀបរាប់ឱ្យដឹង ថា នៅម៉ោងជិត៦ព្រឹកប្រពន្ធរបស់គាត់ បានប្រាប់ថាឈឺពោះខ្លាំងណាស់ដែល សង្ស័យថាជិតសម្រាលកូនហើយ ។ ភ្លាមៗ នោះគាត់ជាប្ដីបានដឹកប្រពន្ធតាមម៉ូតូ ក្នុងបំណងឆ្ពោះទៅកាន់មណ្ឌលសុខភាពស្ទឹងមានជ័យតែខណៈជិះម៉ូតូជិត មកដល់ហើយក៏ស្រាប់តែប្រពន្ធគាត់ឈឺពោះ កាន់តែខ្លាំងឡើងៗហើយទ្រាំលែងបានក៏ សម្រាលកូនស្រីនៅលើម៉ូតូតែម្ដងទៅ ។
លោកវ៉ាន់ គ្រានបន្ដថា ពេលឃើញ ដូច្នេះបងប្អូនប្រជាពលរដ្ឋជិតកន្លែងកើតហេតុបានជួយជ្រោមជ្រែងផ្ដល់ សម្ភារ សម្រាប់ទារកខ្លះ និងបានលោកសេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យជួយឧបត្ថម្ភថវិកាជាច្រើននិងបានហៅ រថយន្ដសង្គ្រោះ របស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មកដឹកទៅកាន់មន្ទីរពេទ្យដើម្បីសម្រាក តាមសម្រួល ។
លោកវ៉ាន់ គ្រាន និងភរិយាបានថ្លែង អំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ជា ពិសេសលោកចៅសង្កាត់ស្ទឹងមានជ័យ ដែលបានជួយឧបត្ថម្ភថវិកាដល់គ្រួសារគាត់ដែលកំពុងខ្វះខាតនៅពេល សម្រាលកូននាពេលនេះ ៕
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត
