ករណីវាយ សម្លាប់ក្នុង រោងការ ជនដៃដល់ ជាកូនកម្លោះ ពេលនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

3/27/2014 0 Comments A+ a-

-ជនសង្ស័យ៩នាក់ ដែលឃាត់ដំបូង បានដោះលែងវិញហើយ
ភ្នំពេញ ៖ ករណីអំពើហឹង្សា រហូតបណ្តាល ឲ្យមានមនុស្សស្លាប់ និងរងរបួស កាលពីវេលា ម៉ោង ២១ យប់ថ្ងៃទី២៣ ខែមីនា ឆ្នា២០១៤ នៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រង់ចំណុចក្រុមហ៊ុន អេតចាយ ខេមហ្វ្លីគ្រុប នគរបាលព្រហ្មទណ្ឌ នៃអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក យឹម សុជាតិ អធិការខណ្ឌដង្កោ បានបើកការ ស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនដៃ ដល់បានម្នាក់ ខណៈដែលបក្ខពួកបួន នាក់ទៀតកំពុងរត់គេចខ្លួន។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡា ប៊ុនហេង ហៅ ចិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងធ្វើតុទូ មានទីលំនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយ ឡែកបក្ខពួកបួននាក់ បានគេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួន ។
លោក ហួ ម៉េងវ៉ាង នាយរងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ ប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ មានពិធីអាពាហ៍ ពិពាហ៍នៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ដោយមានភ្ញៀវប្រុសស្រីចូលរួមជាច្រើន ប៉ុន្តែក្រោយមក ស្រាប់តែកើតមានករណីហឹង្សាដេញវាយគ្នា រហូត បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវរត់ជាន់ជើងគ្នា ទើបកម្លាំងព្រហ្មទណ្ឌខណ្ឌ ដោយសហការ ជាមួយកម្លាំងប៉ុស្តិ៍ ដឹកនាំបញ្ជាផ្ទាល់ពីលោក យឹម សុជាតិ អធិការដ្ឋានខណ្ឌដង្កោ ចេញប្រតិបត្តិការចុះស្រាវជ្រាវ ដោយជំហ៊ានដំបូងឃាត់ បានមនុស្ស០៩នាក់ យកមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ។ ក្រោយពីធ្វើការសាកសួរក៏ទទួលបានព័ត៌មានជាក់លាក់ រហូតឈានទៅការឃាត់ខ្លួន ជនដៃដល់ម្នាក់ឈ្មោះ ឡា ប៊ុនហេង ហៅ ចិន (គឺជាកូនកម្លោះផ្ទាល់តែម្តង) និងមនុស្ស៤នាក់ ដែលពាក់ព័ន្ធ បានគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត។
លោកនាយរង ផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌដដែលប្រាប់ ថា នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡា ប៊ុនហេង បានឆ្លើយសារភាព កាលពីយប់កើតហេតុ គឺជាថ្ងៃរៀប អាពាហ៍ពិពាហ៍របស់គេ លុះដល់វេលាម៉ោង២១ យប់ ស្រាប់តែមាន គេស្រែករូបគេថា មានគេ វ៉ៃមិត្តភក្រ័របស់រូបគេ ពេលឮដូច្នោះរូបគេក៏រត់ទៅមើល ជាមួយមិត្តភក្រ័ម្នាក់ទៀត ដោយ មានកាន់ដំបងម្នាក់មួយៗ ពេលទៅដល់ខាងមុខ ក្រុមហ៊ុនអេតចាយ រូបគេបានរើសដុំថ្ម គប់ជញ្ជាំង ក្នុងបំណងឲ្យភាគីម្ចាងទៀត ចេញក្រៅវាយគ្នា។ ចំណែកបក្ខពួករូបគេពីរនាក់ទៀត បានសម្រុកចូលក្នុងក្រុមហ៊ុន ហើយបានដេញវាយកម្មករ ដែលស្នាក់នៅក្នុងរោងអេតចាយនោះ ធ្វើឲ្យជនរង គ្រោះភ័យរត់ចេញមកខាងក្រៅ ក៏ត្រូវពួកគេព្រួតគ្នាវាយនឹងដំបងឈើ ក៏ដូចជាបំពង់ទីប បណ្តាលឲ្យដួលផ្កាប់មុខដាច់ខ្យល់ស្លាប់តែម្តង ហើយម្នាក់ទៀត ក៏រងរបួសធ្ងន់ផងដែរ ។
លោក ហួ ម៉េងវ៉ាង ប្រាប់បន្តបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ឡា ប៊ុនហេង កំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំបន្ត ដោយឡែកបក្ខពួក៤នាក់ទៀត សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវតាមឃាត់ខ្លូន យកមកផ្តន្ទាទោសតាមនីតិវិធី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល