លោក​ហេង​ ឈាង​ ប្តឹង​ប្រធាន​សាលា​ឧទ្ធរណ៍​ពី​បទ ​«សម​គំនិត​ក្នុង​អំពើ​ក្លែង​ដោយ​អ្នក​ជំនាញ»

3/21/2014 0 Comments A+ a-


លោក​យូ​ ប៊ុន​ឡេង​ ប្រ​ធាន​តុលា​ការ​ឧទ្ធរណ៍ ដែល លោក ហេង ឈាងប្តឹង
លោក​យូ​ ប៊ុន​ឡេង​ ប្រ​ធាន​តុលា​ការ​ឧទ្ធរណ៍ ដែល លោក ហេង ឈាងប្តឹង
ភ្នំពេញៈ លោក​ហេង ឈាង​ អតីត​អគ្គ​នាយករង​ នៃ​ ក្រុម​អាន​កូប្រា​ដ័រ ​ដែល​ជាប់​​ចោទ​ពី​បទ​ «រំលោភ​សេចក្តី​ទុក​​ចិត្ត​ថ្នាក់​អភិបាល»​ និង​ សព្វ​ថ្ងៃ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ «ម១» នៃ​ក្រសួង​មហា​ផ្ទៃ​ បាន​ដាក់​ពាក្យ​បណ្តឹង​លោក​យូ​ ប៊ុន​ឡេង​ ប្រ​ធាន​តុលា​ការ​ឧទ្ធរណ៍ ពី​បទ​«សម​គំនិត​ក្នុង​អំពើ​ក្លែង​ដោយ​អ្នក​ជំនាញ» ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ការ​ដាក់​ពាក្យ​បណ្តឹង​របស់​លោក​ហេង ឈាង​ប្រឆាំង​នឹង​លោក​ចៅក្រម យូ ប៊ុនឡេង​ខាង​លើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់ ពី​គាត់(ហេង ឈាង) បាន​ដាក់​លិខិត​ចំនួ​ន៣ ច្បាប់ ដោយ​ឡែក​ពី​គ្នា កាល​ពី​ពេល​ថ្មីៗ​នេះ ទៅ​កាន់​លោក​ប្រធាន​សាលា​ឧទ្ទរណ៍ យូ ប៊ុនឡេង និង​ប្រធាន​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​ ដើម្បី​សុំ​ឲ្យ​ធ្វើ​មោឃ​ភាព​របាយ​ការណ៍​សវកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​សុំ​ឲ្យ​អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ   មេត្តា​ពិចារណា​ចាត់​ឲ្យ​មាន​ប្រតិ​កោសល្យ​វិច័យ ដើម្បី កែ​សម្រួល​របាយ​ការណ៍​សវនកម្ម លេខ ០៣០/១៣ អសជ/របក ចុះ​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ​២០១៣ ស្តីពី​ការ​ធ្វើ​បដិសវនកម្ម​លើ​របាយ​ការណ៍​សវនកម្ម​របស់ លោក កាក់ កី ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ ១០១៨ ចុះ​ថ្ងៃ​ទី ២៤ ខែ​ តុលា ឆ្នាំ ២០១២ របស់​សាលា​ឧទ្ធរណ៍ ក៏​ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ គេ​ពុំ​ឃើញ​មាន​ការ​ឆ្លើយតប ឬ ចំណាត់​ការ​ពី​អាជ្ញាធ​មាន​សមត្ថកិច្ច​ទាំង​ខាង​លើ​នេះ​នៅ​ឡើយ​ទេ។
ហើយ​ចំពោះ​ករណី​ខាង​លើ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី ៣ ខែ មករា ២០១៤ លោក​ហេង ឈាង ក៏​បាន​ដាក់​ពាក្យ​បណ្តឹង ប្រឆាំង​ នឹង​លោក​ស្រី សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរសវន​កម្មជាតិ លោក ធុច បញ្ច​កំពូល លោក ស ពិសិដ្ឋ និង​កញ្ញា គង់លក្ខិណា​ ជា​មន្ត្រី​នៃ​អាជ្ញាធរសវន​កម្ម​ជាតិ ពី​បទ «ក្លែង​ដោយ​អ្នក​ជំនាញ» និង​ប្តឹង​លោកចៅ​ក្រម ចាយ ច័ន្ទតារាវណ្ណ លោក​តាំង ស៊ុនឡាយ និង​ លោក អ៊ុំ សារិទ្ធ និង​គូកន ពីបទ​«ផ្សំ​គំនិត​ក្លែង​ដោយ​អ្នក​​ជំនាញ»​តាម​មាត្រា ២៩ និង ​៥៥១ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​មាត្រា​២៨ ច្បាប់​ស្តី​សវនកម្ម នៃ ព្រះរាជណា​ចក្រ​កម្ពុជា ទៅ​កាន់​សាសា​ដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ។ ទន្ទឹម​នឹង​គ្នា កាល​ពី​ថ្ងៃ​ទី ២៤ ខែ មករា ២០១៤ កន្លង​ទៅ​នេះ លោកហេង ឈាង ក៏បានដាក់​ពាក្យ​បណ្តឹង​​លោក​យូ​ ប៊ុន​ឡេង​ និង​ ចៅ​ក្រម​ចំនួន​៣​រូប​ផ្សេង​ទៀត​ រួម​មាន​៖​ លោក​ចាយ​ ច័ន្ទ​តា​រា​វណ្ណ​ លោក​តាំង​ ស៊ុន​ឡាយ​ និង​ លោក​អ៊ុំ​ សារិទ្ធ​ទៅ​កាន់​ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង ជា​ប្រធាន​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម ពី​ករណី​ដែល​ចៅក្រម​ទាំង​៤​រូប​នេះ​ បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ច្បាប់ និង​អយុត្តិធម៌​មក​លើ​រូប​គាត់​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ ១០១៨ ចុះ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១២ របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ផង​ដែរ។
លិខិត​របស់​លោក​ហេង ឈាង​ប្តឹង​ប្រធាន​សាលា​ឧទ្ទរណ៍​មាន​ខ្លឹ​មសារ​ទាំង​ស្រុង ដូច​ខាង​ក្រោម​នេះ៖
hch-1 hch-2 hch-3
____________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍