មាន​ទាំង​រឿងល្អ និង​រឿងអាក្រក់​កើត​ក្រោយ Champions ជើងទី១

2/27/2014 0 Comments A+ a-

ក្រុងឡុងដ៍ៈ ឆ្លងកាត់ការប្រកួត ជម្រុះក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៣-២០១៤ រយៈពេល២សប្តាហ៍មកនេះ បានរកឃើញជាបណ្តើរៗហើយ ដោយមានក្រុមខ្លះអបអរ និងក្រុមខ្លះទៀតទឹកភ្នែក ។
ទាក់ទងទៅនឹងករណីទាំងនេះ គេហទំព័រកំសាន្ត Looking TODAY សូមធ្វើការវិភាគត្រួសៗ សម្រាប់ក្រុមដែលអាច ឈ្នះកៅអីទៅវគ្គ៨ ក្រុមចុងក្រោយ(Quarters Final) និងក្រុមខ្លះទៀតនោះមិនអាចឆ្លងផុតពី រណ្តៅមរណៈវគ្គ១៦ក្រុម នោះមានបន្តបន្ទាប់ដូចខាងក្រោមៈ
សម្រាប់៤ក្រុមខ្លាំងប្រចាំ ចក្រភពអង់គ្លេសមាន Manchester City, Arsenal, Manchester United និង Chelsea ដូចជាមិនសូវទទួលបាន លទ្ធផលសមប្រកប ទាល់តែសោះក្នុង វគ្គ១៦ក្រុមក្នុងជើងទី១ ដោយបានបរាជ័យ៣ក្រុម ខណៈ ដែលតោខៀវ Chelsea ទប់បាន ១-១ នៅក្រៅផ្ទះជាមួយ Galatasaray របស់តួគីយប់មិញ ។ អាចនិយាយបានថា Chelsea មានសង្ឃឹមច្រើនក្នុង ការឈ្នះកៅអីទៅវគ្គ៨ក្រុម ដោយសំអាងថា Galatasaray ក្រុមរបស់លោក Roberto Mancini បានរបូតក្នុងផ្ទះ១គ្រាប់បាត់ទៅ ហើយនៅនាទីទី៩ ដោយខ្សែប្រយុទ្ធ Fernando Torres ។
ស្របពេលជាមួយគ្នា នេះដែរក្រុមរបស់ David Moyes បិសាចក្រហម Man United គឺជាក្រុមដែលអាចសង្ឃឹមថាឡើង ដែរ ព្រោះអីលេងនៅ Old Trafford នារាត្រីថ្ងៃ១៩ មីនាខាងមុខនេះច្បាស់ជា ជាន់ដាច់កជើងកចោលហើយ ខណៈដែលក្រុមភ្ញៀវ Olympiakos អាចលេងតាមទម្រង់បិទ បន្ទាប់ពីលុត Man Utd ២-០ ក្នុងទឹកដីហើយនោះ ។ តែយ៉ាង ណាក៏ដោយ Man Utd មិនប្រាកដថា ទប់ជាប់នោះដែរ ព្រោះក្នុងផ្ទះធ្លាប់ចាញ់ Stoke City ១-២ ក្នុង Premier League តែទប់បាន ០-០ ជាមួយក្រុមភ្ញៀវ Chelsea ទៅវិញ ។
បើក្រឡេកទៅមើលក្រុមដែល កំពុងយ៉ាប់ក្នុងទឹកដីខ្លួនឯង ដោយលទ្ធផល ០-២ដូចគ្នា Man City និង Arsenal វិញនោះ ច្បាស់ជាគ្មានផ្លូវនោះទេ ព្រោះអីក្នុងផ្ទះខ្លួនឯង មិនអាចរកបាន សូម្បីតែមួយគ្រាប់ ថែមទាំងរបូត២គ្រាប់ផងដែរ ចុះទំរាំ ទៅគេវិញ វាជាការលំបាកបំផុត ស្របពេលដែលក្រុម FC Barcelona របស់អេស្ប៉ាញ និងក្រុមការពារតំណែង Bayern Munich របស់អាល្លឺម៉ង់ រឹងខ្លាំងណាស់ក្នុងទឹកដី ។
ដោយឡែកសម្រាប់ក្លឹបលេខ១ របស់ប្រទេសបារាំង Paris Saint-Germain(PSG)ក៏សង្ឃឹមថា នឹងបានឡើងទៅវគ្គ៨ ក្រុមផងដែរ បន្ទាប់ពីបានលុតក្រុមម្ចាស់ផ្ទះ Bayer Leverkusen របស់អាល្លឺម៉ង់មិនឲ្យត ដៃរួចជាមួយនឹងលទ្ធផល បច្ចេកទេស ៤-០ ក្នុងជើងទី១ ។ ដូច្នេះកៅអីនេះវាងាយ នឹងទទួលបានណាស់ សម្រាប់ក្រុមរបស់លោក Laurent Blanc ។ ដូចគ្នានេះក្រុមស្តេចស Real Madrid ក៏សង្ឃឹម ១០០% ថានឹងឡើងផងដែរ បន្ទាប់ពីបានបំបាក់ក្រុមអាល្លឺ ម៉ង់ Schalke 04 ៦-១យប់មិញ ខណៈក្រុម Atletico Madrid កំពុងស្ថិតក្នុង ភាពស្រពិចស្រពិល បើទោះបីជាឈ្នះ AC Milan ១-០ ទាំងប្រផិតប្រផើយទាំង៣ ក្រុមខ្លាំងមាន Barcelona, Real Madrid និង At. Madrid ដែលបានឡើងមក វគ្គ១៦ក្រុមចុងក្រោយនេះក៏ដោយ ។ យ៉ាងណាមិញសម្រាប់ ក្រុមជើងឯករងរដូវកាលមុន Borussia Dortmund របស់អាល្លឺម៉ង់ក៏មាន ឱកាសឡើងទៅវគ្គ ៨ក្រុមផងដែរ បន្ទាប់ពីបានយក ឈ្នះក្រុមម្ចាស់ផ្ទះរុស្ស៊ី Zenit Petersburg ៤-២កាលពីយប់ម្សិលមិញ ។
សរុបសេចក្តីមក សម្រាប់វគ្គ៨ក្រុមចុងក្រោយ អាចមានក្រុម Man Utd និង Chelsea របស់អង់គ្លេស, Barcelona, Real Madrid និង Atletico Madrid របស់អេស្ប៉ាញ, Paris Saint-Germain របស់បារាំង និងក្រុម Bayern Munich, Borussia Dortmund របស់អាល្លឺម៉ង់ បន្ទាប់ពីជើងទី២នឹងត្រូវ បានធ្វើឡើងជាបន្ត ទៀតចាប់ពីថ្ងៃទី១១ ខែមីនាខាងមុខ ។ តែយ៉ាងណាក៏ដោយ ការទាយទុកមុននេះ មិនបា្រកដថាត្រឹមត្រូវ ១០០%នោះទេ ព្រោះអីបាល់មូល លទ្ធផលអាចប្រែ ប្រួលបានគ្រប់ពេលវេលា និងទីកន្លែង ហើយក៏មិនប្រាកដថា ក្រុមខ្លាំងឈ្នះតែរហូតនោះដែរ ៕