ឡាន​ទួរីស​១៥​កៅអី បុក​ឡាន​នីសា​ន់​មួយ​បាំង​កន្លះ ឆេះ​ខ្ទេច របួស​៤​នាក់​

2/10/2014 0 Comments A+ a-

ប៉ៃលិន:  ឡាន​នីសា​ន់​មួយ​បាំង​កន្លះ​មួយគ្រឿង ឆេះ​ខ្ទេច ដោយសារ​ឡាន​ទួរីស​១៥​កៅអី ដឹក​ខោ​
​អាវ​ដើរ​លក់​មួយគ្រឿង បុក​ចំ​ពីមុខ​ខាងស្ដាំ​ដៃ ក្នុងទិសដៅ​បញ្ច្រាស​គ្នា  បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ស្រាល មនុស្ស​ប្រុស​ស្រី ៤​នាក់ ទាំងសងខាង​។
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ធ្វើ​ឲ្យ​ផ្អើល​ដល់​ប៉ូលិស​ពន្លត់​អគ្គិភ័យ ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។​
​លោក​ហ៊ីង យ៉ាន់ នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​បង្កហេតុ គឺ​ឡាន​ទួរីស ពណ៌​ស ដឹក​ខោអាវ​ដើរ​លក់ បើកចូលទៅ​ចំណែក​ខាងស្ដាំ​របស់​ឡាន​នីសា​ន់​មួយ​បាំង​កន្លះ បុក​ចំ​ពីមុខ​។​
​លោក​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រុស ស្រី​៤ នាក់ ដែល​រងរបួស ទី​១- ឈ្មោះ​សាន់ នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​ជា​អ្នកបើកបរ​)​រងរបួស​ស្រាល​, ទី​២- ឈ្មោះ​សាន់ ផល្លី ភេទ​ស្រី អាយុ​២២​ឆ្នាំ រង​បួស​បាក់​ភ្លៅ​ខាងស្ដាំ​(​អង្គុយ​ជាប់​អ្នកបើកបរ​),​ទី​៣- ឈ្មោះ​ម៉ាត់ យ៉ៃ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រងរបួស​ស្រាល​(​អង្គុយ​ខាងស្ដាំ​)​។ ទាំងបី​នាក់​នេះ រស់នៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ជិះឡាន​ដឹក​ខោអាវ​ម៉ាក​សាំ​យ៉ុង ទួរីស​១៥ កៅអី ពណ៌​ស​។
​ចំណែក​អ្នកបើកបរ​ឡាន​នីសា​ន់ មួយ​បាំង​កន្លះ ដែល​ឆេះ​នោះ ឈ្មោះ​ពេជ្រ  ថោង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រងរបួស​បាក់ជើង​ស្ដាំ​ម្ខាង​។​
​ស្ត្រី​ឈ្មោះ​ម៉ាត់ យ៉ៃ អាយុ​៥៧​ឆ្នាំ រងរបួស​ស្រាល ដែល​ជិះឡាន​សាំ​យ៉ុង ដឹក​ខោអាវ បាន​និយាយថា នៅពេល​ឡាន​ដែល​គាត់​ជិះ បាន​បើក​ពី​ស្រុក​កំរៀង ឆ្ពោះទៅ​ស្រុក​កំពង់ហ្លួង​វិញ​នោះ​
​ពេល​បើក​មកដល់​ចំណុចកើតហេតុ បានឃើញ​ឡាន​នីសា​ន់​មួយ​បាំង​កន្លះ មួយគ្រឿង បើកបរ​មកពី​មុខ ហើយ​បើក​រេ​ពេញ​ផ្លូវ មិនដឹង​ឆ្វេង​ស្ដាំ​ទេ​។ ពេលនោះ កូនប្រុស​គាត់ ជា​អ្នកបើកបរ បាន​បើកឡាន​គេច​ពី ឡាន​នីសា​ន់​មួយ​បាំង​កន្លះ ដែល​ចូលមក​ចំណែក​ខាងស្ដាំ​ដៃ (​ឡាន​ទួរីស​) ទៅខាង​ឆ្វេង ស្រាប់តែ​បុក​គ្នា​ចំ​ពីមុខ​ចំហៀង​ខាងស្ដាំ​ឡាន​ទួរីស ហើយ​ឡាន​នីសា​ន់ ជ្រុល​ទៅខាង​ឆ្វេង​ដៃ​ឆេះ​តែម្ដង​។​
​    ​
​លោក​ហ៊ីង យ៉ាន់ បាន​បញ្ជាក់ថា ក្រោយ​ហេតុការណ៍​ភ្លើង​ឆេះ​ឡាន​នីសា​ន់ ឡាន​ពន្លត់​អគ្គិភ័យ​ប៉ូលិស​ខេត្ត​ប៉ៃលិន ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​បាន​ទាន់ពេលវេលា​។​
​កម្លាំង​ប៉ូលិស​ចរាចរណ៍​ខេត្ត​ប៉ៃលិន បាន​ចុះទៅ​វាស់វែង រកឃើញថា ឡាន​ទួរីស​ដឹក​ខោអាវ​ដើរ​លក់ បើក​មកពី​ទិស​ខាង​ស្រុក​សាលា​ក្រៅ ចូលទៅ​ចំណែក​ខាងស្ដាំ​ដៃ​របស់​ឡាន​នីសា​ន់​មួយ​បាំង​កន្លះ បុក​ចំ​ពីមុខ​ខ្ទាត​ចេញមក​ចំណែក​ខាងឆ្វេង បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច​តែម្ដង​។
​    ​
​លោក​បាន​បន្តថា​ក្រោយ​ហេតុការណ៍​នេះ កម្លាំង​ប៉ូលិស​បាន​ដឹកនាំ​អ្នករងរបួស មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន គឺមាន​អ្នកបើកបរ​ឡាន​នីសា​ន់​មួយ​បាំង​កន្លះ​បាក់ជើង​ខាងស្ដាំ​ម្ខាង ហើយ​ស្ត្រី​ម្នាក់​ដែល​ជិះ​ក្នុង​ឡាន​ទួរីស​១៥​កៅអី បាក់​ភ្លៅ​ខាងស្ដាំ​ម្ខាង និង​ប្រុស​ម្នាក់​ដែល​បើកបរ​ឡាន​ទួរីស រងរបួស​ស្រាល និង​ម្ដាយ​អាយុ​៥៧​ឆ្នាំ​ម្នាក់​របួសស្រាល​។ ចំណែក​អ្នករបួស​បាក់​ភ្លៅ​បាក់ជើង ក្រុមគ្រូពេទ្យ​បាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ ខេត្តបាត់ដំបង​បន្ត​ទៀតហើយ​។​
​    ​
​មធ្យោបាយ​ទាំង​២​គ្រឿង ប៉ូលិស​បាន​ដឹក​អូស​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕V/L





ប្រភពពី CEN