សុះ ម៉ាច បង្ហាញជំហរ ស្វែងរកយុត្តិធម៌ ឲ្យតារាចម្រៀង អូ រស្មី

2/27/2014 0 Comments A+ a-

ភ្នំពេញ: ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា នឹង​ស្វែងរក​យុត្តិធម៌ ឲ្យ​អតីត​តារាចម្រៀង នាង អូ រស្មី ទៅតាម​លទ្ធភាព ដែល​អាចទៅរួច ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ពិត​ប្រាកដថា តើ​សិល្បការិនី​រូបនេះ ទទួលរង​នូវ​ការចោទប្រកាន់ ដោយ​អយុត្តិធម៌ ឬ​ជា​ការពិត ។​
​    ​

នាង អូ រស្មី អតីត​តារាចម្រៀង ដែលត្រូវ​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឃាត់ខ្លួន ពីបទ​នាំ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ ទៅ​រួមភេទ​ជាមួយ​អាណិកជន
ការប្រកាស​ជំហរ​បែបនេះ របស់លោក សុះ ម៉ាច ធ្វើឡើង បន្ទាប់ពី​អតីត​តារាចម្រៀង នាង អូ រស្មី ត្រូវបាន​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ ពីបទ​នាំ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ ទៅ​រួមភេទ​ជាមួយ​អាណិកជន ។ ហើយ​ពេលនេះ នាង អូ រស្មី កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ លើ​សំណុំ​រឿងនេះ តាម​នីតិវិធី​នៅឡើយ ។​
​    ​
​ឆ្លើយឆ្លង​ជាមួយ​គេហទំព័រ CEN តាមរយៈ​ទូរស័ព្ទ តារាចម្រៀង​ចាស់វស្សា លោក សុះ ម៉ាច បាន​លើកឡើងថា លោក​ពិត​ជាមាន​អារម្មណ៍​ក្តុកក្តួល​ខ្លាំងណាស់ នៅ​ពេលឮ​សំឡេង​ស្រែក​អង្វរ ពី​ពន្ធនាគា​ព្រៃ​ស របស់​នាង អូ រស្មី ឲ្យ​ជួយ​រក​យុត្តិធម៌ ក្នុងខណៈ​ពេលដែល​លោក រួម​ជាមួយនឹង​មេធាវី របស់​សមាគម​សិល្បក​រ​ខ្មែរ បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​នាង នៅ​ទីនោះ​ចំនួន​ពីរលើក កន្លងមក ។
​ក្នុងនាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​អះអាងថា លោក​មិនអាច​ទ្រាំ​ឈរ ឱបដៃ​មើល​បានឡើយ នូវ​រាល់​បញ្ហា​ទាំងឡាយណា ដែល​កើតមាន ឡើង ចំពោះ​សមាជិក​របស់ខ្លួន ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា នឹងមិន​ការពារ​អ្នកសិល្បៈ​ណា​ម្នាក់ ដែល​បាន​ប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់​ឡើយ ប៉ុន្តែ​លោក​ក៏ត្រូវ​ស្វែងរក​ការពិត​ផងដែរ ដើម្បី​បង្ហាញ​ពី​ភាពយុត្តិធម៌ ត្រឹមត្រូវ និង​ស្អាតស្អំ សម្រាប់​អ្នកសិល្បៈ ។​
លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ  ថានឹង​ស្វែងរក​យុត្តិធម៌ ឲ្យ​អតីត​តារាចម្រៀង នាង អូ រស្មី ទៅតាម​លទ្ធភាព
​តាមរយៈ​គេហទំព័រ CEN លោក សុះ ម៉ាច បានបញ្ជាក់​បន្ថែមថា ក្រោម​កិច្ចសហការ ជាមួយ​សមត្ថកិច្ច​ប៉ូលិស ពេលនេះ មេធាវី​របស់លោក រួមជាមួយ​មេធាវី​អង្គការ​មួយ ចំនួន ដែល​បាន​ចេញមុខ​ជួយ​ជ្រោមជ្រែង ស្វែងរក​យុត្តិធម៌​ឲ្យ នាង អូ រស្មី កំពុងតែ​តាមដាន និង​ស៊ើបអង្កេត​បន្ត ពោលគឺ​ស្ថិតក្នុង​ដំណាក់កាល ស្រាវជ្រាវ​នៅឡើយ ។​
​ជា​តារាចម្រៀង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​នៅសល់តែ ៤ ខែ​ទៀត ផុត​អាណត្តិ​នោះ លោក សុះ ម៉ាច បាន​ប្រកាន់​ជំហរ​ស្វែងរក​យុត្តិធម៌ ក៏ដូចជា ខិតខំ​ធ្វើ​គ្រប់បែបយ៉ាង ទៅតាម​លទ្ធភាព ដើម្បី​ជួយ​ដល់​សិល្បការិនី នាង អូ រស្មី បើទោះជា​ត្រូវ​ទាមទារ​នូវ​ពេលវេលា និង​ថវិកា​ជា​ចាំបាច់ យ៉ាងណាក៏ដោយ ។ ទន្ទឹម​នោះ លោក សុះ ម៉ាច ក៏បាន​អំពាវនាវ​ផងដែរ ទៅដល់​សិល្បករ សិល្បការិនី ទាំងអស់ គួរ​គប្បី​សាង​នូវ​អំពើ​ល្អ កុំ​ប្រព្រឹត្តិ​អំពើ​ទាំងឡាយណា ដែល​ខុសឆ្គង ផ្ទុយ​ពី​ច្បាប់ ដែល​នាំ​ឲ្យ​ខូចអនាគត ៕V/s
​    ​    ​    ​    ​    ​
_________________
ប្រភពពីcen