រកឃើញឈើប្រណីតជាង៣០០ដុំ ក្នុងព្រៃអភិរក្ស
ប្រភពពីក្រុមមន្ត្រីព្រៃឈើបានឲ្យដឹងថា ឈើប្រណីតដែលលាក់ទុកនេះ ត្រូវបានគេកាប់នៅក្នុងដែនព្រៃការពារអភិរក្សជីវចំរុះសីមា ហើយត្រៀមដឹកជញ្ជូនចេញតាមរយៈរថយន្តកែច្នៃធំៗ យកទៅថ្លឹងលក់ឲ្យពួកឈ្មូញធំៗ មួយចំនួននៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។ ហើយសកម្មភាពនេះ គឺបានប្រព្រឹត្តជាយូរខែ យូរឆ្នាំមកហើយ ដោយពុំសូវឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបទេ ។
លោក គង់ ពុធារ៉ា មន្ត្រីជួយពង្រឹងផ្នែកច្បាប់ នៃអង្គការ (WCF) បានប្រាប់អ្នកយកព័ត៌មានថា កាលពីថ្ងៃទី ៦ ខែមករា លោកនិងកម្លាំងបានចុះទៅដល់កន្លែងដែលមានពួកឈ្មួញលួចកាប់ឈើប្រណីត នៅក្នុងព្រៃអភិរក្សស្ថិតក្នុងភូមិសាស្ត្រស្រុកអូរាំង ហើយក៏បានប្រទះឃើញឈើប្រណីតរាប់រយកំណាត់ដែលពួកឈ្មួញ បម្រុងនឹងដឹកចេញ ។
លោកបន្តថា តាមការប៉ាន់ស្មាន ជំហានដំបូងឈើទាំងនោះអាចមានចំនួនជាង៣០០ដុំ ហើយការបង្ក្រាបនេះពិតជាមានកាលំបាកណាស់ ពីព្រោះទីតាំងនោះនៅឆ្ងាយ គឺនៅក្នុងព្រៃជ្រៅ ជាប់និងព្រៃព្រំប្រទល់ខេត្តក្រចេះ ហើយឈើដែលបង្ក្រាបត្រូវបានដឹកចេញមកបានមួយរថយន្ត ចំណែកឈើដែលនៅសល់ ត្រូវបានពួកឈ្មួញលួចដឹកយកចេញអស់មួយចំនួនពីររថយន្ត ។ ហើយពេលនេះ កម្លាំងរបស់លោកកំពុងតែតាមដាន និងតាមចាប់រថយន្តដែលលួចដឹកឈើ នោះត្រឡប់មកវិញ ។
មកទល់និងពេលនេះ ក្រុមសមត្ថកិច្ចជំនាញ កំពុងតែពង្រាយកម្លាំងយាម និងរកមធ្យោបាយដឹកជញ្ជូន ឈើដែលនៅសេសសល់ យកមករក្សាទុកបន្តទៀត ៕
ប្រភពពី ANN