ការចរចាសំងាត់មិនមែនជាការក្បត់ឆន្ទៈម្ចាស់ឆ្នោតឡើយ
មន្ត្រីគណបក្សប្រជាជនកម្ពុជា បានព្រលយឲ្យដឹងពីការចរចាគ្នាដោយសំងាត់ជាមួយគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សប្រឆាំងមួយនេះអះអាងថាជាការមិនពិត។ យ៉ាងណាក៏ដោយ ការចរចាសំងាត់របស់អ្នកនយោបាយ មិនមែនជារឿងអាក្រក់ទាំងអស់នោះទេ។ លោក ធន់ សារាយ និងលោក អូរ វីរៈ បានអត្ថាធិប្បាយដូចគ្នាថា ការចរចាសំងាត់ ជាបច្ចេកទេសរបស់អ្នកនយោបាយដែលមិនអាចរំលងបាន។
«ជាធម្មតាការចរចាសំងាត់តែងតែមានហើយសម្រាប់អ្នកនយោបាយ ហើយវាក៏មិនមែនជាការក្បត់ឆន្ទៈម្ចាស់ឆ្នោតទាំងអស់នោះដែរ វាជាការធ្វើតេស្តជំហរគ្នាទៅវិញទៅមករបស់អ្នកនយោបាយប៉ុណ្ណោះ» នេះជាការអត្ថាធិប្បាយរបស់លោក ធន់ សារាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក។ ថ្លែងប្រាប់គេហទំព័រថ្មីៗនៅថ្ងៃព្រហស្បតិ៍នេះ លោក ធន់ សារាយ បានអះអាងថា៖« កិច្ចការមួយចំនួន ម្ចាស់ឆ្នោតមិនចាំបាច់ដឹងច្រើនពេកទេ ព្រោះអ្នកនយោបាយគេច្បាស់ជាងយើង។ គេមិនអាចប្រាប់យើងគ្រប់ជំហាននោះទេ សំខាន់កុំឲ្យតែលទ្ធផលធ្វើឲ្យខូចប្រយោជន៍រាស្ត្រទៅបានហើយ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការចរចាសំងាត់ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពរបស់អ្នកនយោបាយដើម្បីបញ្ចប់ ជម្លោះ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះ បានអះអាងថា« ការចរចាសំងាត់ ឬក៏តាមរបៀបណានោះ វាមិនមែនជាការក្បត់នឹងម្ចាស់ឆ្នោតនោះទេ។ សំខាន់ថាតើការចរចានោះ ត្រូវទៅនឹងអ្វីដែលខ្លួនសន្យាជាមួយម្ចាស់ឆ្នោតដែរទេ»។ លោក អ៊ូ វីរៈ បានហៅការចរចាសំងាត់របស់គណបក្សជាប់ឆ្នោតទាំងពីរ ថាជាជំហានដែលធ្វើឲ្យការចរចាជាសាធារណៈទទួលបានជោគជ័យ។ លោកពន្យល់ថា៖« នៅពេលដែលការចរចាសំងាត់ត្រូវរូវគ្នា នោះការចរចាសាធារណៈនឹងមិនអាចបរាជ័យដូចមុនឡើយ។ ដូច្នេះយើងមិនអាចវាយតម្លៃការចរចាសំងាត់ជារឿងអាក្រក់បានឡើយ»៕
គួរបញ្ជាក់ថា ព័ត៌មាននៃការចរចាជាសំងាត់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានចុះផ្សាយជាបន្ទាប់តាមរយៈសារព័ត៌មានក្នុងនិងក្រៅស្រុក។ ព័ត៌មាននៃការចរចានេះ ហាក់បង្ហាញភាពវិជ្ជមានច្រើន ក្នុងការបញ្ចប់ជំលោះនយោបាយនៅកម្ពុជា បន្ទាប់ពីមានការអះអាងក្រៅផ្លូវការថា គណបក្សទាំងពីរបានឈានទៅដល់ចំណុចរួមគ្នាជាង៨០ភាគរយ។ បើទោះបីជាមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបញ្ជាក់យ៉ាងច្បាស់ពី ព័ត៌មាននេះក៏ដោយ សម្រាប់គណបក្សសង្គ្រោះជាតិ បានអត្ថាធិប្បាយច្រានចោល ដោយថាជាព័ត៌មានមិនពិត៕
ពត៌មានខ្មែរ,khmer news,cambodia news,រឿងខ្មែរ,ពត៌មានថ្មីៗ,ពត៌មានប្រចាំថ្ងៃ
រក្សាសិទ្ធិដោយ thmeythmey.com