អាដហុក​​៖ ការ​ចាប់នឹង​ឃុំ​ខ្លួន​តំណាង​កម្មករ​ដោយ​ទាហាន គឺ​ជាអំពើខុស​ច្បាប់

1/09/2014 0 Comments A+ a-

សមាគម​ សិទ្ធិមនុស្ស​អា​ដ​ហុក នៅថ្ងៃទី០៨ ខែមករា បាន​ថ្កោលទោសចំៗ ចំពោះកម្លាំង​ទាហាន ឆ័​ត្រ​យោង​លេខ ៩១១ ដែល​ចាប់​ និង​ឃុំខ្លួន​តំណាង​កម្មករ១០នាក់ និង​ព្រះសង្ឃ៥អង្គ កាលពី​ថ្ងៃទី២ ខែមករា កន្លងទៅ ដោយ​ថ្លែងថា នោះ​គឺជា​អំពើ​ខុសច្បាប់ និង​ជាការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​បំផុត។
ក្រោយពី​បាន​ បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជិត ១ សប្តាហ៍​រួចមក នៅថ្ងៃម្សិលមិញនេះ​អង្គការសមាគមសិទ្ធិមនុស្ស​អាដ​ហុក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ចាត់ទុក​សកម្មភាព​ចាប់ខ្លួន និង​ឃុំខ្លួន​តំណាង​កម្ម​ករពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ អំពើហិង្សា​កាលពី​ថ្ងៃទី ២ ខែមករា សប្តាហ៍​មុន​ថា​ គឺជា​អំពើ​ខុសច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៏មានរបស់សមាគមសិទ្ធិមនុស្ស​អាដហុក​បានលើឡើងថា យោង​លើ​មាត្រា ៦០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ឆ្នាំ ២០១០ ដែល​ចែងថា កងកម្លាំងប្រដាប់អាវុធ​ជា​ទាហាន មិនមែនជា​នគរបាល​យុត្តិធម៌​នោះទេ ដូច្នេះ កងកម្លាំង​ទាហានមិនមាន​សមត្ថកិច្ច​ធ្វើជា​ជំនួយ​តុលាការ​នោះឡើយ។ ហើយម្យ៉ាងទៀត​ កងកម្លាំងប្រដាប់អាវុធ ក៏​គ្មាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​ចាប់​ជនល្មើស ព្រមទាំង​ប្រមូល​ភស្តុតាង​នោះដែរ។ លើសពីនេះទៅទៀត កងកម្លាំងប្រដាប់អាវុធ​គ្មាន​សិទ្ធិ​ណាមួយ​អាច​ចាប់​ឃាត់ខ្លួន​ជនល្មើស​ បានឡើយ។ ដូច្នេះ ​ហើយ​អំពើ​របស់​កងកម្លាំងប្រដាប់អាវុធ​កាលពី​ថ្ងៃទី ២ ខែមករា កន្លង​ទៅជា​អំពើ​ល្មើសច្បាប់។
នៅក្នុងសេចក្តីប្រកាសដដែលបានសេសេររិះគន់​បន្តថា មន្ត្រី​យុត្តិធម៌​កំពុងស្ថិត​នៅក្រោម​អំណាច​របស់​យោធា​ ស្ទើរតែ​ទាំងស្រុងទៅហើយ៕
ប្រភពពី Free Press Magazine