មាន​អញ្ចឹង​ដែរ ​គ្រូ​មីយ៉ាន់ម៉ា​អត់​ដឹង​គេ​គិត​តាម​រូបមន្ត​ head-to-head?

12/17/2013 0 Comments A+ a-

ខូច​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​ និង​កំហឹង​ពុះ​កញ្ជ្រោល​រហូត​ផ្ទុះ​អំពើ​ហិង្សា​ គឺ​ជា​អារម្មណ៍​ពិត​របស់​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​នៅ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ក្រោយ​ក្រុម​បាល់ទាត់​របស់​ខ្លួន​បាន​​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ ដោយ​សារ​ចាញ់​ឥណ្ឌូណេស៊ី ១-០ ក្នុង​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​តាម​ពូល​កាល​ពី​យប់​មិញ។
អ្នក​គាំទ្រ​​ម្នាក់​អង្គុយ​យំ​ក្រោយ​​មីយ៉ាន់ម៉ា​ធ្លាក់​ចេញ​ពី​ការ​ប្រកួត
ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ មីយ៉ាន់ម៉ា​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នៅ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​នេះ គឺ​ដោយ​សារ​រូបមន្ត​ head-to-head ពោល​គឺ​ក្រុម​នេះ​មាន​ពិន្ទុ​៧ស្មើ​ឥណ្ឌូណេស៊ី​ដែរ ហើយ​ថែម​ទាំង​លើស​គ្រាប់​បាល់​ចំណេញ​ទៀត​ផង​ ប៉ុន្តែ​​ត្រូវ​ធ្លាក់​ដោយ​សារ​​ចាញ់​ឥណ្ឌូណេស៊ី​នេះ​តែ​ម្ដង។
អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ គឺ​គ្រូ​បង្វឹក​របស់​មីយ៉ាន់ម៉ា​ Park Sung Hwa បាន​បញ្ជាក់​​ថា​ លោក​មិន​បាន​ដឹង​មុន​ថា​គេ​គិត​តាម​រូបមន្ត​នេះ​ទេ។ និយាយ​ឲ្យ​ចំ​គឺ​លោក​យល់​ច្រឡំ ​ស្មាន​តែ​ក្រុម​លោក​នៅ​តែ​អាច​​ជាប់​​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទោះ​ចាញ់​ ១-០ ក៏​ដោយ ត្បិត​​មាន​គ្រាប់​បាល់​សំណល់​ច្រើន​លើស​ឥណ្ឌូណេស៊ី (មុន​ប្រកួត មីយ៉ាន់ម៉ា​ចំណេញ​គ្រាប់​បាល់៥គ្រាប់ ឯ​ឥណ្ឌូណេស៊ី​ខាត​២គ្រាប់)។
គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​​រូប​នេះ បាន​និយាយ​​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត​ថា ៖ “ខ្ញុំ​មិន​បាន​ដឹង​ជាមុន​នោះ​ទេ ដូច្នេះ​ខ្ញុំ​បាន​បង្កើត​កំហុស​ចំពោះ​ការ​រៀប​ទម្រង់​លេង​ ក៏​​ដូច​ជា​​បច្ចេកទេស​នៃ​ការ​លេង​របស់​កីឡាករ”។
គ្រូ​បង្វឹក​មីយ៉ាន់ម៉ា Park Sung Hwa (កណ្ដាល) មិន​អស់​ចិត្ត (រូបភាព៖ Kyaw Zeyar Myint)
កីឡាករ​មីយ៉ាន់ម៉ា​យំ​ក្រោយ​ចប់​ការ​ប្រកួត (រូបភាព៖ Kyaw Zeyar Myint)
អ្នក​គាំទ្រ​មីយ៉ាន់ម៉ា​ដុត​អាវ​រូប​ទង់​ជាតិ​ខ្លួន​ឯង​បញ្ចេញ​កំហឹង​ក្រោយ​ចាញ់​ការ​ប្រកួត
ការ​ធ្លាក់​​ក្នុង​ដី​ខ្លួន​ឯង​ដោយ​មិន​អស់​ចិត្ត​នេះ​ហើយ បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​​កំហឹង​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​មួយ​ ចំនួន​រហូត​បង្ក​ជា​អំពើ​ហិង្សា ខណៈ​ក្រុម​កីឡាករ​ និង​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត​បាន​ត្រឹម​ស្រក់​ទឹក​ភ្នែក​​ទាំង​គួរ​ឲ្យ​ សោកស្ដាយ​ប៉ុណ្ណោះ។
ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​ក្រុម​មីយ៉ាន់ម៉ា?