ប្រឆាំងអំពើពុករលួយ ដោយផលិតក្រដាសប្រាក់ ដែលមានតម្លៃ សូន្យ !
ក្រដាសប្រាក់គ្មានតម្លៃ ក្រៅពីចាយមិនកើតនោះ មិនមែនគ្មានប្រយោជន៍តែម្តងនោះទេ តែវាក៏អាចក្លាយជាអាវុធមួយ សំរាប់ប្រយុទ្ធ ប្រឆាំងជាមួយនឹង អំពើស៊ីសំណូក ពុករលួយបាន ផងដែរ ដែលជាក់ស្តែង ដូចជានៅប្រទេសឥណ្ឌា កំពុងមានវិធីសាស្ត្រ ប្រើក្រដាសប្រាក់គ្មានតម្លៃ សំរាប់ប្រឆាំងអំពើពុករលួយ និង កំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង នៅជុំវិញពិភពលោក។
លោក Vijay Anand ជាអ្នកបង្កើត ក្រុមសកម្មជនប្រឆាំងអំពើស៊ីសំណូកសូកប៉ាន់ នេះឡើង ដោយបានដាក់ឈ្មោះថា 5th Pillar និង បានបង្កើត ក្រដាសប្រាក់ប្រភេទ ០ រូពី ឡើង ក្នុងគោលបំណង ប្រើប្រាស់ក្រដាសប្រាក់នេះ ជាអាវុធបែបគ្មានអំពើហឹង្សា។ ក្រុមរបស់លោក បានចែកចាយ ក្រដាសប្រាក់នេះ បានចំនួន ច្រើនជាង ២,៥លាន សន្លឹកហើយ ចាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ។ ក្រដាសប្រាក់ គ្មានតម្លៃ ឬ មានតម្លៃសូន្យ នេះ មានរូបរាងស្រដៀងនឹង ក្រដាសប្រាក់ ៥០ រូពី (០.៨០ដុល្លារ) ដែលគេតែងហុចអោយ មន្រ្តីពុករលួយ ប៉ុន្តែពេលនេះ ប្រជាជនកំពុង ត្រូវបានលើកទឹកចិត្ត អោយហុចក្រដាសប្រាក់ ០រូពីនេះ ទៅអោយមន្រ្តីពុករលួយទាំងនោះវិញ ដើម្បីរួមចំណែក បំបាត់ការស៊ីសំណូកសូកប៉ាន់។
គំនិតនេះផងដែរ បានទទួលការចាប់អារម្មណ៍ ពីសំណាក់ អ្នកប្រឆាំងអំពើពុករលួយ ជាច្រើន នៅតាមបណ្តាប្រទេសផ្សេងៗទៀត មានដូចជា អាហ្សង់ទីន នេប៉ាល់ ម៉ិចស៊ីកូ និង បេនីន ជាដើម។ ហើយប្រទេសទាំងនោះ ក៏បាន ទាក់ទងមកក្រុមរបស់លោក នៅឥណ្ឌា ដើម្បីទទួលបាន ព័ត៌មានលម្អិត ទៅលើសកម្មភាពនេះ ទៀតផង។ ចំណែក ប្រទេសម៉ាឡេស៊ីវិញ ក៏កំពុងតែត្រិះរិះគិត ពីគម្រោង ដែលស្រដៀងគ្នានេះដែរ។ រីឯប្រទេស យេម៉ែន វិញ នឹងចាប់ផ្តើម បោះក្រដាសប្រាក់ គ្មានតម្លៃនេះ នៅឆ្នាំក្រោយ ផងដែរ។ គួរបញ្ជាក់ដែរថា ប្រទេសយេម៉ែន (Yemen) ត្រូវបានគេចាត់ទុក ជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេស ដែលពុករលួយបំផុត នៅលើពិភពលោក។ ទោះជាយ៉ាងណា ការធ្វើបែបនេះ នៅតាមបណ្តាប្រទេសមួយចំនួន អាចនឹងមាន គ្រោះថា្នក់ ផងដែរ៕
តើប្រិយមិត្ត មានមតិយោបល់ យ៉ាងណាដែរ?
(ក្រដាសប្រាក់ ០ រូពី)
ប្រភព៖ economist
ដោយ សី
ខ្មែរឡូត
