សម រង្ស៊ី ឆ្លើយតប​ភ្លាមៗទៅនឹង​ការបដិសេធ​របស់នាយក​រដ្ឋ​ម​ន្រី្ត​ ហ៊ុន សែន

12/21/2013 0 Comments A+ a-

លោកសម រង្ស៊ី ឆ្លើយតប​ភ្លាមៗទៅនឹង​ការបដិសេធ​របស់លោកនាយក​រដ្ឋ​ម​ន្រី្ត​ ហ៊ុន សែន ក្នុង​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ចុះចេញ​ពី​តំណែង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ បដិសេធ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ​និងមិនចុះចេញពី​ដំណែង​។​
នៅប៉ុន្មាននាទីក្រោយមកលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់សម្ភាសន៏ដល់ គេហទំព័រ VOD​ ថា ការលួចបន្លំ​សន្លឹកឆ្នោត​ ក៏​មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​ ​៖ លោក ហ៊ុន សែន គាត់​បាន​និយាយថា គាត់​មិន​ព្រម​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទេ ហើយ​គាត់​មិន​ព្រម​រំលាយ រដ្ឋសភា​ទេ ពីព្រោះ​គាត់​អះអាងថា រដ្ឋធម្មនុញ្ញ​អត់​មានចែង​អំពី​ការរំលាយ​រដ្ឋសភា មុនអាណត្តិ ហើយ​អត់​មានចែង​ពី​នាយករដ្ឋមន្ត្រី ចុះចេញ​ពី​តំណែង​មុនអាណត្តិ យោងតាម​រដ្ឋធម្មនុញ្ញ តែ​ខ្ញុំ​សូម​ឆ្លើយ​ទៅ​គាត់​វិញ​ថា រដ្ឋធម្មនុញ្ញ​ក៏​មិន​មាន​ចែង​ផង​ដែរ អំពី​ការលួចបន្លំ​សន្លឹកឆ្នោត រដ្ឋធម្មនុញ្ញ​មិន​មាន​អនុញ្ញាត ឲ្យ​លួច​បន្លំ​សន្លឹកឆ្នោត ឲ្យ​បោះឆ្នោត​ក្លែងបន្លំ​ទេ អ៊ីចឹង​ហើយ​អត់​មាន​ចែង​ទាំងអស់​ហ្នឹង។
លោកនាយក​រដ្ឋ​ម​ន្រី្ត​ ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់​ចេញពី​ប្រជុំ​សភា​ដើម្បី​បោះឆ្នោត​តែងតាំង​ លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ត្រូវ​បំបែក​ជា​ពីរ​នោះ ថា​ការបោះឆ្នោត​ឡើងវិញ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​សភា​បច្ចុប្បន្ន​មិន​ត្រូវបាន​រំលាយ ដូច​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ៖ អ្នក​ដែល​មិន​គាំទ្រ​ខ្ញុំ មិនមែន​ត្រឹមតែ​ថ្ងៃនេះ​ទេ តាំងពី​ជំនាន់​ក្រោយ​ពី​រំដោះ​ពី ប៉ុល ពត ភ្លាម​ក៏​គេ​ចង់ឲ្យ​ខ្ញុំ​ចាក​ចេញពី​តំណែង​រួចទៅហើយ អញ្ជឹង​ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការទាមទារ ហើយ​ក៏​ខ្ញុំ​ដឹង​ដែរ ថា​អ្នកណា អ្នក​ឲ្យ​សរសេរ​អំពី “​ហ៊ុន សែន អើយ​ចាកចេញ​ទៅ​” នោះ​ខ្ញុំ​ដឹង មិនមែន​អ្នក​ធ្វើ​បាតុកម្ម​ធម្មតា​ទេ ក៏​ប៉ុន្តែ​គឺជា​មេដឹកនាំ​នយោបាយ ខ្ញុំ​ឡើង​តាម​រដ្ឋធម្មនុញ្ញ ខ្ញុំ​ចុះ​ក៏​ចុះ​តាម​រដ្ឋធម្មនុញ្ញ អញ្ជឹង​សូម​បញ្ជាក់​ឲ្យ​ហើយ គ្មាន​ការបោះឆ្នោត​ឡើងវិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា ហើយ​ក៏​គ្មាន​យន្តការ​កំណត់ ពី​ការបោះឆ្នោត​មុខ​អាណត្តិ​នោះទេ​។​
គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ឱ​សាទវាទ​ចំនួន​៣​ខែ ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បោះឆ្នោត​ឡើងវិញ ហើយ​លោកនាយក​រដ្ឋ​ម​ន្រី្ត​ ហ៊ុន សែន ចុះចេញ​ពី​តំណែង និង​ព្រមាន​បាតុកម្ម​បិទផ្លូវ នៅ​ដើមឆ្នាំ​២០១៤​ខាងមុខនេះ​។
ទាក់ទងទៅនឹងការដាក់ឱសាទវាទខាងលើនេះ លោកនាយក​រដ្ឋ​ម​ន្ត្រី​បាន​ព្រមាន​តបទៅ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ ដែល​ចង់​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​នោះ ​ដោយ​លើក​ឡើង​ថា​ ​ប្រសិនបើ​បាតុកម្ម​ឈាន​ដល់​ការ​បិទ​ផ្លូវ​ ​គឺ​ការ​ខុស​ច្បាប់​ ​ហើយ​រ​ដ្ឋា​ភិ​បា​ល​នឹង​ឆ្លើយ​តប​តាម​វិធាន​ការ​ផ្លូវ​ច្បា​ប់​។​ ​បាតុកម្ម​បិទ​ផ្លូវ​ គឺ​ជា​ការ​បិទ​ឈាម​ខ្លួន​ឯង ​សមត្ថ​កិច្ច​នឹង​ប្រើ​កម្លាំង​ប​ង្ក្រា​ប​ ដូច្នេះ​លោក ក៏អំពាវ​នាវ​ទៅ​កាន់​បក្ស​ប្រឆាំង​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាត​ដៃ​ទី​បី​ ​ទាក់ទង​ទៅ​នឹង​បាតុកម្ម​របស់​គណ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​និង​ត្រូវ​មើល​ ឃើញ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ផ​ង​៕
ប្រភពព័ត៌មានពី៖ Free Press Magazin