កម្ពុជាអះអាងថា បញ្ហានយោបាយផ្ទៃក្នុងថៃមិនទាន់រាលដាលដល់រឿងព្រំដែនទេ
បញ្ហានយោបាយនៅក្នុងប្រទេសថៃកំពុងធ្វើឲ្យរាំងស្ទះដល់ការអនុវត្តន៍សាលដីកាតុលាការក្រុងឡាអេ។ ក្នុងស្ថានភាពដែលទីក្រុងបាងកកជួបនឹងភាពវឹកវរខាងនយោបាយយ៉ាងខ្លាំងបែបនេះ រដ្ឋាភិបាលក្រុងភ្នំពេញមិនទាន់លើកបញ្ហាព្រះវិហារទៅពិភាក្សាជាមួយថៃនៅឡើយទេ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃអង្គារនេះថា កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានេះ។ លោកបានកត់សម្គាល់ថា ភាពវឹកវរនៅក្នុងប្រទេសថៃមិនបានរាលដាលដល់បញ្ហាព្រំដែននៅឡើយទេ ពោលគឺក្រុមប្រឆាំងថៃបានលើកតែអំពីច្បាប់លើកលែងទោសតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញទទួលស្គាល់ថា កម្ពុជាមិនទាន់អាចលើកបញ្ហាតុលាការឡាអេទៅពិភាក្សាជាមួយថៃបានទេ ខណៈដែលប្រទេសនេះកំពុងជួបបញ្ហាធ្ងន់ធ្ងរបែបនេះ ពីព្រោះការលើកបញ្ហានេះនឹងក្លាយជាសម្ពាធបន្ថែមទៀតទៅលើក្រុងបាងកក។
គួរកត់សម្គាល់ថា កម្ពុជាបានក្លាយជាចំណាប់ខ្មាំងនយោបាយផ្ទៃក្នុងថៃជាថ្មីទៀត អំពីបញ្ហាព្រះវិហារ។ កាលពីថ្ងៃទី ១១ វិច្ឆិកា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានបកស្រាយថាដែនដីជុំវិញប្រាសាទព្រះវិហារជារបស់កម្ពុជា។ តុលាការអន្តរជាតិមួយនេះក៏បានសម្រេចឲ្យថៃដកទ័ពរបស់ខ្លួនចេញពីតំបន់នោះ។ ប៉ុន្តែ ការអនុវត្តន៍សាលដីកានេះត្រូវបានរាំងស្ទះដោយសារបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ។
បើទោះបីជាបញ្ហានយោបាយផ្ទៃក្នុងថៃពេលនេះមិនជាប់ពាក់ព័ន្ធផ្ទាល់ជាមួយករណីព្រះវិហារក៏ដោយ ក៏បក្សប្រឆាំងថៃបានបង្ហាញជំហររួចហើយថា ពួកគេនឹងមិនទទួលស្គាល់សាលដីការបស់តុលាការក្រុងឡាអេទេ។ អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា ធ្លាប់បានដាក់សម្ពាធដោយត្រង់ៗទៅលើរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឲ្យបដិសេធសាលដីកានេះ។
ដូច្នេះ បញ្ហានយោបាយផ្ទៃក្នុងរបស់ថៃនៅពេលនេះពិតជាមិនអាចចៀសផុតពីការធ្វើឲ្យប៉ះពាល់ដល់បញ្ហាព្រះវិហារឡើយ ជាពិសេសក្នុងករណីដែលរដ្ឋាភិបាលថៃបច្ចុប្បន្នត្រូវបានផ្តួលរំលំជាយថាហេតុ។ យ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា សភាពការណ៍នៅតាមព្រំដែនកំពុងស្ងប់ស្ងាត់ជាធម្មតា ហើយក្រុមយោធាកម្ពុជាថៃ បានសន្យាថា នឹងរក្សាភាពស្ងប់ស្ងាត់នេះបន្តទៀត៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ