ដំណឹង​ភ្ជាប់ពាក្យ​ស្ងាត់ៗ​របស់ ស៊ិន រតនា ត្រូវ​ម្ដាយនាង​ទាត់ចោល

12/04/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ គេហទំព័រ LookingTODAY មុននេះបន្តិច បានចុះផ្សាយអត្ថបទ ជុំវិញរឿងសម្ព័ន្ធភាព ទំនាក់ទំនង ស្នេហាក្រៅឆាក រវាងតារាសម្តែងថ្ពាល់ខួចរាងខ្ពស់ កញ្ញា ស៊ិន រតនា ជាមួយនឹងគូស្នេហ៍អាណិកជនខ្មែរ រស់នៅប្រទេសបារាំង ដែលឈានដល់ការរៀបចំ ពីធីភ្ជាប់ពាក្យជាផ្លូវការ នាដើមខែ ធ្នូឆ្នាំ២០១៣ នេះ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានម្តាយបង្កើត របស់កញ្ញា ស៊ិន រតនា បដិសេធចោលទាំងស្រុង។
គេហទំព័រ Looking TODAY បានសរសេរដោយផ្អែក ទៅតាមការដកស្រង់សម្តី និយាយចេញពីប្រភព ដែលនៅក្បែរ តារាស្រីរូបនេះ មកចុះផ្សាយថា ចំណងស្នេហា រវាង ស៊ិន រតនា និងបុរសគូស្នេហ៍ នៅបារាំងពេលនេះ កំពុងតែឈានដល់ចំណងអាពាហ៍ពិពាហ៍ នៃជីវិតសុភមង្គល នាពេលដ៏ខ្លីខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពក៏បានទម្លាយមកថា នាង រតនា គ្រោងរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការ ក្នុងអំឡុង ដើមខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ។
ប្រភពដដែល បាននិយាយបន្តថា ពិធីភ្ជាប់ពាក្យរបស់តារាម៉ូដែលថ្ពាល់ខួច កញ្ញា ស៊ិន រតនា មិនធ្វើដោយបើកចំហរនោះទេ គឺ គ្រាន់តែធ្វើឡើង ដោយមានការចូលរួមដឹងឮ ពីចាស់ទុំទាំងសងខាងពី១០ ទៅ ២០នាក់ប៉ុណ្ណោះ។ រួចហើយគូស្នេហ៍ទាំងពីរ បំពាក់ចិញ្ចៀនបញ្ចាំចិត្តឲ្យគ្នា ទៅវិញទៅមក ដើម្បីតំណាងជាសក្ខីភាព ឆ្ពោះទៅថ្ងៃរៀបមង្គលការ។ ទោះបីជាយ៉ាងណាក្តី កាលនោះLooking TODAY បានព្យាយាមទំនាក់ទំនង ស្វែងរកការបកស្រាយ ពីស្រីស្រស់ ស៊ិន រតនា ដែរ ប៉ុន្តែទូរស័ព្ទនាងមិនអាចទាក់ទងបាន។
ដោយសារតែមហាជនជា អ្នកគាំទ្រទន្ទឹងរង់ចាំចង់ដឹង និងអ៊ុតមើលអំពីលទ្ធផល នៃពិធីភ្ជាប់ពាក្យ របស់តារាសម្តែង ស៊ិន រតនា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣នេះ Looking TODAY បានធ្វើការទាក់ទងទៅលេខទូរស័ព្ទរបស់នាងជាថ្មីម្តងទៀត ប៉ុន្តែនៅពេលដែលខលចូល ត្រូវបានម្តាយរបស់ ស៊ិន រតនា ជាអ្នកទទួលនិយាយជំនួស ហើយប្រាប់ថា រតនា មិននៅទេ គេទៅផ្សារបាត់ហើយ។
ឆ្លើយឆ្លងជាមួយភ្នាក់ងារ គេហទំព័រ Looking TODAY ម្តាយបង្កើត របស់តារាស្រី ស៊ិន រតនា បាននិ យាយថាកូនស្រីរបស់គាត់ និងគូស្នេហ៍ក្រៅស្រុក ពុំទាន់មានគម្រោងនឹងរៀបចំពីធីភ្ជាប់ពាក្យនោះទេ។ ចំណែកឯព័ត៌មាន ដែលគេនិយាយថា ស៊ិន រតនា ត្រៀមរៀបចំពិធីភ្ជាប់ពាក្យ នាដើមខែធ្នូ ជាមួយបុរសនៅបារាំងនោះ ត្រូវបានម្តាយរបស់ រតនា ឆ្លើយបដិសេធថា “អ៊ុំអត់ដឹងផង..! ពុំមានពីធីភ្ជាប់ពាក្យអីទេ.. គឺនិយាយឲ្យខ្លីទៅ អត់មានតែម្ដង..!”។
តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ស៊ិន រតនា បានភ្ជាប់ចំណងស្នេហា ជាមួយបុរសម្នាក់ ជាអាណិកជនខ្មែរ រស់នៅប្រទេសបារាំង អស់រយៈប្រមាណជាង៧ ឆ្នាំរួចមកហើយ។ ទន្ទឹមនឹងនោះ សេ្នហារវាង អ្នកទាំងពីរក៏ ធ្លាប់ជួបភាពរង្គោះរង្គើម្តងរួចមកហើយ ប៉ុន្តែក្រោយមកបានផ្សះ ផ្សាត្រូវរ៉ូវ ជាមួយគ្នាវិញ និងរហូតធ្លាយដំណឹងភ្ជាប់ពាក្យនេះតែម្តង៕


Read more: http://www.cambodiapage.info/?p=6761#ixzz2mVwP44wP