យុវតី​ខ្មែរ​ដំបូង​ជា​អ្នក​សម្ដែង​​ប្រ​យុទ្ធ​​​សិល្បៈ​ក្បាច់​គុន​ល្បុក្កតោ

12/19/2013 0 Comments A+ a-

ខ្ញុំ ចង់​ធ្វើ​ជា​ស្ដ្រី​រឹងមាំ​ដែល​អាច​ការពារ​ខ្លួន និង​ថែរក្សា​នូវ​ក្បាច់​គុន​បុរាណ ព្រម​ទាំង​វប្បធម៌​ខ្មែរ​ឲ្យ​នៅ​គង់វង្ស»។ នេះ​ជា​សម្ដី​របស់​យុវតី​ដែល​ស្រឡាញ់​វិស័យ​ក្បាច់​គុន ល្បុក្កតោ។
កញ្ញា អ៊ុំ ថារ័ត្ន បាន​សាង​ឈ្មោះ​ល្បី​ល្បាញ​ជា​អ្នក​ប្រយុទ្ធ និង​អ្នក​សម្ដែង​ក្បាច់​គុន ល្បុក្កតោ​តាំង​ពី​ការ​ប្រកួត​ឆ្នាំ ២០០៨ មក​ម៉្លេះ។
ក្រុម​របស់​កញ្ញា​បាន​ចេញ​សម្ដែង​ក្នុង​ព្រឹត្ដិការណ៍ យក្ស​នៅ​ប្រទេស កូរ៉េ ក្នុង​ឆ្នាំ ២០១០ និង​២០១១។ ក្រោយ​មក​ពួក​គេ​បន្ដ​ដំណើរ​ទៅ​កាន់​ប្រទេស វៀតណាម និង​កូរ៉េ​ម្ដង​ទៀត​នៅ​ឆ្នាំ ២០១២ កន្លង​ទៅ​នេះ។ ក្រោយ​ពី​មាន​ឈ្មោះ​បោះ​សំឡេង​មក កញ្ញា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្ដែង​ក្បាច់​គុន​បុរាណ​ខ្មែរ​នៅ​ទីក្រុង តូក្យូ នៃ​ប្រទេស ជប៉ុន ក្នុង​ឆ្នាំ ២០១៣ នេះ។
កញ្ញា អ៊ុំ ថារ័ត្ន តែង​តែ​ទទួល​បាន​ការ​កោត​សរសើរ​ចំពោះ​ការ​សម្ដែង​និង​ការ​ប្រកួត​នានា។
កញ្ញា មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ណាស់ ពីព្រោះ​កញ្ញា​អាច​ធ្វើ​ជា​តំណាង​ឲ្យ​កម្ពុជា​នូវ​ទេព​កោសល្យ​ល្អ​ឥត​ពីរ​នៃ សិល្បៈ​ក្បាច់​គុន​នេះ។
យុវតី​វ័យ ២៣ ឆ្នាំ​រូប​នេះ ជា​កូន​ពៅ​នៅ​ក្នុង​ចំណោម​បង​ប្អូន​តែ​ពីរ​នាក់​ដែល​មាន​ឪពុក​ឈ្មោះ អ៊ុំ តារា ជា​តន្ដ្រីករ​ជាន់​ខ្ពស់​លេង​ឧបករណ៍​វីយូឡុង​សម័យ​ទសវត្សរ៍ ទី៦០ ហើយ​អ្នក​ម្ដាយ​របស់​នាង ឈ្មោះ សុំ វណ្ណា ជា​ស្ដ្រី​មេ​ផ្ទះ។
កញ្ញា ផ្ដើម​ស្រឡាញ់​ក្បាច់​គុន ល្បុក្កតោ នេះ​ខណៈ​ពេល​ដែល​បាន​ឃើញ​ការ​ប្រកួត​របស់​មិត្ដភក្ដិ ហើយ​ក្រោយ​មក កញ្ញា​បាន​សម្រេច​ចិត្ដ​ចូល​ហ្វឹក​ហាត់​ជាមួយ​លោក​គ្រូ​តា សាន គឹមស៊ាន នៅ​ចុង​ឆ្នាំ ២០០៧។
គួរ​ឲ្យ​កត់​សម្គាល់​ថា កញ្ញា​មិន​ដែល​បាន​រៀន​ក្បាច់​គុន​នេះ​ពី​មុន​មក​ទេ។ ដូច្នេះ​វា​ពិត​ជា​ពិបាក​បន្ដិច​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង ពីព្រោះ​វា​មាន​គន្លឹះ​ជាច្រើន​ដែល​ត្រូវ​ចង​ចាំ​។ យុវតី ថារ័ត្ន ត្រូវ​ខិត​ខំ​ហ្វឹក​ហាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​ស៊ូ​ទ្រាំ​នឹង​ការ​នឿយ​ហត់​ពុំ​ធ្លាប់​ជួប​ប្រទះ ព្រម​ទាំង​ការ​ជម្នះ​នឹង​ការ​ជំទាស់​ពី​គ្រួសារ​ពួក​គេ​ងាក​មក​គាំទ្រ​កញ្ញា​វិញ ចាប់​តាំង​ពី​កញ្ញា​ល្បី​ឈ្មោះ​ដែល​បាន​ជួយ​លើក​ស្ទួយ​មុខ​មាត់ គ្រួសារ និង​ប្រទេស​ជាតិ។
កញ្ញា អ៊ុំ ថារ័ត្ន លើក​ឡើង​ថា៖ «វា​គ្មាន​គុណវិបត្ដិ​សម្រាប់​ខ្ញុំ​ទេ​ចំពោះ​ការ​រៀន​ក្បាច់​គុន ល្បុក្កតោ​នេះ ពីព្រោះ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន គឺ​ល្អ​ចំពោះ​ខ្ញុំ និង​សង្គម​ទាំង​មូល។ ខ្ញុំ​មាន​សុខភាព​ល្អ និង​អាច​ការពារ​ខ្លួន គ្រួសារ និង​វប្បធម៌​របស់​ខ្ញុំ»។
បច្ចុប្បន្ន​នេះ កញ្ញា​ហ្វឹក​ហាត់​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ពេល​រសៀល​ចាប់​ពី​ម៉ោង ៥:៣០ ដល់​ម៉ោង ៧:៣០ យប់​ជាមួយ​នឹង​លោក​គ្រូ សិស្ស​ច្បង និង​មិត្ដភក្ដិ។
លោក សាន គឹមស៊ាន ជា​អតីត​គ្រូ​តា​របស់​កញ្ញា បាន​ប្រាប់​ថា កញ្ញា ថារ័ត្ន គឺជា​សិស្ស​ឆ្នើម និង​ឧស្សាហ៍​ព្យាយាម មិន​ខ្លាច​នឿយ​ហត់។ ឥឡូវ​នេះ កញ្ញា​ឈប់​រៀន​ជាមួយ​លោក​ហើយ ហើយ​មក​ចូល​រួម​ជាមួយ​ក្រុម​ផ្សេង​ដែល​មក​ពី​បស្ចិម​ប្រទេស។
លោក គឹមស៊ាន បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​អ្វី​ដែល​គាត់​កំពុង​តែ​ធ្វើ ឬ​រៀន​នោះ​ទេ​ពេល​នេះ ហើយ​ខ្ញុំ​ក៏​គ្មាន​អារម្មណ៍​ពេញ​ចិត្ដ​នោះ​ទេ ពីព្រោះ​គាត់​បាន​យក​ល្បុក្កតោ​ទៅ​ចូល​រួម​ជាមួយ​នឹង​ជនជាតិ​បរទេស។ ពួកគេ​មិន​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​របស់​យើង​ទេ»។
ជាមួយ​នឹង​ការ​លើក​ឡើង​នេះ កញ្ញា​បាន​បកស្រាយ​ថា កញ្ញា​មិន​ធ្លាប់​ទៅ​ហាត់​រៀន​ក្បាច់​គុន​ល្បុក្កតោ​ជាមួយ​ជន​បរទេស​ទេ ប៉ុន្ដែ​កញ្ញា​បាន​ឆ្លៀត​ពេល​ទំនេរ​ទៅ​ហ្វឹក​ហាត់​ក្បាច់​គុន​ប្រដាល់​សេរី នៅ​ស្ដាត​ចាស់ ហើយ​បាន​ឡើង​ប្រកួត​ប្រដាល់​សេរី​នេះ ២ ដង​ដែរ។ កញ្ញា​ប្រាប់​ថា កញ្ញា​ចូល​ចិត្ដ​រៀន​ក្បាច់​គុន​ទាំង​អស់ មិន​ថា វា​ជា ល្បុក្កតោ ប្រដាល់​សេរី ឬ​វូមីណាម ទេ។
យ៉ាង​ណា​មិញ កញ្ញា អ៊ុំ ថារ័ត្ន បាន​បញ្ជាក់​ថា កញ្ញា​ចង់​ធ្វើ​ជា​តារា​សម្ដែង​ក្បាច់​គុន ឬ​អ្នក​ចម្រៀង ប៉ុន្ដែ​បើ​វា​មិន​អាច​ក្លាយ​ជា​ការ​ពិត កញ្ញា​មាន​សុបិន​មួយ​ទៀត​ដែល​ចង់​ធ្វើ​ការ​នៅ​ក្នុង​ស្ថានទូត ឬ​អង្គការ។
យុវតី​រូប​នេះ​បាន​លើក​ទឹក​ចិត្ដ​យុវជន​កម្ពុជា​ទាំង​អស់​កុំ​ប្រើ​ពេល​វេលា​ឥត​ប្រយោជន៍ ហើយ​ងាក​មក​ចាប់​ឱកាស​នៅ​ក្បែរ​ដៃ​វិញ។ កញ្ញា​ប្រាប់​ថា៖ «ចូល​ធ្វើ​អ្វី​ល្អៗ​សម្រាប់​សង្គម ឬ​ត្រូវ​ចំណាយ​ពេល​មក​ធ្វើ​អ្វី​ដែល​ទ្រទ្រង់​ដល់​វប្បធម៌​របស់​យើង ដូចជា សិល្បៈ ឬ​ក្បាច់​គុន​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ក្លាយ​ជា​អ្នក​សម្ដែង​ក្បាច់​គុន ឬ​អ្នក​ប្រយុទ្ធ ល្បុក្កតោ អ្នក​ត្រូវ​តែ​ខិតខំ​ព្យាយាម ឬ​ក៏​យ៉ាង​ហោច​ណាស់ អ្នក​គួរ​តែ​ចំណាយ​ពេល​ខ្លះ​មក​រៀន​ពី​ទម្រង់​នៃ​សិល្បៈ​ក្បាច់​គុន​បុរាណ​ខ្មែរ​នេះ»។
លោក​គ្រូ គឹមស៊ាន បាន​លើក​ឡើង​ថា៖ «ខ្ញុំ​សូម​ណែនាំ​ដល់​យុវជន​គ្រប់​ជំនាន់​ឲ្យ​រៀន និង​ថែរក្សា​វា​ជា​សម្បត្ដិ​របស់​យើង​។ ការ​ស្វែង​យល់ និង​ការ​ហ្វឹក​ហាត់​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ពួកគេ​ទាំង​សុខុមាលភាព បញ្ញា ស្មារតី យល់​ដឹង​អំពី​ច្បាប់​វិន័យ ផ្ដល់​កិត្ដិយស​ដល់​ខ្លួន​ឯង និង​សង្គម​ជាតិ ក្លាយ​ជា​គ្រូ​បង្វឹក​ក្បាច់​គុន និង​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់»៕