ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ដែល​បាត់ឈ្មោះ​ពី​ពិភព​នយោបាយ​មួយ​រយៈពេល​ ឥឡូវ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​

12/26/2013 0 Comments A+ a-

បន្ទាប់​ពី​បាត់ឈ្មោះ​ក្នុង​ពិភព​នយោបាយ​អស់​រយៈពេល​ប្រមាណ​២​ខែ​ក្រោយ​ ការ​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​ ព្រមទាំង​អ្នក​ធ្លាប់​ស្គាល់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ មានការ​ងឿងឆ្ងល់​រួច​មក​នោះ​ ឥឡូវនេះ​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ទទួល​បាន​ងារ​ជា​ឯកឧត្តម​វិញ​ហើយ​ ប៉ុន្តែ​ មិនមែន​ជា​អ្នកតំណាង​រាស្ត្រ​ និង​ក៏​មិនមែន​ជារ​ដ្ឋា​មន្ត្រី​ ឬ​ជា​រដ្ឋលេខាធិការ​ដូច​កាលពី​អាណត្តិ​ទី​៤​ឡើយ​ គឺ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ពុំ​ទទួល​ប្រាក់បៀវត្សរ៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២៣៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​
​សូម​បញ្ជាក់​ជូន​ថា​ ក្រៅពី​មិន​បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង ​ និង​មិន​មានឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​ គឺ​នៅ​អាណត្តិ​ទី​៥​នេះ​គេ​មិនឃើញ​មានឈ្មោះ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជាប់​ឈ្មោះ​ជា​សមាជិក​រាជរដ្ឋាភិបាល​ ឬ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ឬ​ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ ឬ​ជាទី​ប្រឹក្សា​ក្រសួង​ ស្ថាប័ន​ណាមួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​ កាលពី​រយៈពេល​២ខែ​មុន​ ។​
​នៅ​អាណត្តិ​ទី​៥​នេះ​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ អាយុ​៤២​ឆ្នាំ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ តំណាងរាស្ត្រ​បម្រុង​លំដាប់​លេខ​រៀង​ទី​២​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ ។​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ មិន​បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​ទេ​ ដោយសារ​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ត្រឹម​ចំនួន​២​អាសនៈ​ ប៉ុណ្ណោះ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៤​អាសនៈ​ ។​
​កាលពី​អាណត្តិ​ទី​៤​កន្លង​ទៅ​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បាន​ឈរឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​ពេញ​សិទ្ធិ​គណបក្ស​ប្រជាជន​កម្ពុជា​ លំដាប់​លេខ​រៀង​ទី​៦​នៅ​មណ្ឌល​ខេត្តតាកែវ​ ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​ ។​ ប៉ុន្តែ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បាន​ដកខ្លួន​ថយ​មិន​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​ទេ​ ហើយ​ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ ជញ្ជូន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៨/១០៥៥​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០០៨​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ក៏​ត្រូវ​បាន​តែងតាំង​ផង​ដែរ​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​ជា​រដ្ឋលេខាធិការ​ក្រសួង​ សាធារណការ​និង​ដឹក​ជញ្ជូន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៨/១៣១៤​ ចុះ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០០៨​ ។​
​ឈាន​ចូល​មក​ដល់​អាណត្តិ​ទី​៥​ភ្លាម​ ឯកឧត្តម​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ចាប់ផ្តើម​ធ្លាក់​កូដ​តាំងពី​ការ​ឈរឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​មក​ម្ល៉េះ​ “​ពី​បេក្ខជន​ពេញ​សិទ្ធិ​មក​ជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​២”​ និង​ក៏​មិន​បាន​ជាប់​ឆ្នោត​ថែម​ទៀត​ រហូត​ដល់​លែង​មានឈ្មោះ​ក្នុង​ពិភព​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង​ ។​
​ក្នុង​ការងារ​កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​ដ៏​មាន​ឥទ្ធិពល​នោះ​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ក៏​មាន​យីអ៊ុន​ធ្លាក់​ចុះ​ដែរ​ គឺ​ធ្លាប់​មានឈ្មោះ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​អាណត្តិ​ទី​៤​ “​ទទួលស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦១៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០០៦​ “​ តែ​ឈាន​ចូល​មក​ដល់​អាណត្តិ​ទី​៥​ គឺ​បាត់ឈ្មោះ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ សូន្យឈឹង​ ។​
​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ឯកឧត្តម​ ឧកញ៉ា​មួយ​ចំនួន​ដែល​បាន​ជួយ​ផ្តល់​លុយកាក់​ជ្រោមជ្រែង​ដល់​គណបក្ស​ប្រជាជន​ កម្ពុជា​ដូច​គ្នា​ ជា​អាទិ៍​ ៖​ ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​,​ ឯកឧត្តម​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​,​ ឯកឧត្តម​ឧកញ៉ា​ កុក​ អាន​,​ ឯកឧត្តម​ឧកញ៉ា​ ម៉ុង​ ឫ​ទ្ធី​ …​។​ល​។​ គឺ​ឯកឧត្តម​ឧកញ៉ា​ទាំងនេះ​មាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៥​ ។​ ដោយឡែក​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ គ្មាន​ឈ្មោះ​ក្នុង​មុខ​តំណែង​ដែល​ពោរពេញ​ដោយ​កិត្តិយស​ដូច្នេះ​ទៀត​ឡើយ​ សម្រាប់​អាណត្តិ​ទី​៥​នេះ​ ។​
​ព័ត៌មាន​ច​ចាម​អារាម​ក្រៅផ្លូវការ​ដែល​ ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បាត់ឈ្មោះ​ពី​ក្នុង​ពិភព​នយោបាយ​គណបក្សកាន់អំណាច​មួយ​រយៈ​នៅ​អាណត្តិ​ទី​៥​ នេះ​ គឺ​មក​ពី​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បាន​លួច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ។​
​មិន​ទាន់​មានការ​បំភ្លឺ​បញ្ជាក់​ណាមួយ​ ពី​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នៅឡើយ​ទេ​ ទាក់ទង​នឹង​ព័ត៌មាន​ច​ចាម​អារាម​ដែល​គេ​បង្ហោះ​ក្នុង​ Facebook​ ទាំងនេះ​ ។​
​បច្ចុប្បន្ន​ គេ​អាច​ស្គាល់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បាន​ច្បាស់​ ឬ​ស្ទើរ​ច្បាស់​ ដោយសារ​លោក​ឧកញ៉ា​រូប​នេះ​ជា​ថៅកែ​ក្រុមហ៊ុន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ ជាមួយ​រាជរដ្ឋាភិបាល​កាលពី​អំឡុង​ឆ្នាំ​២០០១​ រយៈពេល​៣៥​ឆ្នាំ​លើ​ការ​ប្រមូលប្រាក់​ពី​អ្នក​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​ ដែល​អ្នក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​និយាយ​ពេញៗ​មាត់​ថា​ “​ជា​ក្រុមហ៊ុន​ធ្វើ​សេវា​រាប់​ក្បាល​ឡាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​យក​លុយ​ ”​ ៕​


ប្រភពពី DTN7