ការ​លុប​ចោលសេចក្ដីប្រកាស​លេខ ២៣២ កំពុង​​នាំ​សង្ស័យ​​ដល់​ការ​ងើប​​រើ​​ជំងឺ​ចាស់

12/23/2013 0 Comments A+ a-

រាជរដ្ឋាភិបាល ​ថ្មីៗ​នេះ បាន​ធ្វើ​និរាករណ៍​សេចក្ដីប្រកាស​អន្តរ​ក្រសួង​លេខ ២៣២ ចុះ​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០០៩ ស្តី​ពី​ការ​អនុវត្ត​ការ​កំណត់​តម្លៃ​សេវា​ទូរសព្ទ​អប្បបរមា​ទៅ​លើ​ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​នានា ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​កន្លង​មក។
កាលពី​ថ្ងៃទី២០ ធ្នូ ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ចេញ​សេចក្ដីប្រកាស​ថ្មី​មួយ ដោយ​លុបចោល​នូវ​សេចក្ដីប្រកាស​អន្តរក្រសួង​លេខ ២៣២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដែល​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​ទូរសព្ទ​ទាំង​អស់​ត្រូវ​អនុវត្ត​ការ​យក​តម្លៃ ​សេវា ៤.៥សេន ក្នុង​មួយ​នាទី សម្រាប់​ការ​ហៅ​ក្នុង​ប្រព័ន្ធ និង តម្លៃ ៥.៩៥សេន ក្នុង​មួយ​នាទី​ សម្រាប់​ការ​ហៅ​ទៅ​ក្រៅ​ប្រព័ន្ធ។

ការ​ចេញ​សេចក្ដីប្រកាស​ប្រកាស​ ថ្មី​នេះ កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ការ​វិល​​ត្រឡប់​ទៅ​រក​ការ​អនុវត្ត​​ការ​ ​​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​​ទូរសព្ទ​នានាកន្លង​ទៅ តាម​រយៈ​ការ​ផ្តល់​សេវា​ទូរសព្ទ​ដែល​​គិត​តម្លៃ​សេវា​ថោក​ជាង​ថ្លៃ​ដើម រួម​ទាំង​ការ​ផ្តល់​អន្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​​​ធ្លាប់​រង​ការ​ចោទ​ ប្រកាន់​​កន្លង​ទៅ ដើម្បី​ទាក់ទាញ​អតិថិជន។
យ៉ាងណា នៅក្នុង​សេចក្តីប្រកាស​ថ្មី​នេះ ក៏​បាន​ស្នើ​ឱ្យ​គ្រប់​ប្រតិបត្តិ​ករ​ទូរសព្ទ​ទាំងអស់ ត្រូវ​ធ្វើការ​ប្រកួតប្រជែង​គ្នា​ដោយស្មោះ​ត្រង់ ចៀសវាង​ការអនុវត្ត​ការ​យក​​តម្លៃ​ទាប​ហួសហេតុ និង​ស្នើ​ឱ្យ​បង្កើត​នូវ​សមាគម​ទូរគមនាគមន៍​មួយ ដើម្បី​ជជែក និង​ដោះស្រាយ​វិវាទ​រវាង​គ្នា​និង​គ្នា៕