ក្រោយទទួលភ្លើងខៀវលោក យឹម សុភាព និងលោក ផុន ខិតខំប្រមូលប្រាក់រក្សាតំណែង និងផ្គាប់ផ្គុនថ្នាក់លើ
ខេត្តសៀមរាប ៖ មន្ត្រីជំនាញខាងកៀបជំរិតលោក យឹម សុភាព ដែលជានាយរងសេនាធិការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាមេបញ្ជាការស្រុកស្វាយលើ រួមជាមួយនឹងលោក ផុន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកប្រាសាទបាគង ជាអ្នកសកម្មបំផុតក្នុងការប្រលុយគ្រប់រូបពីបទល្មើសព្រៃឈើខុសច្បាប់ ។ កន្លងមកថ្នាក់លើបានស្តីបន្ទោសជាញឹកញាប់ ប៉ុន្តែការស្ដីបន្ទោសនោះវាគ្រាន់តែជាលក្ខណៈក្រើនរំឭកមួយ ដើម្បីឲ្យចេះស្គាល់ថ្នាក់លើតែប៉ុណ្ណោះ។
បន្ទាប់ពីមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសនោះ យឹម សុភាព មិនត្រឹមតែថ្នាក់លើមិនហៅមកដាក់ពិន័យទៅតាមផ្លូវច្បាប់ប៉ុណ្ណោះទេ បែជាថ្នាក់លើលើកទឹកចិត្តឲ្យកាន់កាប់ប្រមូលលុយពីបទល្មើសព្រៃឈើទៅវិញរួមជាមួយលោក ផុន ដែលកន្លងមករហូតបច្ចុប្បន្ននេះគាត់ក៏ជាអ្នកប្រមូលលុយពីបទល្មើសដ៏សកម្មដែរ។ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដែលត្រូវឆ្លងកាត់តំបន់របស់គេ ហើយបើសិនជាមានឈ្មួញណាមិនទំនាក់ទំនងឲ្យគេរត់ការកាងនូវបទល្មើសនោះទេ គឺលោក យឹម សុភាព បញ្ជាឲ្យកូនចៅធ្វើការប្រដេញចាប់ជាមិនខាន។
មន្ត្រីសមត្ថកិច្ចជាច្រើនបាននិយាយថាបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាត់តាំងឲ្យលោក យឹម សុភាព និងលោក ផុន ដើរប្រមូលលុយពីបទល្មើសព្រៃឈើដែលផ្ទុយទៅច្បាប់នេះជាគោលការណ៍ថ្នាក់ខេត្តឬគោលការណ៍ថ្នាក់កងរាជអាវុធហត្ថលើផ្ទៃប្រទេសទើបបានជាបណ្ដោយឲ្យមន្ត្រីទាំង ២ រូបនេះធ្វើផ្គធ្វើភ្លៀងតាមតែអំពើចិត្តដូច្នេះ។ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងជញ្ជូនឈើឲ្យមានប្រសិទ្ធិភាពយ៉ាងណាក្ដី ក៏នៅមិនទាន់ទទួលបានភាពជោកជ័យនៅឡើយ គឺបទល្មើសព្រៃឈើនៅតែបន្តកើតមានគ្រប់រូបភាពដដែល៕ប្រភព ពីកំនើតថ្មី
