ទឹម វត្តី ធ្លាយដំណឹងបែកបាក់ជាមួយប៊ឺរី ព្រោះមានអ្នកទី៣ចូលជ្រែក
ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មានលេចឮដ៏រសើបមកថា តារាសម្តែងដែលគេស្គាល់ ជាប្អូនស្រីបង្កើតរបស់ នាង ទឹម រដ្ឋា គឺកញ្ញា ទឹម វត្តី ពេលនេះសម្ព័ន្ធភាពស្នេហ៍ រវាងនាង ជាមួយនឹងតារាប្រុស លោក ប៊ឺរី ជាសង្សាបាននឹងកំពុតែជួបភាពប្រេះឆា បន្ទាប់ពីអ្នកទាំងពីរ បានទាក់ទងសាងស្នេហា ដ៏ផ្អែមល្ហែមជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ផ្អែកតាមប្រភពពីរង្វង់ សិល្បៈជាមួយតារាស្រីរូបនេះ បាននិយាយឲ្យដឹងថា បច្ចុប្បន្នចំណងស្នេហ៍ រវាងតារាស្រីនិយមតែងខ្លួន បែបសិចស៊ី កញ្ញា ទឹម វត្តី និង លោក ប៊ឺរី កំពុងតែឈានទៅដល់ផ្លូវបែកបាក់គ្នា ។ ខណៈដែលអ្នកទាំងពីរ ពុំសូវមានទំនុកចិត្តលើគ្នា ទៅវិញទៅមក ពោល គឺគ្មានការជឿជាក់ ចំពោះគ្នា ដោយហេតុផលប្រច័ណ្ឌ។
ប្រភពខាងលើ បានបន្តថា កញ្ញា ទឹម វត្តី និងគូស្នេហ៍លោក ប៊ឺរី មួយរយៈនេះ ពុំសូវបានឃើញ បណ្តើរគ្នាទៅណាមកណា ដូចគ្រាសាងស្នេហ៍លើកដំបូងនោះឡើយ។ ម្យ៉ាងទៀតបើតាមគេដឹង គឺគូស្នេហ៍អ្នកទាំងពីរ ហាក់មានភាពប្រងើយកណ្តើយ ដាក់គ្នាំខ្លាំងណាស់ ស្របពេលដែលមានពាក្យខ្សឹបខ្សៀវលេចឮមកថា កំពុងមានបុរសជំនួញក្រៅស្រុក សម្បួរលុយម្នាក់ តាមជ្រែកស្នេហ៍នាង ទឹម វត្តី។
ប្រភពដដែល បាននិយាយទៀតថា ចំណងស្នេហាដែលធ្លាប់សាងឡើង ពីភាពផ្អែមល្ហែម រវាងកញ្ញា វត្តី និងតារាប្រុសរូបសង្ហា ឥឡូវបានប្រែក្លាយជា ការមើលមុខគ្នាមិនសូវចំ ដោយសារភាពរង្គោះរង្គើរ ទំនាស់ពាក្យសម្តីដាក់គ្នា ខណៈដែលមានអ្នកទី៣ កំពុងតែព្យាយាមចូលជ្រៀតជ្រែក បំបែកបំបាក់ស្នេហ៍អ្នកទាំងពីរ។ ទោះបីជាយ៉ាងណា ក៏ដោយ គេនៅមិនទាន់ដឹងថា តើកញ្ញា ទឹម វត្តី និង លោក ប៊ឺរី អាចនឹងផ្សះផ្សាស្នេហ៍ជាមួយគ្នាបានវិញ ឬមួយយ៉ាងណានោះទេ?
ចំណែកឯបុរសជាអ្នកជំនួញក្រៅស្រុក ដែលព្យាយាមប៉ង ចង់បានស្នេហ៍ពីតារាស្រី ទឹម វត្តី ម្នាក់នោះ ត្រូវបានប្រភព បង្ហើបថា ជាអាណិកជនខ្មែរ រស់នៅអាមេរិក ហើយក៏ឧស្សាហ៍ ចេញចូលស្រុកខ្មែរញឹកញាប់ទៀតផង។
គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃច័ន្ទទី៩ ខែធ្នូ ឆ្នាំ២០១៣នេះ មិនអាចទាក់ទងដើម្បី សុំការ បកស្រាយពី កញ្ញា ទឹម វត្តី បាននៅឡើយទេ។ ដូច្នេះគេហទំព័រ LookingTODAY រង់ចាំការបកស្រាយ ពីកញ្ញា ទឹម វត្តី ជុំវិញរឿង នេះ ដើម្បីឲ្យមហាជនបានដឹងពីការពិតនៅពេលក្រោយ៕