រៀនលួចម៉ូតូលើកដំបូងបានសម្រេច បើករត់ពីក្រុងបាត់ដំបង មកជាប់អន្ទាក់នៅមោងឫស្សី
ហេតុការណ៍លួចប្រព្រឹត្តម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨និង៣០ នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចអាងក្រពើ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ហើយេជនល្មើសបានបើករត់ ទៅដល់ស្រុកមោងឫស្សី ក៏ត្រូវកម្លាំងអាវុត្ថ ស្រាវជ្រាវចាប់បាន។ ជនសង្ស័យដែលត្រូវ សមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ មឿន ចិន្តា ហៅរ័ត្ន អាយុ ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំនិមិ្មត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណែកយុវជនរងគ្រោះ មានឈ្មោះ វួច វែងហុង អាយុ ១៧ឆ្នាំជាសិស្ស រស់នៅភូមិអូតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ហើយម៉ូតូដែលចោរលួច ម៉ាកស្កូពី ពណ៌ស គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៣លេខតួលេខម៉ាស៊ីន KT110DE8020167។ យុវជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា នៅវេលាម៉ោង ១៨និង៣០ នាទីខ្លួនបានចេញពីរៀន ទៅចំណុចអាងចិញ្ចឹមក្រពើ ដោយទុកម៉ូតូមួយភ្លែតនៅក្រៅរបង រួចចូលមើលសត្វក្រពើ ពេលចេញមកវិញបាត់ម៉ូតូ ក៏ប្តឹងអាវុធហត្ថតែម្តង។
បុរសសង្ស័យឈ្មោះ មឿន ចិន្តា ហៅរ័ត្ន បានឆ្លើយសារភាពថា ខ្លួនទើបតែរៀន តភ្លើងចប់ហើយរៀនលួចជាលើកដំបូង ក៏លួចបានម៉ូតូពិតប្រាកដមែន។ ហើយនៅថ្ងៃកើតហេតុ ដោយមិនឃើញមានម្ចាស់នៅក្បែរម៉ូតូ ខ្លួនក៏យកសោរអក្សតអ៊ិល មកកាច់សោរម៉ូតូបញ្ឆេះ ពេលនោះបាក់សោរពាក់កណ្តាល ក្នុងកុងតាក់ ហើយបណ្តើរចេញមក ដោះអាវម៉ូតូតភ្លើងកុងតាក់ ជិះទៅសម្ងំនៅស្រុកថ្មគោល ហើយនៅព្រឹកថ្ងៃទី១២ ខែធ្នូទើបជិះម៉ូតូបម្រុងទៅភ្នំពេញ ក៏ត្រូវអាវុធហត្ថស្រុកម៉ោងឬស្សី ឃាត់ខ្លួនបានតែម្តង៕
_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ