មើលមុខជនឆបោក ដែលជួលឡានយកទៅបញ្ចាំ ត្រូវជនរងគ្រោះនាំខ្លួនមកឲ្យសមត្ថកិច្ច
ជនសង្ស័យមានឈ្មោះ ភឿក ឡង់ឌី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤B ផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយរថយន្តនោះ បានដាក់បញ្ចាំក្នុងតម្លៃ ៤.៥០០ ដុល្លារ នៅកុងស៊ីមួយកន្លែង ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីធ្វើការឆែកឆេរ។ សមត្ថកិច្ចបានឲ្យដឹងថា នៅដើមខែសីហា ឆ្នាំ២០១៣ ឈ្មោះ ភឿក ឡង់ឌី បានទៅជួលរថយន្ត របស់ជនរងគ្រោះ ហៃ សម្បត្តិ អាយុ ៣៧ឆ្នាំ ដោយសន្យាបង់ មួយខែម្តងតម្លៃ ៦៥០ដុល្លារ ទៅតាមការត្រូវរ៉ូវគ្នា ហើយរយៈពេលនៃការជួលមាន ២ខែប៉ុណ្ណោះ។
ប៉ុន្តែចាប់តាំងពីបាន រថយន្តនោះហើយ ឈ្មោះ ភឿក ឡង់ឌី ពុំបានគោរពតាមកិច្ចសន្យាឡើយ និងបានយករថយន្តរបស់ជនរងគ្រោះ ទៅបញ្ចាំនៅកុងស៊ីមួយកន្លែង ក្នុងតម្លៃ ៤,៥០០ ដុល្លារ ហើយចេះតែគេចវេះរហូត។ នៅចំពោះមុខសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានី ឈ្មោះ ភឿក ឡង់ឌី បានសារភាពថា ខ្លួនពិតជាបានជួល រថយន្តរបស់ជនរងគ្រោះ រួចយកទៅបញ្ចាំមែន ក្នុងតម្លៃ ៤,៥០០ ដុល្លារ តែខ្លួនពុំបានស្គាល់ កុងស៊ីនោះទេ ដោយអោយមិត្តភក្ដិ យកទៅបញ្ចាំបន្ត៕
ប្រភពពី វត្តភ្នំ