មន្ត្រី​បក្ស​នឹង​ប្តឹង​មេដឹក​នាំ ហ៊្វុន​ស៊ិន​ប៉ិច

12/26/2013 0 Comments A+ a-

ភ្នំពេញៈ សមាជិក​ជាន់​ខ្ពស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច គ្រោង​នឹង​ដាក់​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ឲ្យ​ហួស​ពី​ខែ​នេះ ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​កេង​បន្លំ​ថវិកា ពី​ការ​លក់​ទ្រព្យ​សម្បត្តិ​របស់​គណបក្ស។
លោក សុខ សាវ៉ាន់ សមាជិក​គណៈកម្មការ​នាយក​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាន ​ចោទ​លោក ញឹក ប៊ុនឆៃ អគ្គ​លេខាធិការ​គណបក្ស ហ្វ៊ុន​ស៊ិន​ប៉ិច និង​ប្រធាន​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ អរុណ រស្មី និង​ស្វាមី លោក កែវ ពុទ្ធរស្មី ពី​បទ​ឃុប​ឃិត​លក់​ទ្រព្យ​សម្បត្តិ​បក្ស​ដោយ​មិន​សុំ​ការ​ឯកភាព​ពី សំឡេង​ភាគ​ច្រើន​នៃ​គណៈកម្មការ​នាយក។ លោក សាវ៉ាន់ បាន​ថ្លែង​បន្ត​ថា៖ «យើង​កំពុង​សិក្សា​ជាមួយ​មេធាវី​របស់​យើង​ដើម្បី​រៀបចំ​ពាក្យ​បណ្តឹង​ទៅ​ តុលាការ​ដើម្បី​ថែរក្សា​កេរ​ដំណែល​នយោបាយ និង​ទ្រព្យ​សម្បត្តិ​របស់​សម្តេច ឪ នរោត្តម សីហនុ ហើយ​ការ​រៀបចំ​ដាក់​បណ្តឹង​នេះ​នឹង​មិន​យូរ​លើស​ពី​ខែ​នេះ​ទេ»។ លោក​បន្ត​ថា មាន​តែ​សមាជិក​ចំនួន ១៦០ រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​សរុប​ចំនួន ៣៤០ រូប​នៃ​គណៈកម្មការ​នាយក​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ ទី២២ ខែ ធ្នូ នៅ​ទីស្នាក់ការ​កណ្តាល ហើយ​ដែល​នេះ​ជា​ការ​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​បក្ស។
លោក សាវ៉ាន់ ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ឈរ​ឈ្មោះ​នៅ​ខេត្ត ព្រៃវែង ផង​ដែរ​នោះ​បាន​ថ្លែង​ថា៖ «កិច្ច​ប្រជុំ​នោះ​គឺ​ខុស​ច្បាប់​ពីព្រោះ​វា​ផ្ទុយ​នឹង លក្ខន្តិកៈ​បក្ស ដែល​មាន​សមាជិក​តែ ១៦០ នាក់​ប៉ុណ្ណោះ​បាន​ចូល​រួម​ការ​ប្រជុំ​នោះ​ហើយ​មិន​អាច​ស្មើ​នឹង​សំឡេង​ភាគ​ ច្រើន​ដែល​ត្រូវ​សុំ​ការ​អនុម័ត​ចំពោះ​ការ​លក់​ទីស្នាក់ការ​នោះ​ទេ»។ លោក​បាន​ថ្លែង​បន្ត​ថា មេ​ដឹក​នាំ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច មិន​បាន​បង្ហាញ​បំណុល​ពី​មុន​ពេល​ការ​រួម​បញ្ជូល​គណបក្ស​ទេ ប៉ុន្តែ​នៅ​កិច្ច​ប្រជុំ​ថ្ងៃ ទី២២ ធ្នូ គណបក្ស​ត្រូវ​ការ​លក់​ទីស្នាក់ការ​ដើម្បី​ជម្រះ​បំណុល​ចំនួន ៨០ ម៉ឺន​ដុល្លារ​នៅ​ធនាគារ កាណាឌីយ៉ា។ លោក សាវ៉ាន់ បាន​ថ្លែង​បន្ត​ថា គណបក្ស​មិន​អាច​រស់​រាន​ពី​ការ​លក់​ទីស្នាក់ការ ដើម្បី​ធ្វើ​នយោបាយ​ពី​ការ​បោះឆ្នោត​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ទៀត​បាន​ទេ គណបក្ស​ត្រូវ​ការ​កំណែ​ទម្រង់។ លោក សាវ៉ាន់ បាន​ថ្លែង​បន្ត​ថា៖ «យើង​បាន​ប្តេជ្ញា​និង​រក្សា​ឲ្យ​រស់​រាន​នូវ​កេរ​ដំណែល​នយោបាយ និង​ទ្រព្យ​សម្បត្តិ​របស់​សម្តេច ឪ នរោត្តម សីហនុ ដែល​បាន​បង្កើត​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច»។ «ការ​លក់​ទ្រព្យ​សម្បត្តិ​របស់​គណបក្ស​គឺជា​សកម្មភាព​បំផ្លាញ​កេរ​ដំណែល​ របស់​សម្ដេច​ឪ»។
លោក​បាន​ថ្លែង​បន្ត​ថា មន្ត្រី​គណបក្ស​នឹង​មិន​ប្រឆាំង​ទេ ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​និង​ប្រើ​ប្រាស់​ថវិកា​ដើម្បី​សាងសង់​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ ដូចជា សួនច្បារ សាលារៀន ដោយ​ដាក់​ឈ្មោះ​សម្តេច ឪ មិន​មែន​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​របស់​ថា្នក់​ដឹក​នាំ​នោះ​ទេ។
គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច មិន​បាន​ឈ្នះ​អាសនៈ​សភា​ណា​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ កាល​ពី​ថ្ងៃ ទី២៨ ខែ​កក្កដា ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​មិន​បាន​ចូល​រួម​នៅ​ក្នុង​រដ្ឋាភិបាល ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី ពួក​គេ​នៅ​មាន​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ១៦០ រួម​ជាមួយ ៥៣ របស់​គណបក្ស នរោត្តម រណឫទ្ធិ។
ចាប់​តាំង​ពី​គណបក្ស ប្រជាជន​កម្ពុជា បាន​បណ្តេញ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ចេញ​ពី អំណាច បន្ទាប់​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម នៅ​កណ្តាល​រា​ធានី​ភ្នំពេញ កាល​ពី​ខែ កក្កដា ឆ្នាំ ១៩៩៧ រួម​ទាំង​ជម្លោះ​ផ្ទៃ​ក្នុង​ជា​បន្ត​បន្ទាប់​ផង​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​ធ្លាក់​ចុះ​ឥទ្ធិពល​ជា​បន្ត​បន្ទាប់។
មន្រ្តី គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​មក​ការិយាល័យ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ដើម​ខែ​នេះ បាន​សម្ដែង​ការ​ខឹង​សម្បា​ស្រដៀង​គ្នា​ជាមួយ​លោក សាវ៉ាន់ ថា​គណបក្ស​ធ្លាក់​ឥទ្ធិពល​ដោយសារ​ការ​មិន​មាន​តម្លាភាព​និង​បក្ខពួក​និយម។
ទោះ​យ៉ាង​ណា​លោក ញឹក ប៊ុនឆៃ កាល​ពី​ម្សិលមិញ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក សាវ៉ាន់ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា​ការ​លក់​ទីស្នាក់ការ​កំពុង​ស្ថិត​ក្នុង ការ​ពិចារណា​ដោយ​គណៈកម្មការ​នាយក​នៅ​ឡើយ៕
ប្រភពពី  ភ្នំពេញ ប៉ុស្តិ៍