កម្ពុជា​ ៖​ បោះ​ឆ្នោត​សា​ជា​ថ្មី​ក៏​មិន​អាច​ បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ ការ​បោះ​ឆ្នោត​ក៏​មិន​ហ៊ាន

12/11/2013 0 Comments A+ a-

Sam-Rainsy-Kim-Sokhaក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ “​គ​.​ជ​.​ប​”​ កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​មក​ គឺ​មាន​រយៈពេល​៣​ខែ​ហើយ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​អស់ចិត្តនិងយល់ព្រមទទួលស្គាល់  លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នៅឡើយ​ ដោយ​ដឹកនាំ​ក្រុម​អ្នកគាំទ្រ​គណបក្ស​របស់​ខ្លួន​ធ្វើ​បាតុកម្ម​តវ៉ា​ជា​ហូរហែ​ អស់​ជា​ច្រើន​លើក​ច្រើន​សា​ ដើម្បី​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើប អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ក្នុង​គោល បំណង​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​បាន​ឈ្នះ​ដោយ​ថ្លៃថ្នូរ​ និង​គណបក្ស​ចាញ់ឆ្នោត​បាន​ចាញ់​ដោយ​អស់ចិត្ត​ ។​
​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្នើ​សុំ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ចាប់តាំងពី​ គ​.​ជ​.​ប​ ប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ភ្លាមៗ​នោះ​ ត្រូវ​បាន​ច្រានចោល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​គណបក្សកាន់អំណាច​នេះ​អះអាង​ថា​ ជា​ការ​រំលោភ​បំពាន​លើ​ច្បាប់​របស់​កម្ពុជា​ ព្រោះ​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ គឺជា​សមត្ថកិច្ច​របស់​ គ​.​ជ​.​ប​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ ។​
​ដោយសារ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​មិន​យល់​ស្រប​ទៅ​នឹង​ការ​ទាមទារ​របស់​ខ្លួន​ និង​ដោយ​យល់​ឃើញ​ថា​ ទាំង​ គ​.​ជ​.​ប​ ទាំង​ក្រុមប្រឹក្សាធម្មនុញ្ញ​ សុទ្ធតែ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ទុកចិត្ត​បាន​ ទើ់ប​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​យក​ជម្រើស​ចុង​ក្រោយ​ គឺ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​អស់​ជា​ច្រើន​លើក​ច្រើន​សា​ ខណៈ​ដែល​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្សប្រឆាំង​មួយ​នេះ​ចំនួន​៥៥​រូប​មិន​ទាន់​យល់ព្រម​ចូលរួម​កាន់​តំណែង​ក្នុង​រដ្ឋសភា​ឡើយ​ ។​
​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ទាំង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​ថា​ ចង់​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ រហស្សនាម​”​បុរស​ខ្លាំង​”​ យក​គំរូ​តាម​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ដែល​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ស្នើ​សុំ​រំលាយ​រដ្ឋសភា​ និង​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​ក្រុម​បាតុករ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ អាប់​ភី​ស៊ី​ត​ វេចា​ជីវ៉ា​ ធ្វើ​បាតុកម្ម​តវ៉ា​យ៉ាង​ខ្លាំងក្លា​អស់​ជា​ច្រើន​ថ្ងៃ​រួច​មក​ ។​
​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​ជា​ប្រទេស​ក្បែរ​ខាង​ភូមិ​ផង​របង​ជាមួយ​ ជា​ប្រទេស​សមាជិកសមាគម​អាស៊ាន​ដូច​គ្នា​ និង​ជា​ប្រទេស​មាន​វប្បធម៌​ស្រ​ដៀង​គ្នា​ពិតមែន​ ប៉ុន្តែ​ថៃ​មិន​ដូច​កម្ពុជា​ទេ​ គឺ​ទាំង​ស្តេច​ថៃ​ក៏​មិន​ដូច​ស្តេច​ខ្មែរ​ ទាំង​រដ្ឋសភា​ថៃ​ ក៏​មិន​ដូច​រដ្ឋសភា​ខ្មែរ​ ទាំង​នាយក​រដ្ឋមន្ត្រី​ថៃ​ក៏​មិន​ដូច​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ទាំង​កងកម្លាំងប្រដាប់អាវុធ​ថៃ​ ក៏​មិន​ដូច​កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ ទាំង​តុលាការ​ថៃ​ ក៏​មិន​ដូច​តុលាការ​ខ្មែរ​…​ដូច្នេះ​ វា​ទំនង​ពិបាក​ណាស់​ដែល​ចង់​ឲ្យ​ស្ថានការណ៍​នយោបាយ​ខ្មែរ​ដោះស្រាយ​តាម​របៀប​ថៃ​នោះ​ ដ្បិត​នាយក​រដ្ឋមន្ត្រី​គ្មាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ “​ឈ្នះ​-​ឈ្នះ​”​ ដូច​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទេ​ ។​
​រួម​សេចក្តី​មក​ វាសនា​នៃ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​វាសនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ គឺ​អាស្រ័យ​លើ​អំណាច​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​នៅ​កម្ពុជា​ក៏​មិន​អាច​ និង​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក៏​ “​បុរស​ខ្លាំង​”​ មិន​ហ៊ាន​ ៕​
Sam-Rainsy-&-Kim-Sokha
ប្រភពពី DTN7