ផឹកស៊ីឌឺដង ព្រោះតែស្រី ខារ៉ាអូខេ ចេញមកដេញគ្នា បាញ់ផ្អើលក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ផ្ទុះអាវុធ ៤គ្រាប់ ទាំងកណា្តលអាធ្រាត្រ ក្នុងក្រុងកំពង់ឆ្នាំង បណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងសង្កាត់ -ក្រុងកំពង់ឆ្នាំង ខណៈរថយន្តបេអ៊ឹម បើកដេញរថយន្តក្មេងទំនើង ពេលពួកគេចេញពីផឹក ស៊ី ច្រៀងខារ៉ាអូខេ ហាងយីហោ ៩៨ ទាំងអស់គ្នា ។ សមត្ថកិច្ចបានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ឈ្មោះ ឪ រតនា ហៅ ម៉ុង ជាកូនថៅកែក្រុមហ៊ុន អគ្គិសនីលីមីតធីត ខេត្តកំពង់ឆ្នាំង បានប្រាប់សមត្ថកិច្ចនៅ កន្លែងកើតហេតុឲ្យដឹងថា គាត់បានបើករថយន្តផ្ទាល់ខ្លួន ចេញពីច្រៀងខារ៉ាអូខេ យីហោ ៩៨ ស្ថិតនៅក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈបើករថយន្ត ចេញមកដល់ខ្លោងទ្វារ ស្រាប់តែ មានរថយន្ត១គ្រឿងទៀត ដែលនៅលើរថយន្តនោះ មានគ្នាចំនួន២នាក់ បានបាញ់ចំនួន២គ្រាប់ ឃើញ ដូច្នេះគាត់ក៏បានបើករថយន្ត ដេញតាមរហូតរថយន្តនោះ បានបើកចូលទៅក្នុងភូមិរបស់ប្រជាពលរដ្ឋហើយ ពួកគេ បានចុះមកបាញ់ចំនួន២គ្រាប់ទៀត រួចក៏រត់គេចខ្លួន បន្សល់ទុករថយន្តនេះ នៅកន្លែងកើតហេតុតែ ម្តង ។
ហេតុការណ៍ខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋកម្លាំងនគរបាល និង កងរាជ អាវុធហត្ថ តាមវិទ្យុទាក់ទង ទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ នៅក្នុងរថយន្តសមត្ថកិច្ចបានពិនិត្យរក ឃើញពូថៅដៃចំនួន១ និងស្នាប់កាំភ្លើង និងសម្ភារៈមួយចំនួនទៀតដែលសមត្ថកិច្ចសង្ស័យថា ម្ចាស់រថយន្ត នេះ ជាអ្នកប្រើប្រាស់គ្រឿងញៀន ប៉ុន្តែ រកមិនឃើញសំបកកាទូសកាំភ្លើងឡើយ ។
ប្រភពពីកន្លែងកើតហេតុ ក៏បានឲ្យដឹងផងដែរថា ក្មេងទំនើងប្រើប្រាស់អាវុធបាញ់បោះខាងលើ គេស្គាល់ ឈ្មោះ ចាន់ ធិន ជាកូនមន្ត្រីនគរបាល នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅមុនកើតហេតុ ក្រុម ទាំងពីច្រៀងខារ៉ាអូខេ ម្ខាងនៅបន្ទប់លេខ១៤ និងក្រុមម្ខាងទៀត ច្រៀងនៅបន្ទាប់លេខ១៥ ជាបន្ទប់ជាប់ គ្នា ប៉ុន្តែគេពុំដឹងថា ក្រុមទាំង២មានបញ្ហាអ្វីនោះទេ ដែលបណ្តាលឲ្យមានការផ្ទុះអាវុធបែបនេះ ។
លោក លឹម ហាក់ នាយការិយាល័យ ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា រថយន្តដែលឈប់ ទុកចោលនៅក្នុងហេតុការណ៍នេះ ម៉ាកតូយ៉ូតាកាមរី ពណ៌សំបកឳឡឹក ពាក់ស្លាកលេខភ្នំពេញ 2A-8415 ត្រូវកម្លាំង អ.ហ យកមករក្សាទុក នៅទីបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ហាងខារ៉ាអូខាយីហោ ៩៨ កន្លងមក ត្រូវបានប្រជាពលរដ្ឋមួយចំនួន ពិសេស ស្ត្រីមេផ្ទះ បានរិះគន់ថា ហាងខារ៉ាអូខេ យីហោ ៩៨ មានសេវាស្រីចំរៀង ក្មេងស្អាតៗ ព្រមទាំងមានសេវាផ្លូវភេទ តាមរយៈនាំទៅផ្ទះសំណាក់សាន់ដេ ដែលម្ចាស់ផ្ទះសំណាក់ និងម្ចាស់ហាងខារ៉ាអូខេ គឺជាមនុស្សតែមួយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល