នាយឧត្តមសេនីយ៍ប៉ូលិស ថៅកែហាងខារ៉ាអូខេ សង់អាលីហ្សេត្រូវបាន តែងតាំងជាទីប្រឹក្សា បុរសខ្លាំងមានឋានៈស្មើរដ្ឋមន្ត្រី
ក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ចក់ ឡេង ត្រូវបានតែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩២៨ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ។
ឥឡូវនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ចក់ ឡេង ដែលគេស្គាល់ថា ជាថៅកែគ្រប់គ្រងសណ្ឋាគារ និងខារ៉ាអូខេឈ្មោះ សង់អាលីហ្សេ និងជាសេដ្ឋីមានលុយចាយមិនអស់នោះ ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥ មានឋានៈស្មើរដ្ឋមន្ត្រីវិញហើយៗតំណែងជាទីប្រឹក្សាអម ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបញ្ចប់ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១១៥០ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ក្រុមអ្នករិះគន់មួយចំនួនបានលើកឡើងថា ធ្វើជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រីដែលមានឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានស្ថាប័ននោះ គឺមិនសូវមានឥទ្ធិពលអំណាចទេ ដូច្នេះហើយទើបឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ចក់ ឡេង ត្រឡប់មកធ្វើជាទីប្រឹក្សាផ្ទាល់បុរសខ្លាំងវិញ ព្រោះមានឥទ្ធិពលអំណាចខ្លាំងជាង ។ ម្យ៉ាងទៀត ការណ៍ដែលបុរសខ្លាំងទូលថ្វាយព្រះមហាក្សត្រឲ្យមានការតែងតាំងសេដ្ឋី ជាថៅកែគ្រប់គ្រងហាងខារ៉ាអូខេ ធ្វើជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីនោះ ទំនងជាបុរសខ្លាំងត្រូវការឲ្យមានទីប្រឹក្សាផ្តល់យោបល់ខាងផ្នែក ខារ៉ាអូខេហើយមើលទៅ ដើម្បីបានបន្ធូរអារម្មណ៍ខ្លះៗ ៕
ប្រភពពី DTN7
