ម៉ូតូ​ពីរ​​គ្រឿង​បោល​បុក​គ្នា លើ​ស្ពានថ្ម​ក្រុង​តាខ្មៅ របួសធ្ងន់​សន្លប់​ស្តូកស្តឹង ៣​នាក់​

12/05/2013 0 Comments A+ a-

Wat-041229ខេត្តកណ្ដាល ៖ ម៉ូតូ​​ពីរ​​គ្រឿង​​បាន​​បោល​​បុក​​គ្នា យ៉ា​ង​ពេញ​ទំ​ហឹង ប​ណ្តា​ល​​ឲ្យ​​យុវ​ជន ៣​​នាក់​​បាន​​រង​របួស​​ធ្ងន់ ស​ន្លប់​​ស្តូក​ស្តឹង​​នៅ​លើ ស្ពាន​ថ្ម​​ក្រុង​​តា​ខ្មៅ ហើយ​ត្រូវ​បាន​​រ​ថ​យន្ត របស់​​ស្នង​ការ​​នគរ​បាល​​ខេត្ត​ក​ណ្តាល ដឹក​​យក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ០០​និង​១០​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣​។​
ប៉ូលិសចរាចរ​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៣​នាក់​ពុំមាន​លិខិតស្នាម សម្គាល់​ពី​អត្តសញ្ញាណ​ឡើយ ហើយ​ពួកគេ​រងរបួស​ជា​ទម្ងន់ សន្លប់​ស្តូកស្តឹង​។ មុនដំបូង​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ីត​ធី សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ៤៩៣៩ ក្រ​.​ច ជិះ​ឌុប​គ្នា​បីនាក់ ធ្វើដំណើរ​លើ​កំណាត់ ផ្លូវជាតិ​លេខ​២ ពី​ទិស​ខាងត្បូង​ទៅ​ជើង ដោយ​បញ្ច្រាស​ស្លាក​សញ្ញា​។​
​ស្រាប់តែ ម៉ូតូ​ស៊ី​ធី​សេ​១០០ ពណ៌​ក្រហម​ដូចគ្នា​ដែរ ពាក់​ស្លាក​លេខ ទ ៥៩៤៦ ភព បើកបរ​ដោយ​បុរស​ម្នាក់ មកពី​ទិស​ខាងជើង​ទៅ​ត្បូង ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង ត្រង់​កណ្តាល​ស្ពាន​តែម្តង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​បួន​នាក់ រងរបួស​ក្នុងនោះ មាន ៣​នាក់​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ឯ​ម្នាក់ទៀត រងរបួស​ស្រាល​។ បន្ទាប់មក​ឃើញ រថយន្ត​សង្គ្រោះ របស់​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល មក​ដឹកជញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។
​ករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ៣​នាក់​នេះ មូលហេតុ​មកពី អ្នកបើកបរ​ម៉ូតូ​ស៊ី​ធី​សេ​១០០ កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ៤៩៣៩ ក្រ​ច មិន​គោរព ស្លាក​សញ្ញា​ហាមឃាត់ ហើយ​បើកបរ​ក្នុង ស្ថានភាព​ស្រវឹង​ទៀតផង​។ ជនរងគ្រោះ​ទាំង ៣​នាក់​រហូតមកដល់​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣​នេះ ស្ថានភាព​របួស​នៅតែ ធ្ងន់ធ្ងរ​មិនទាន់​ដឹងខ្លួន​នៅឡើយ​។
​ប៉ូលិស​ក៏បាន​អំពាវនាវ ដល់​ក្រុមគ្រួសារ​ដែល​បាន បាត់​សាច់ញាតិ ហើយ​ជិះ​ម៉ូតូ ដូច​ភិនភាគ​ខាងលើ សូម​មក​ទំនាក់ទំនង នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​ដោះស្រាយ ទៅតាម​នីតិវិធី​ច្បាប់​៕
ប្រភពពី វត្តភ្នំ