នរណា​ជា​​ ​ចោរ​​ ពិតប្រាកដ​ ?

12/05/2013 0 Comments A+ a-

Hun-Sen-pointing-at-Sam-Rainsyអំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​មន្ត្រី​ធំៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​លើ​ស្ថាប័នរដ្ឋ​ទាំងមូល​ តែង​ត្រូវ​បាន​លើក​ឡើងជា​រឿយៗ​ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​ប្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ហើយ​ក៏​ក្លាយជា​មុខសញ្ញា​វាយប្រហារ​របស់​គណបក្សប្រឆាំង​ទៅ​លើ​គណបក្សកាន់អំណាច​ដែរ​ ។​
​ជាមួយ​គ្នា​នេះ​ គណបក្សប្រឆាំង​គ្រោង​នឹង​ទម្លាយ​អំពើ​ពុក​រលួយ​ និង​អត្រា​ការ​ប្រាក់​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ជំនួយ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ “IMF”​ នៅ​កម្ពុជា​ជូន​ប្រធាន​ IMF​ ទៀត​ផង​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ​វាយតម្លៃ​ថា​ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៦០​ក្នុង​ចំណោម​១៧៧​ប្រទេស​ ខាង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ នៅ​ពេល​ដែល​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជាប់​លេខ​១៥៧​ និង​ប្រទេស​ឡាវ​ជាប់​លេខ​១៤០​ ។​
​ដើមខែ​ធ្នូ​ ឆ្នាំ​២០១៣​នេះ​ បណ្តាញឃោសនា​ដែល​ដង្ហែ​គាំទ្រ​គណបក្សកាន់អំណាច​ បាន​ធ្វើការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​ដ៏​រសើប​មួយ​ថា​ មានការ​បាត់​លុយ​មូលនិធិ​សង្គ្រោះ​ជាតិប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​កដោយ​មិនដឹង​មូលហេតុ​ ហើយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​រង្គោះរង្គើ​បែកបាក់​ ដោយសារ​ថវិកា​មូលនិធិ​សង្គ្រោះ​ជាតិ​បាន​មក​ពី​សប្បុរសជន​នានា​ ត្រូវ​បាន​ចាយវាយ​និង​ប្រើប្រាស់​មិន​ចំ​គោលដៅ​ ។​
​ដោយសារ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​បណ្តាញឃោសនា​ដង្ហែ​គាំទ្រ​គណបក្ស​នយោបាយ​កាន់​អំណាច​ ទម្លាយ​ចេញ​រឿង​បាត់​លុយ​មូលនិធិ​សង្គ្រោះ​ជាតិ​ គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចនេះ​ ទើប​ធ្វើ​ឲ្យ​មន្ត្រី​គណបក្សកាន់អំណាច​ចំអក​ឲ្យ​ទៅ​គណបក្សប្រឆាំង​វិញ​ថា​ “​ខ្លួន​ជា​ចោរ​ បែរជា​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ចោរ​”​ ។​
​ទោះ​យ៉ាងណា​ក៏​ដោយ​ ព័ត៌មាន​ដែល​រថា​ មាន​អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​បាត់​លុយ​មូលនិធិ​សង្គ្រោះ​ជាតិ​បាន​មក​ពី​សប្បុរសជន​នានា​ចំនួន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ គ្រប់គ្រង​ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ត្រូវ​បាន​ច្រានចោល​ដោយ​ឯកឧត្តម​ គី​ វណ្ណ​ដា​រ៉ា​ អគ្គនាយក​ហិរញ្ញវត្ថុ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​រួច​ហើយ​ ដោយ​ឯកឧត្តម​អះអាង​ថា​ ជា​ព័ត៌មាន​មាន​ចេតនា​នយោបាយ​របស់​គណបក្សកាន់អំណាច​ ដើម្បី​បំបាក់ស្មារតី​ និង​បំភ័ន្ត​ភ្នែក​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​ប៉ុណ្ណោះ​ ។​
​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រាល់​ការ​លើក​ឡើង​អំពី​អំពើ​ពុក​រលួយ​របស់​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​២​ ទាំង​គណបក្សកាន់អំណាច​ ទាំង​គណបក្សប្រឆាំង​ គួរតែ​បង្ហាញ​នូវ​ហេតុផល​និង​ព័ស្តុតាង​អាច​ទទួលយក​បាន​ផង​ ប្រសើរ​ជាង​លើក​ឡើង​ក្នុង​គោលបំណង​វាយប្រហារ​គ្នា​ក្នុង​ល្បែង​នយោបាយ​ ។​ ម្យ៉ាងទៀត​ ការ​បង្ហាញ​នូវ​ព័ស្តុតាង​ដើម្បី​រក​ឲ្យ​ឃើញ​ថា​ តើ​នរណា​ជា​”​ចោរ​”​ពិតប្រាកដ​ ?​ និង​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​វាយតម្លៃ​ថា​ ជា​”​ចោរ​ដូច​គ្នា​”​ ៕​
ប្រភពពី DTN7