កាមរីផ្តាច់ព្រលឹងបុកមនុស្សអូស៣០ម៉ែត្រលើផ្លូវជាតិលេខ៦A
ខេត្តកំពង់ធំ ៖ កាមរីផ្តាច់ព្រលឹងពណ៌សមួយគ្រឿងគ្មានស្លាកលេខ បានព្រលះជាមួយម៉ូតូសង់កូរ៉េអូស២០ម៉ែត្រ បណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់ទាំងព្រឹកកាលពីវេលាម៉ោង៥ និង៥០នាទីព្រឹកថ្ងៃទី២ ធ្នូ ២០១៣ ស្ថិតនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសោម ប្រសើរ ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ។
ប្រភពបានឱ្យដឹងថា គេឃើញរថយន្តនោះជិះស្របទិសគ្នាជាមួយម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខកំពង់ធំ 1C 4357 លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូសង់កូរ៉េបំរុងនឹងបត់ឆ្វេងចូលទៅភោជនីដ្ឋានអរុណរះ ក៏ត្រូវរថយន្តបុកពេញទំហឹងប៉ើងទាំងម៉ូតូ ទាំងមនុស្សអូសចម្ងាយ៣០ម៉ែត្រ ទើបធ្លាក់មនុស្ស ចំណែកម៉ូតូវិញជាប់ទៅជាមួយនឹងរថយន្តចម្ងាយប្រហែល១០០ម៉ែត្រ ទើបរថយន្តជាន់ហ្វ្រាំងឈប់ ។
