UN ស្នើឱ្យមានការស៊ើបអង្កេតលើការប្រើហិង្សាបង្ក្រាបបាតុកម្មនៅកម្ពុជា
រលកនៃអំពើហិង្សា បានកើតមានឡើងចាប់តាំងពីក្រោយការបោះឆ្នោត តាមរយៈបាតុកម្មនានា ដែលសម្ដែងការមិនពេញ ចិត្តទៅនឹងការរៀបចំការបោះឆ្នោត ដែលផ្ដល់ជ័យជម្នះដល់ គណបក្សប្រជាជនកម្ពុជា និងដែលបាតុកម្មុចុងក្រោយបំផុត គឺបាតុកម្មការងាររបស់កម្មកររោងចក្រអេសអិលដែលនាំឱ្យផ្ទុះអំពើហិង្សានៅតំបន់ស្ទឹងមានជ័យភាគខាងត្បូងក្រុងភ្នំពេញ។
តាមរយៈការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុង ហ្សែ ណែវប្រទេសស្វ៊ីស លោករូពីត កូវីល បានថ្លែងពី ក្ដីបារម្ភជាពន់ពេក ចំពោះអំពើហិង្សាទាំងនោះ និងបានស្នើឱ្យមាន ការ ស៊ើបអង្កេត ប្រកបដោយគណនេយ្យភាពមួយចំពោះ ការប្រើប្រាស់អាវុធរបស់កងកម្លាំងសមត្ថកិច្ចមកលើជនស៊ីវិល។
លោក រូពីត កូវីល បានពិព័ណ៌នាពីហេតុការណ៍ ដ៏រន្ធត់ដែល គេឃើញកម្លាំងប្រដាប់អាវុធកម្ពុជា ប្រើប្រាស់គ្រាប់ពិត និងគ្រាប់បែកផ្សែងបាញ់បង្ក្រាប បាតុករ និងព្រះសង្ឃយ៉ាងឃោរឃៅ ដែលបណ្ដាលឱ្យ ស្ត្រីម្នាក់ដែលមិនមែនជាបាតុករ បានស្លាប់ ហើយមនុស្សជាច្រើនសិបនាក់ទៀត បានរងរបួស និងត្រូវចាប់ខ្លួន ដែលរួមមានទាំង អនីតិជន 2នាក់ អាយុ 14 ឆ្នាំ និង 17ឆ្នាំ ដែលត្រូវបញ្ជូនទៅតុលាការ។
តាងនាមឱ្យស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក កូវីល បានស្នើឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីសើរើទម្លាប់ដែលអាជ្ញាធរខ្មែរ ប្រើប្រាស់កាំភ្លើង និងអាវុធជាតិផ្ទុះនានា ដែលគេមើលឃើញថា ពេលខ្លះមិនត្រូវ កាលៈ ទេសៈ។
គេមិនទាន់ឃើញប្រតិកម្មតបពីរដ្ឋាភិបាលក្រុងភ្នំពេញនៅឡើយទាក់ទងនឹងបញ្ហានេះ។