បិទទ្វារ ទីតាំងអង្គការ នៅពេលដែល ថ្ងៃម្ចាស់ជំនួយ បរទេស ជិតមកបើក សម្ពោធឲ្យ ដំណើរការ

11/18/2013 0 Comments A+ a-

-សង្ស័យទំនាស់ ផលប្រយោជន៍ ឬ អាចមានការ ចាយថវិកា គម្រោងខុសខ្ទង់
សៀមរាប : បន្ទាប់ពីបានដំណើរ ការសាងសង់ ចាប់ពីឆ្នាំ២០០៩ រហូតមក ដល់ចុងឆ្នាំ២០១៣ នេះ ទីតាំង អង្គការបណ្តុះបណ្តាល បច្ចេកទេសបាគង ដែលហៅ កាត់ថា អង្គការ BTC (Bakong Technical College) ត្រូវបានធ្វើដំណើរ ជិតដល់ថ្ងៃ បើកសម្ពោធ ទៅហើយតែត្រូវ បានលោកស្រី ប្រធានអង្គការ BTC  បិទទ្វារ មិនឲ្យ អ្នកណាចូលជិត ឡើយចំណែកឯ ស្ថាបនិក BTC USA ដែលមានតួនាទីគ្រប់គ្រង អង្គការ TBC Siem Reap និងតំណាងម្ចាស់ជំនួយ មកពីប្រទេសកាណាដា ស្វែងរក អន្តរាគមន៍ សុំឲ្យ បើក ទ្វារទីតាំងនេះបណ្តោះអាសន្នសិន  ព្រោះភាគីម្ចាស់ជំនួយកសាងទីតាំងនេះ ត្រូវមកធ្វើទស្សន កិច្ច ត្រួត ពិនិត្យ លទ្ធផលនៃការសាងសង់ មុនបើកសម្ពោធ ។
នេះគឺជាសេចក្តី បង្ហាញឲ្យដឹង របស់លោក Ronnie Yimsut ជាអនិកជនជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក និង ជាស្ថាបនិកអង្គការ BTC ។
លោកបានបញ្ជាក់ឲ្យដឹងថា ក្រោយពីអង្គការមួយនេះ កើតចេញជារូបរាង ក្រោមការទទួលស្គាល់ពី ក្រសួង មហាផ្ទៃ លោកបានប្រគល់សេចក្តី ទុកចិត្តជូនទៅ លោកស្រី ជា សាអេង ធ្វើជាប្រធាន  ។ ទីតាំងសំណង់ អង្គការ BTC នេះ ស្ថិតនៅក្នុងភូមិទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប  ។
លោកបន្ដឲ្យ ដឹងថា ការបង្កើតអង្គការនេះ គឺស្ថិតក្នុងគោល បំណងបណ្តុះបណ្តាលយុវជន យុវតី ក្នុង សហគមន៍ ឲ្យមានជំនាញ បច្ចេកទេស វិជ្ញាជីវវៈ ជា ពិសេសគឺផ្តល់នូវបំណិនជីវិត ដល់ពួកគេ  រួមចំណែក ជាមួយរាជរដ្ឋភិបាលកម្ពុជា អនុវត្តកម្មវិធីនយោបាយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។
លោកបានបញ្ចាក់ទៀតថា នៅក្នុងអនុស្សរណៈ ក្នុងមាត្រា១  BTC USA មានតួនាទីគ្រប់គ្រង BTC SiemReap ហើយរូបលោកផ្ទាល់ ដែលជាស្ថាបនិក និង ជានាយកប្រតិបត្តិ ក៏មានភារកិច្ចផងដែរ ក្នុងរក ស្វែង រកដៃគូ គឺម្ចាស់ជំនួយ ។ មកដល់ពេលនេះ ការសាងសង់ទីតាំង សាលាបណ្តុះបណ្តាល បច្ចេកទេស បាគង រួមមានម្ចាស់ជំនួយ ៣ប្រទេស គឺ រ៉ូតារី ក្លឹប (Rotary Club) នៃក្រុងតូរិនតូ ប្រទេស កាណាដា សហរដ្ឋអាមេរិក និង ប្រទេសអូស្រ្តាលី ។ ដែលមានជំនួយទឹកប្រាក់សុទ្ធ ប្រមាណជាង ៦០ម៉ឺនដុល្លារ ត្រូវបានទម្លាក់ចូល ក្នុងការកសាងមជ្ឈមណ្ឌលនេះ រួមទាំងសម្រាប់បម្រើ សកម្មភាពមនុស្សធម៌ ផ្សេងៗ ទៀតផងដែរ ។
ស្ថាបនិកអង្គការ សាលាបណ្តុះបណ្តាល បច្ចេកទេសបាគង ( លោក Ronnie Yimsut ) បានបន្តឲ្យដឹងថា អាស្រ័យដោយការពិនិត្យឃើញ របស់ក្រុម ប្រឹក្សាភិបាល BTC USA លើការចំណាយ របស់លោកស្រី ជា សាអេង ប្រធានអង្គការ BTC Siem Reap ពុំមានគណនេយ្យភាព និងគ្មានតម្លាភាពនោះគឺ លទ្ធផល នៃការកសាង អាគារនានា ពុំមានសមមាត្រ ជាមួយទឹកប្រាក់ ដែលម្ចាស់ជំនួយបានផ្តល់ឲ្យនោះ  ក្រុម ប្រឹក្សាភិបាល BTC USA បានធ្វើលិខិតផ្លូវការមួយចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីសុំដកសេចក្តី ទុកចិត្ត ពី លោកស្រី ជា សាអេង ។
លុះមកដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ មានលិខិតលេខ ៤៤៧៩ របស់អគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ  បានចេញលិខិតជម្រាបជូនមួយ ឆ្លើយតបទៅនឹងសំណើរបស់ លោកស្រី ជា សាអេង  ថាក្រសួងមហាផ្ទែ បានឯកភាព ឲ្យផ្អាកសកម្មភាព របស់អង្គការ  BTC តាមការស្នើសុំរបស់សាម៉ីអង្គការ ។
លិខិតជំរាបនោះ បានរំលឹកថា សាម៉ីអង្គភាព ត្រូវដោះស្រាយវិវាទផ្ទៃក្នុង ដោយសន្តិវិធី ស្របតាម លក្ខន្តិកៈ និង ច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន រួចជូនដំណឹងទៅក្រសួងមហាផ្ទៃវិញ ដើម្បី បន្តសកម្មភាពរបស់អង្គការឡើងវិញ ។
យោងតាមការឯកភាព របស់នាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន នៃក្រសួមហាផ្ទៃ នេះហើយ ទើបលោកស្រី ជា សាអេង ប្រធានអង្គការ BTC Siem Reap យកជាបង្អែកក្នុងការបិទទ្វារ ការដ្ឋានសំណង់សាលា បណ្តុះ បណ្តាលបច្ចេកទេសបាគង សូម្បីតែម្ចាស់ជំនួយ ក៏មិនឲ្យចូលពិនិត្យបានឡើយ ។
ការបិទទ្វារនេះ គឺជាកង្វល់ដ៏ធំ របស់លោក Ronnie Yimsut ព្រោះថ្ងៃបើកសម្ពោធជិតមកដល់ ហើយ ប្រការ ដែលសំខាន់នោះ បើសិនជាម្ចាស់ជំនួយ បានដឹងរឿងនេះ ពិតជាមានការខកចិត្ត និងអាចរាំង ស្ទះដល់កិច្ចដំណើរការ របស់អង្គការនេះ ព្រមទាំងអាចខាតបង់ ប្រយោជន៍ដល់សហគមន៍ ជាក់ជា ពុំខានឡើយ ។
តែលុះដល់រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ អាស្រ័យដោយមើលឃើញ អំពី ផលប្រយោជន៍ខាងលើ អាជ្ញាធរខេត្តសៀមរាប  បានចេញលិខិតអនុញ្ញាតិ ឲ្យលោក Ronnie Yimsut ដំណើរការបើកទ្វារទីតាំង ការដ្ឋានសាលាបណ្តុះបណ្តាល បច្ចេកទេសបាគង ដើម្បីត្រៀមទទួល ប្រតិភូម្ចាស់ជំនួយ តាមការស្នើ សុំសម្របសម្រួល មួយរយៈពេល រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣ ។ ដោយលោកអភិបាល ខេត្តសៀមរាប ជាប់បំពេញការងារនៅក្រៅប្រទេស  ភាគី BTC USA (លោក Ronnie Yimsut )  និង ភាគី BTC Siem reap ( លោកស្រី ជា សាអេង ) និង លោក Jim Joanne Stewwant តំណាងម្ខាស់ជំនួយ Rotary Club 0f Toronto Canada បានជួបសម្របសម្រួលគ្នា ក្រោមវត្តមានរបស់លោកប្រធាន ក្រុម ប្រឹក្សា ខេត្តសៀមរាប  លើកសំណូមពរ សុំឲ្យមានការអនុញ្ញាតិ បើកទ្វារទីតាំងការដ្ឋាន កសាង សាលា បណ្តុះបណ្តាលបច្ចេកទេសបាគង មួយរយៈពេលខ្លី គឺចាប់ពីពេលស្នើសុំ រហូតដល់ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៣ ។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី១១ វិច្ឆិកា កន្លងទៅ ក្រុមការងារ មកពីប្រទេសកាណាដា បានមកដល់  ។ ថ្ងៃទី១៨ ខែវិច្ឆិកា ប្រតិភូ រ៉ូតារី ក្លឹប តូរិនតូ ប្រទេសកាណាដា បានមកដល់បន្ត លុះដល់ថ្ងៃទី២១ ខែវិច្ឆិកា ប្រតិភូអ្នកផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកនឹងមកដល់ ហើយថ្ងៃទី២៣ ខែវិច្ឆិកា ២០១៣ ប្រតិភូម្ចាស់ ជំនួយ របស់អូស្រ្តាលី ត្រូវមកដល់ជាបន្តបន្ទាប់ផងដែរ ។ 
លោក Jim Joanne Stewant ប្រធានដឹកនាំប្រតិភូ នៃក្រុមការងារ Rotary Club Of toronto Canada បានថ្លែងនៅមុខច្រកទ្វារការដ្ឋាន សំណង់សាលាបណ្តុះបណ្តាល បច្ចេកទេសបាគង នៅថ្ងៃទី១៥ ខែវិច្ឆិកា គឺមុន១ថ្ងៃ ដែលអាជ្ញាធរខេត្ត បានសម្រេចឲ្យបើកទ្វារនោះថា  ការដែលគេបិទទ្វារចាក់សោរនេះ  លោក ពិត ជាមានការខកចិត្តខ្លាំងណាស់ ព្រោះជាហេតុការណ៍មិនគួរឲ្យជឿ ។
លោកមិនសោកស្តាយទេ កម្លាំងកាយចិត្តដែលលោកបានចូលរួមជាមួយ BTC កន្លងមក តែលោក សោកស្តាយយ៉ាងខ្លាំង បើសិនជាយុវជនក្នុងសហគមន៍ មិនបានទទួលយកការបណ្តុះបណ្តាលពី BTC ដោយសារតែមនុស្សម្នាក់ ។  លោកបានសុំឲ្យអាជ្ញាធរ ឫ សមត្ថកិច្ច ដែលពាក់ព័ន្ធ មេត្តាជួយ សម្រប សម្រួល និងជួយដោះស្រាយ ឲ្យទីនេះបានបើកទ្វារឡើងវិញ ដើម្បីនឹងបន្តការសាងសង់ និង ទទួលយក នូវអ្វី ដែលម្ចាស់ជំនួយគ្រោងនឹងផ្តល់ជូនបន្ថែមទៀត ។
លោកបានបញ្ជាក់ដែរ  អំពី ហេតុការណ៍ទាំងនេះ ប្រតិភូទាំង ៣ប្រទេស មិនបានជ្រាបនោះទេ  យើង ព្យាយាមសម្របសម្រួល និងលាក់អាច៌កំបាំងព័ត៌មាន ទាំងនេះសិន ហើយព្រមប្រឈមនឹងការពិត តែអ្វីៗ គ្រប់យ៉ាង គឺ ដើម្បីឧត្ដមប្រយោជន៍ និងអនាគតរបស់យុវជន ក្នុងសហគមន៍កម្ពុជា មិនមែនសម្រាប់ ប្រយោជន៍បុគ្គលនោះទេ ។
ចំពោះអ្នករស់នៅតំបន់នោះ បែរជានិយាយប្រាប់បែបសង្ស័យថា ការដែលបិទទ្វារអង្គការ និងការដែល មិនចុះសម្រុងគ្នាបែបនេះ ទំនងបណ្ដាលមកពី ទំនាស់ផលប្រយោជន៍ ឬ ក៏អាចបណ្ដាលមកពីការ ចាយ វាយ ថវិកាគម្រោង មិនបានត្រឹងត្រូវ ។ ចំពោះភាគីខាងលោកស្រី ជា សាអេង ដែលជាប្រធានអង្គការ BTC កម្ពុជា នោះ អ្នកព័ត៌មានយើងបានទូរស័ព្ទទាក់ទងចូលជាច្រើនលើក តែពុំមានការលើកទូរស័ព្ទឆ្លើយតប ដើម្បីសុំការបកស្រាយ ពីលោកស្រីនៅឡើយទេ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ៕