ក្រុម U23កម្ពុជា លុត ក្រុមម្ចាស់ផ្ទះសិង្ហបុរី ១-០
ភ្នំពេញៈ ទីបំផុតក្រុមជម្រើសជាតិ U23កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ U23សិង្ហបុរី ជាមួយនឹងលទ្ធផលបច្ចេកទេស ១-០ នៅយប់ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣អំបាញ់មិញនេះ នៅលើក្នុងពហុកីឡដ្ឋាន Jalan Besar Stadium ។
នេះគឺលទ្ធផលដ៏ល្អមួយ ដែលក្រុម U23កម្ពុជាសម្រេចបាននៅលើទឹកដីសិង្ហបុរី មុនការប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ាចូលមកដល់ ។ សកម្មភាពនៃការប្រកួត ដ៏តឹងតែងនៅក្នុងតង់ទី១ នៃការជួបគ្នារវាងក្រុម U23កម្ពុជា និងក្រុម U23សិង្ហបុរី កីឡាករ U23កម្ពុជាធ្វើបានយ៉ាងល្អ ដោយមិនបណ្ដោយឲ្យ វាយសម្រុកតាមតែអំពើចិត្តនោះទេ បើទោះបីក្រុមកីឡាករ U23កម្ពុជាអស់កម្លាំងក្នុងការធ្វើដំណើរក៏ដោយ ។ ចប់តង់ទី១ ក្រុម U23កម្ពុជា ទប់បានស្មើជាមួយនឹងក្រុម U23សិង្ហបុរី ០-០ ។
ចូលតង់ទី២ ការផ្លាស់ប្ដូរយុទ្ធសាស្រ្ដ និងវាយសម្រុកយ៉ាងខ្លាំង របស់ក្រុមជម្រើសជាតិកម្ពុជា បានសម្រេចទទួលបានលទ្ធផល ១គ្រាប់នៅនាទី៧៣ ដែលជាគ្រាប់បាល់ ជ័យជំនះតែម្ដង នៅពេលបន្ដការប្រកួតរហូតដល់ ៩០នាទីពេញ ត្រូវបានបញ្ចប់ជាមួយនឹងលទ្ធផល ១-០ គឺក្រុម U23កម្ពុជាអ្នកឈ្នះ ។
សូមបញ្ជាក់ថា មុននឹងក្រុមជម្រើសជាតិ U23កម្ពុជាវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៥ វិច្ឆិកាខាងមុខនេះ ក្រុម U23កម្ពុជា នឹងឆ្លងកាត់ការប្រកួតដ៏ ធំមួយទៀតរបស់ក្រុមឈុតធំសិង្ហបុរី ។ ចាំមើលតើក្រុម U23កម្ពុជា អាចយកឈ្នះទៀត ឬក៏យ៉ាងណា ?
