ឃីម ឌីម៉ា នឹង​បញ្ជាក់​ពី​ភាព​ខ្លាំង ក្នុង​ព្រឹត្តិការណ៍ ONE FC សា​ជា​ថ្មី នៅថ្ងៃទី៦ ធ្នូ (Video Inside)

11/28/2013 0 Comments A+ a-

ភ្នំពេញៈ ជើងខ្លាំង MMA ឃីម ឌីម៉ា អ្នកលេងក្បាច់គុនចម្រុះ ជើងថ្មីដ៏ល្បីឈ្មោះ របស់កម្ពុជា នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ONE FC សាជាថ្មីម្ដងទៀត នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះ ដោយត្រូវជួបជាមួយ កីឡាករម្ចាស់ផ្ទះ ដែលមានឈ្មោះថា Ruel Catalan ដើម្បីជម្រះមន្ទិលសង្ស័យ និងបញ្ជាក់ពីភាពខ្លាំង របស់ខ្លួននៅក្នុង ព្រឹត្តិការណ៍ អន្ដរជាតិមួយនេះ ។
កាលពីថ្ងៃទី១៨ តុលាកន្លងមកនេះ កីឡាករ ឃីម ឌីម៉ា ធ្លាប់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ONE FC នេះម្ដងហើយ នៅប្រទេសសិង្ហបុរី ដោយផ្ដួលកីឡាករ ហ្វីលីពីនឈ្មោះថា Rene Catalan ត្រឹមទឹកទី៣ ហើយកីឡាកររូបនេះ ក៏ត្រូវជាបងប្រុស របស់កីឡាករ Ruel Catalan ដែល ឃីម ឌីម៉ា ត្រូវជួបលើកនេះផងដែរ ប៉ុន្ដែលទ្ធផលពេលនោះ ត្រូវបានចាត់ទុក ជាមោឃៈវិញ បន្ទាប់ពីគណៈកម្មការ រៀបចំព្រឹត្តិការណ៍ ONE FC រកឃើញថា ឃីម ឌីម៉ា វាយខុសបច្ចេកទេស ២ថ្ងៃក្រោយការប្រកួត ។
ដើម្បីបញ្ជាក់ថា ខ្លួនពិតជាបាន វាយឈ្នះជើងឯកវ៉ូស៊ូ ពិភពលោកកីឡាករ Rene Catalan ពិតប្រាកដ បើទោះបីគេវាយខុស លក្ខន្ដិកៈតែ បន្ដិចបន្ដួចនោះ ឃីម ឌីម៉ា នឹងឡើងយុន្ដហោះឆ្ពោះ ទៅប្រទេសហ្វីលីពីន ម្ដងទៀត នៅដើមខែក្រោយ ដើម្បីប្រកួតជាមួយ នឹងប្អូនប្រុសរបស់គេ (Rene Catalan) វិញម្ដង គឺកីឡាករ Ruel Catalan ដែលគេស្គាល់ថា កីឡាកររូបនេះ ក៏ជាជើងឯកវ៉ូស៊ូ របស់ហ្វីលីពីនផងដែរ ។
នេះគឺជាលើកទី២ហើយ ដែល ឃីម ឌីម៉ា បានចូលរួមប្រកួតដាក់ ទ្រុងលក្ខណៈអន្ដរជាតិ នៅក្នុងព្រឹត្តិការណ៍ ONE FC ដែលជាតំណាងឲ្យ ព្រះរាជាណាចក្រកម្ពុជាយើង ។ ប៉ុន្ដែទោះបីជា ឃីម ឌីម៉ា ទើបប្រឡូកក្នុងកីឡា MMA ក៏ពិតមែន ប៉ុន្ដែបទពិសោធន៍នៃ ការប្រកួតក្បាច់គុ នបុរាណខ្មែរវិញ គឺធម្មតាឡើយ ។ ដូច្នេះការប្រកួត MMA ជាមួយនឹងជើងឯក វ៉ូស៊ូហ្វីលីពីនកីឡាករ Ruel Catalan លើកដំបូងនេះ ឃីម ឌីម៉ា នៅតែមានជំនឿចិត្ត យ៉ាងមុតមាំថា នឹងដណ្ដើមយក ជ័យជំនះឲ្យបាន ដើម្បីកិត្តិយស ប្រជាជាតិទាំងមូល ។
ប៉ុន្ដែទោះជាយ៉ាងណា ឃីម ឌីម៉ា មិនអាចមើលងាយពី សមត្ថភាពរបស់ កីឡាករហ្វីលីពីនម្នាក់ នេះបានឡើយ ព្រោះការប្រកួត ធ្វើនៅលើទឹកដីគេ ម្យ៉ាងវិញទៀត បទពិសោធន៍ប្រកួត MMA កីឡាករ Ruel Catalanនេះ ក៏ច្រើនជាង ឃីម ឌីម៉ា ដែរ ។ ដូច្នេះសូមរង់ចាំទស្សនា និងគាំទ្រកីឡាករកម្ពុជា យើងទាំងអស់គ្នា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះ ដើម្បីដឹងថា តើ ឃីម ឌីម៉ា អាចផ្ដួលកីឡាករ Ruel Catalan ម្ដងទៀត ឬក៏យ៉ាងណា ?
Photo by LookingTODAY