Manny Pacquiao បំផ្លាញមហិច្ឆតា Brandon Rios នៅម៉ាកាវ
ផ្តល់សិទ្ធិដោយ ៖ Lookingtoday.com
ភ្នំពេញៈ ស្ដេចប្រដាល់ ពិភពលោក Manny Pacquiao កីឡាករជើងខ្លាំង ប្រចាំទ្វីបអាស៊ី បានបំផ្លាញមហិច្ឆតា អ្នក ប្រដាល់ជើងខ្លាំង របស់អាម៉េរិក កីឡាករ Brandon Rios ដោយ ជោគជ័យ បន្ទាប់ពី Pacquiao វាយឈ្នះពិន្ទុដាច់ កាល ពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើសង្វៀនទីក្រុងម៉ាកាវ ប្រទេសចិន ក្នុងជំនួបដណ្ដើមខ្សែ ក្រវ៉ាត់ WBO International Welterweight ។
ឆ្លងកាត់ការប្រកួត ១២ទឹកពេញ កីឡាករ Pacquiao ធ្វើបានយ៉ាងល្អ ដោយមិនបណ្ដោយ កីឡាករ Rios វាយ សម្រុកតាម តែអំពើចិត្តនោះទេ បើទោះបី Rios មានកម្ពស់ខ្ពស់ និងកម្លាំងជាងក៏ដោយ ជាពិសេសស្ដេចប្រដាល់ មកពីប្រទេសហ្វីលីពីនរូបនេះ ថែមទាំងមិនឲ្យកីឡាករ Riosមានឱកាស ចូលជិត ឬកៀកនោះឡើយ ព្រោះពេល ដែលកីឡាករទាំង២ នៅជិតគ្នា កីឡាករ Rios មានប្រៀបជាង ។
ផ្ទុយទៅវិញ ដោយភាពវៃឆ្លាត និងមានបទពិសោធន៍ប្រកួតចាស់វស្សានោះ កីឡាករដែលមានបេក្ខភាព ឈរ ឈ្មោះធ្វើជាប្រធានាធិបតី ហ្វីលីពីន Pacquiao បានវាយសម្រុកដោយ ដាល់លើផ្ទៃមុខ Rios ពេញៗ សឹងតែគ្មាន ឱកាស វាយសងវិញឡើយ ។ ប៉ុន្ដែដោយសារកីឡាករ Rios របស់អាម៉េរិក មានកាយសម្បទារឹងមាំ និងមាន កម្លាំងជាងនោះ កណ្ដាប់ដៃដ៏ធ្ងន់ៗរបស់ Pacquiao មិនអាចបង្ខំឲ្យ Rios សន្លប់នៅក្នុងទឹកទី៥ ឬទី៦ ដូចអ្វីដែល លោក Freddie Roach (គ្រូបង្វឹកកីឡាករ Pacquiao) ធ្វើការទស្សន៍ទាយនោះទេ ។
ការប្រកួតក្នុងទឹកបន្ដបន្ទាប់ទៀត Pacquiao នៅតែបន្ដរូបមន្ដប្រកួតដដែល ពោលគឺមិនឲ្យ Rios ចូលជិតនោះទេ ហេតុដូច្នេះហើយ Rios មានប្រៀបជាង Pacquiao នៅពេលចូលកៀកគ្នា ម្ដងៗប៉ុណ្ណោះ ។ ៦ទឹកចុងក្រោយ Pacquiao វាយចេញច្រើន ហើយចំគោលដៅ ល្អជាង ចប់ការប្រកួតកីឡាករ Pacquiao ឈ្នះ Rios ត្រឹមពិន្ទុតែម្ដង ៕