សមុទ្រមនុស្ស នៅក្រុងបាងកក បង្ហាញពីវិបត្តិនយោបាយថៃ
បាតុករមួយក្រុម ដែលប្រមូលផ្ដុំគ្នានៅស្តូបប្រជាធិបតេយ្យ និងមហាវិថីរ៉ាត់ឆាដំណឺង យ៉ាងច្រើនកុះករ ដឹកនាំដោយ គណ បក្សប្រជាធិបតេយ្យ ដែល ជាបក្សជំទាស់។ លោក អាភីស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្ត្រី និង លោក ស៊ូថេប ថងស៊ូបាន អតីតឧបនាយករដ្ឋមន្ត្រីជា មេដឹកនាំបាតុកម្ម ដែលមានមនុស្សជាង ៤សែននាក់ បានអះអាងថា គោលបំណងនៃបាតុកម្ម គឺដើម្បីគាស់រំលើងបណ្ដាញ នយោបាយរបស់ត្រកូលថាក់ស៊ីន និងដើម្បីផ្ដួចផ្ដើមឱ្យមាន កំណែទម្រង់ថ្នាក់ជាតិមួយ។
ឯបាតុកម្មមួយក្រុមទៀត ដែលបោះទីតាំងនៅ ពហុកីឡដ្ឋានរាជាមង្គល ដឹកនាំដោយក្រុមអាវក្រហម ដើម្បីសម្ដែងការគាំទ្រ ដល់លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់ និងក្រុមរដ្ឋាភិបាលបក្សភឿថៃរបស់លោកស្រី។ គាំទ្រក៏ដោយសារតែ ក្នុងថ្ងៃអង្គារ និងថ្ងៃពុធ លោកស្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវហៅទៅចោទសួរក្នុងសភាជាន់ទាប មុននឹងសភាដែលដឹក នាំសម្លេងភាគច្រើនបក្សភឿថៃមួយនេះ បោះឆ្នោតសម្ដែងការមិនទុកចិត្តនៅថ្ងៃ ព្រហស្បត្តិ៍ ទី២៨ ខាងមុខ។
លោក ណាតាវុធសៃកឿ មេដឹកនាំក្រុមអាវក្រហមនិងជាសមាជិកគណរដ្ឋមន្ត្រីលោកស្រីយីងឡាក់ផងនោះបានត្រូវកាសែត បាងកកប៉ុស្តិ៍ ដកស្រង់សម្ដីកាលពីថ្ងៃអាទិត្យថា ក្រុមបាតុករអាវក្រហមរាប់ម៉ឺននាក់ នឹងមិនធ្វើដំណើរណាទៅឆ្ងាយពីពហុកី ឡដ្ឋានរាជាមង្គល នេះឡើយ គឺធ្វើបាតុកម្មនៅនឹងកន្លែង ចៀសវាងការប៉ះទង្គិចជាយថាហេតុណាមួយជាមួយបាតុករក្រុម ដទៃទៀត។
នយោបាយថៃបានបង្ហាញនូវវិបត្តិ ក្រោយពេលដែលលោកស្រីយីងឡាក់បានស្នើច្បាប់លើកលែងទោសជាកញ្ចប់ បំណង បង្ហាញការគាំទ្រដល់ការវិលត្រឡប់របស់លោកថាក់ស៊ីន បងប្រុសលោកស្រី តែត្រូវបានទម្លាក់ចោលដោយសភាជាន់ខ្ពស់ ហើយប៉ុន្មានថ្ងៃក្រោយ លោកស្រីបានដាក់ពាក្យស្នើដល់តុលាការធម្មនុញ្ញ ដើម្បីកែទម្រង់សមាសភាពសភាជាន់ខ្ពស់ដែល សមាជិកនីមួយៗ ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ តែតុលាការធម្មនុញ្ញបានបដិសេធសំណើ ហើយបាតុកម្ម និង វិបត្តិនយោបាយ ក៏លេចឡើងព្រមៗ ដូចដែលឃើញនាប៉ុន្មានថ្ងៃនេះតែម្ដង។
ប្រភពពី Free Press Magazine