ទើប​បើក​លុយ​ពី​ធនាគារ​ចោរ​វាយ​បំបែក​កញ្ចក់​ឡាន​លួច​លុយ​ជាង​៣៨ លាន​រៀល​

11/28/2013 0 Comments A+ a-

ភ្នំពេញ:  ក្រុមចោរ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មក​ឈប់​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ជក់​រថយន្ត​លួច​យកលុយ​ក្នុង​រថយន្ត​អស់​ជាង​៣៨​លាន ៦០​ម៉ឺន​រៀល កាលពី​វេលា​ម៉ោង ៣​កន្លះ រសៀល​ថ្ងៃទី ២៧ ខែ​វិច្ចិកា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខផ្ទះ​លេខ​១៤៨ មហាវិថី​ព្រះសីហនុ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​
​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ម្ចាស់​រថយន្ត​ឈ្មោះ ញឹ​វ ប៊ុនធឿន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​ជា​អ្នកម៉ៅការ​សំណង ស្នាក់នៅ​ផ្លូវជាតិ​៥ ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ​។​
​ញឹ​វ ប៊ុនធឿន បំភ្លឺ​ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W 0778 ចេញពីផ្ទះ​ទៅ​បើក​លុយ​ក្នុង​ធានា​គារ​កាណាឌីយ៉ា សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​បន្ត​បើករថយន្ត​មក​ចត​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ទុក​លុយ​ទើបនឹង​បាន​ថ្មីៗ​ខាងក្នុង រួច​ចុះ​ពីលើ​រថយន្ត​ដើរចូល​ទៅក្នុង​ផ្សារ​ទំនើប​ឡា​គី​ញាំ​អី ។​
​ខណៈ​ចូល​បាន​ជិត​៣០​នាទី​ក៏​ដើរចេញ​មកវិញ ស្រាប់តែ​ឃើញ​រថយន្ត​របស់ខ្លួន​បែក​កញ្ចក់ទ្វារ​រថយន្ត​ខាងមុខ​ផ្នែក​ខាងឆ្វេង ភ្លាមៗ​នោះ​ម្ចាស់​បាន​ស្ទុះ​ទៅ​មើល​លុយ​ដែល​ទុក​ក្នុង​រថយន្ត បាត់អស់​៣៨​លាន ៦០​ម៉ឺន​រៀល ទើប​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​ចុះទៅ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ហៅ​ម្ចាស់​រថយន្ត​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
ប្រភពពី CEN