ខុមហ្វ្រែល៖ ជម្លោះក្រោយការបោះឆ្នោត អាចនឹងក្លាយជាវិបត្តិនយោបាយ នៅកម្ពុជា ធ្ងន់ធ្ងរ និងយូរអង្វែង
ក្នុងសេចក្តីប្រកាស ដែលមាន ៦ ទំព័រ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ខុមហ្វ្រែល លើកឡើងថា ជម្លោះនៃការបោះឆ្នោតជាតិ ក្នុងខែកក្កដា ឆ្នាំ២០១៣ នៅកម្ពុជា បានវិវត្តន៍បន្តិចម្តងៗ អាចទៅជាវិបត្តិនយោបាយ។
ទោះជាយ៉ាងនេះក្តី ខុមហ្វ្រែល រម្លឹកថា ជម្លោះ ឬក៏វិបត្តិនយោបាយ នៅកម្ពុជា គឺមិនមែនជាលើកដំបូងឡើយ ព្រោះវាធ្លាប់កើតឡើង តាំងពីសម័យសង្គ្រាមត្រជាក់តាំងពីទស្សវត្សឆ្នាំ១៩៧០ កម្ពុជាមានវិបត្តិនយោបាយ ដោយភ្ជាប់ការតស៊ូដណ្តើមអំណាចនយោបាយ ដោយអាវុធ និងក្រោយមកទៀត បន្ទាប់ពីដំណើរការបោះឆ្នោត ក្នុងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន កម្ពុជាជួបប្រឈមជម្លោះបោះឆ្នោត ហើយឈានទៅរកជម្លោះ ឬជាប់គាំងនយោបាយ ក្នុងរយៈពេលខ្លី។
ខុមហ្វ្រែល លើកឡើងថា ជម្លោះបោះឆ្នោត លើកនេះ ប្រាកដណាស់ថា បានចាប់ពន្លក តាំងពីការរៀបចំមុនពេលបោះឆ្នោត។ ជាការពិត ការចាត់ចែងការបោះឆ្នោត នៅកម្ពុជា ក្នុងឆ្នាំ២០១៣ មិនទាន់មានភាពសេរី និងយុត្តិធម៌ ដោយសារខ្វះខាតការប្រកួតប្រជែងលើទីលានបោះឆ្នោតដ៏ត្រឹមត្រូវ។
ខុមហ្វ្រែល បន្តថា គណបក្សមិនកាន់អំណាច ជាពិសេសគណបក្សសង្គ្រោះជាតិ បានត្អូញត្អែរលើចំណុចសំខាន់ៗ ទាក់ទងនឹងសមាសភាពសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងការចេញលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត។
ក្នុងសេចក្តីប្រកាសរបស់ខ្លួន ខុមហ្វ្រែល បានលើកឡើងពីហេតុការណ៍ នៅមុន នៅពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។ ក្នុងនោះ រួមមាន បាតុកម្មប្រឆាំងលោក កឹម សុខា ក្នុងរឿងគុកទួលស្លែង ការលើកលែងទោសដល់លោកសមរង្ស៊ី ឲ្យបានវិលមកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត លទ្ធផលបោះឆ្នោត ថ្ងៃ២៨កក្កដា ដ៏ចម្រូងចម្រាស់ រួមទាំងដំណើរការដោះស្រាយបណ្តឹងបោះឆ្នោត សកម្មភាពបាតុកម្មរបស់បក្សប្រឆាំង រួមទាំងការពង្រាយកម្លាំងបង្ក្រាបបាតុកម្ម ព្រមទាំងដំណើរការចរចាជាច្រើនលើក និងការប្រកាសកែទម្រង់ការបោះឆ្នោត ជាដើម ត្រូវបានខុមហ្វ្រែល លើកបង្ហាញក្នុងសេចក្តីប្រកាស។
ជាសរុប ខុមហ្វ្រែល បានទាញសេចក្តីសន្និដ្ឋានចុងក្រោយថា មានជម្លោះនយោបាយបន្ថែមលើទំនាស់បោះឆ្នោត ដែលជម្លោះនេះ មិនត្រឹមខុសគ្នាអំពីខ្លឹមសារ ប៉ុន្តែក៏មានការមិនទុកចិត្តគ្នា ក្នុងការសន្ទនា។ ការវិវត្តន៍ នៃជម្លោះនេះ អាចចេញលទ្ធផលតាមរូបភាពផ្សេងៗ ដែលបន្តការចរចា និងបានសម្រេចការស្រុះស្រួល ដោយបង្កើតបរិយាកាសជឿទុកចិត្តគ្នាវិញ និងមានកិច្ចព្រមព្រៀងច្បាស់លាស់។ នៅក្នុងករណីនេះ មានការលំបាកជាខ្លាំង ដែលស្ទើរតែមិនមានលទ្ធផល នៃដំណោះស្រាយនយោបាយ។
អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានគូសបញ្ជាក់ថា ជម្លោះទាំងនេះ នឹងក្លាយជាវិបត្តិនយោបាយធ្ងន់ធ្ងរ និងយូរអង្វែង ហើយមានរូបភាព ក្នុងការទាមទារឲ្យបោះឆ្នោតឡើងវិញ នៅក្នុងអាណត្តិ។
ខុមហ្វ្រែល ក៏កត់សម្គាល់ថា ” ( ជម្លោះនយោបាយ ) មានការកើនកំដៅខ្លាំង ព្រោះថា ភាគីសាម៉ីគណបក្សទាំងពីរ ខិតខំ រកកម្លាំងសម្ពាធ ទៅលើគ្នាទៅវិញទៅមក។ កម្លាំងសម្ពាធ នឹងមិនកើតមានដោយសន្តិវិធីទៀតឡើយ ប្រសិនបើនៅពេលដែលកម្លាំងដាក់សម្ពាធរបស់ម្ចាស់ឆ្នោត បែរត្រូវបានបង្ក្រាបយ៉ាងខ្លាំងក្លា ដោយកងកម្លាំងប្រដាប់អាវុធ។ ករណីនេះ នឹងអាចនាំមកនូវការបះបោរ និងអំពើហិង្សា ហើយដែលពិបាករកការប៉ាន់ប្រមាណ អំពីហានិភ័យអវិជ្ជមាន”៕
ប្រភពពី CEN
