ភាពយន្តចិនលើទឹកដីខេត្តសៀមរាប
សៀមរាបៈ ខ្សែភាពយន្តចិនដែលបានចំណាយប្រាក់ថតអស់មួយលានដុល្លារស្តីពី ជីវិតស្នេហាពិតមួយដែលក្រុមផលិតករចិនបានមកថតផ្តិតយកទេសភាព ពិតៗនៅលើដែនដីសម្បូរទៅដោយសំណង់ប្រាង្គប្រាសាទបុរាណរបស់ខ្មែរ គឺខេត្តសៀមរាបនោះ នៅពេលនេះខ្សែភាពយន្តនោះត្រូវបានគេចាក់បញ្ចាំងនៅឯកម្មវិធី Shanghai International Film Festival ប្រទេសចិនហើយ ហើយក្រុមហ៊ុនក៏បានស្នើសិទ្ធិពីរដ្ឋាភិបាលកម្ពុជាដើម្បីយកមក ចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងប្រទេសកម្ពុជាផងដែរ។
រឿង «ស្នាមញញឹមអង្គរ ឬThe Smile of Angkor» នេះជាខ្សែភាពយន្តពណ៌នាពីអារម្មណ៍មនោសញ្ចេតនាពេញបេះដូង ឬប្រវត្តិស្នេហ៍ពិតមួយដែលដឹកនាំសម្តែងដោយលោក លាងមីង និងមានតារាល្បីៗមួយចំនួនដូចជា ចូវជុនបៃ និងហ្វាងហួយជាដើម។ ខ្សែភាពយន្តនេះជាគម្រោងអភិវឌ្ឍដោយក្រុមហ៊ុន Shanghai Film Technical Plant Ltd និងណែនាំបង្ហាញដោយក្រុម Shanghai Construction Group ខណៈវាជាបណ្តាញនៃការសហការជាមួយនឹងក្រុមហ៊ុន Shanghai HaiXiang Culture Media ក្រុមហ៊ុន Shanghai Film Group Corporation និងក្រុមហ៊ុន Communication University of China។
លោកហ្សិន រ៉ុង អគ្គនាយករងក្រុមហ៊ុន Shanghai Construction និយាយថានេះជាខ្សែភាពយន្តដំបូងដែលផលិតករចិនបានមកផ្តិតយក ទិដ្ឋភាពនៃតំបន់ប្រាង្គប្រាសាទបុរាណខ្មែរ និងបណ្តាទេសភាពដ៏ស្រស់ត្រកាលនានាទៀតនៅក្នុងបរិវេណខេត្ត សៀមរាប។
លោកបន្តថា៖ «ក្រុមផលិតករយើងបានចំណាយពេលពាក់កណ្តាល ឆ្នាំទើបអាចបញ្ចប់ការថតរឿងនេះ។ ដោយឡែកតួអង្គសំខាន់ៗរបស់យើងនិយាយភាសាចិន និងមានការប្រែសម្រួលជាភាសាអង់គ្លេសផងដែរ។ ម្យ៉ាងទៀតរឿងនេះយើងបានថតយកទិដ្ឋភាពទីក្រុងពីរគឺក្រុងសៀងហៃ នៅប្រទេសចិន និងក្រុងសៀមរាបប្រទេសកម្ពុជាតែម្តង»។
ចំពោះទិដ្ឋភាពប្រាង្គប្រាសាទទាំងឡាយដែលក្រុមហ៊ុនផលិតកម្មចិនបានថតនោះរួម មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័ន និងមានថតយកទេសភាពនៅឯតំបន់ភូមិបណ្តែតទឹកទៀតផង។
លោកបន្ត ទៀតថា៖ «ហេតុដែលយើងជ្រើសរើសយកខេត្តសៀមរាបថតរឿងនេះមកពីទីនេះ គឺម្ចាស់ផ្ទះនៃបេតិកភណ្ឌពិភពលោកដ៏ល្បីនៃប្រាង្គប្រាសាទបុរាណ។ ម្យ៉ាងទៀតខេត្តសៀមរាបក៏សម្បូរទៅដោយទេសភាពព្រៃឈើ និងបឹងបួដែរ។ គ្រប់គ្នាដែលមកថតរឿងនេះ រួមទាំងខ្ញុំដែរពិតជាស្រឡាញ់ទឹកដីមួយនេះណាស់ យើងមានអារម្មណ៍ភ្ញាក់ផ្អើលពេលបានដល់ទឹកដីខេត្តសៀមរាប»។
លោក បញ្ជាក់ថាខ្សែភាពយន្តនេះគឺបាននិយាយពីជីវិតពិតរបស់ប្រជាជន ខ្មែរតាមរយៈជំនឿសាសនាការស្រឡាញ់ឬក្តីស្នេហានិងភាពសោកសៅភាព កក់ក្តៅ និងការរស់នៅប្រកបដោយភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។ លោកហ្សិនរ៉ុងគូសបញ្ជាក់ថា៖ «តែភាពយន្តដែលយើងថតនេះគឺជាការ បង្ហាញនូវចំណងមិត្តភាពដ៏ស៊ីជម្រៅពិសេសមួយរវាងប្រទេសចិន និងកម្ពុជាតែម្តង»។
ចំពោះដំណើររឿងនៃខ្សែភាពយន្តនេះបង្ហាញពីជីវិតរបស់នាយកក្រុមសិល្បៈអូប៉េរ៉ាជាតិចិនឈ្មោះឌូហ្វីបានមកដល់ ទឹកដីកម្ពុជា។ ដើមឡើយលោកគ្មានបំណងចង់ផលិតរឿងដែលមានចំណងជើងស្នាមញញឹមអង្គរ នេះទេ។ តែក្រោយមកលោកបានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកគ្រូក្រមុំបង្រៀន នៅសាលាបឋមសិក្សាម្នាក់ឈ្មោះហ្វាងកាវដែលរស់នៅតាមដងទន្លេសាប ហើយនាងចេះនិយាយភាសាចិនបានល្អ ព្រោះថាជីដូននាងគឺជាកូនចៅកាត់ចិនរស់នៅក្នុងស្រុកខ្មែរយូរមក ហើយ។ ចំណែកស្ថានភាពដ៏លំបាកមួយរបស់តួអង្គស្រីគឺមានឪពុកពិការដែលជា ស្ថាបនិកនៃក្រុមតន្រ្តីជនពិការដោយសារគ្រាប់បែក»។
លោកហ្សិន រ៉ុងកោតសរសើរសាច់រឿងថាគ្រប់ឆាកឈុតនៃសាច់រឿងពោរពេញទៅដោយភាព មានន័យខ្លឹមសារគឺវាហាក់ដូចជាការបង្ហាញនូវផ្ទាំងគំនូរដែលមាន លាយឡំនឹងការនិពន្ធកំណាព្យអ៊ីចឹង។ លោកថាសាច់រឿងបាននិយាយថា៖«ស្នេហ៍បរិសុទ្ធ»មិនត្រូវបានមនុស្ស សម័យទំនើបអើពើឡើយ»។
លោកហ្សិនរ៉ុងបង្ហើបឲ្យដឹងថា លោកមានគម្រោងថតភាពយន្តមួយទៀតនៅខេត្តសៀមរាបនេះ ព្រោះតែនេះគឺជាមធ្យោបាយមួយសម្រាប់ការនាំពិភពលោកទាំងមូលបាន ស្គាល់ពីជីវិតពិតប្រជាជនខ្មែរ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
