ក្រសួង​យុត្តិធម៌​នឹង​គ្រប់គ្រង​ប្រាក់​មូលនិធិ​មេធាវី​សម្រាប់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់

11/29/2013 0 Comments A+ a-

image (12)ក្រសួង​យុត្តិធម៌ មាន​គម្រោង​បង្វែរ​ប្រាក់​មូលនិធិ​មេធាវី​សម្រាប់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់ ដល់​ជន​ក្រីក្រ មក​ឲ្យ​ក្រសួង​យុត្តិធម៌ គ្រប់គ្រង​វិញ ចាប់​ពី​ឆ្នាំ​២០១៤ ត​ទៅ។ គម្រោង​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល បង្ហើប​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ ស្ដីពី​ជំនួយ​ផ្នែក​ច្បាប់​នៅ​ថ្ងៃ​សុក្រ ទី​២៩ វិច្ឆិកា។
អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គីម សន្តិភាព ថ្លែង​ថា រដ្ឋាភិបាល​បាន​បង្វែរ​ប្រាក់​មូលនិធិ ២០០​លាន​រៀល ពី​គណៈ​មេធាវី សម្រាប់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​ជា​រៀង​រាល់​ឆ្នាំ​នោះ មក​ឲ្យ​ក្រសួង​យុត្តិធម៌​គ្រប់គ្រង​វិញ ហើយ​បាន​បន្ថែម ១០០​លាន​រៀល​ពី​លើ​នោះ ដើម្បី​ឲ្យ​ក្រសួង​ធ្វើ​ការ​ជួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​វិញ។ តែ​ទោះ​យ៉ាង​ណា លោក គីម សន្តិភាព ពុំ​ទាន់​បាន​ពន្យល់​ពី​ហេតុផល​នៃ​ការ​ផ្លាស់​ប្ដូរ​ការ​គ្រប់គ្រង​ការងារ និង​ថវិកា​នោះ​ទេ។
នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ វិច្ឆិកា ក្រសួង​យុត្តិធម៌ និង​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សហការ​គ្នា​រៀប​ចំ​សន្និសីទ​ថ្នាក់​ជាតិ​មួយ ស្ដីពី​ជំនួយ​ផ្នែក​ច្បាប់ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​អង្គការ​យូនីសេហ្វ (UNICEF) និង​អង្គការ យូ.អិន-អូ.អេច្ឆ.ស៊ី.អេច្ឆ.អ (UN-OHCHR) ក្នុង​បំណង​បង្ហាញ​មហាជន​ឲ្យ​បាន​យល់​ដឹង​ពី​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ។
ប្រភពពី វិទ្យុអាស៊ីសេរី