ប៉ូលិស ចាប់ខ្លួនមេខ្យល់ពីរនាក់ នាំនារីខ្មែរ ឆ្លងដែនទៅការប្តី នៅប្រទេសចិន
លោកវរសេនីយ៏ត្រី ជា ហេង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានឲ្យដឹងថា៖ស្ត្រីមេខ្យល់ពីរនាក់នោះ មានឈ្មោះ ណា ថាវរី អាយុ ២៣ឆ្នាំ និងឈ្មោះ ជា ភារិទ្ធី ។ អ្នកទាំងពីរ រស់នៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
រីឯស្ត្រីរងគ្រោះទាំងបីនាក់នោះ អាជ្ញាធរមានសមត្ថកិច្ច នៅមិនទាន់ប្រាប់ឈ្មោះឲ្យដឹងនៅឡើយ គ្រាន់តែដឹងថា អ្នកទាំងបីនាក់ រស់នៅក្បែរៗ ភូមិរបស់មេខ្យល់ខាងលើ។
លោកបានបន្ថែមថា៖ នៅមុនពេលចាប់ខ្លួន សមត្ថកិច្ចព្រលានយន្តហោះ មានការមន្ទិលចំពោះ ដំណើរទៅកាន់ប្រទេសចិន របស់ក្រុមស្ត្រីវ័យក្មេងទាំង៥នាក់ខាងលើ ទើបបានសម្រេច ធ្វើការឃាត់ខ្លួន មកសាកសួរ ក៏លេចធ្លាយព័ត៌មាននាំស្ត្រីខ្មែរ ទៅរៀបការប្តី នៅប្រទេសចិន ដែលកំពុងតែមានសភាពក្តៅងំនៅឡើយ។
លោកបានបញ្ជាក់បន្ថែមថា៖ តាមចម្លើយសារភាពរបស់ស្ត្រីរងគ្រោះទាំង៣នាក់ បានឲ្យដឹងថា មេខ្យល់ឈ្មោះ ណា ថាវរី គាត់មានប្តីនៅប្រទេសចិន ហើយប្តីរបស់គាត់ បានឲ្យប្រពន្ធ ដើរគៀងគរ ពួកនាង ទៅប្រទេសចិន ដើម្បីរៀបការប្តី នៅទីនោះ ដោយគាត់បានផ្តល់ប្រាក់ចំនួន ២.២០០ ដុល្លារអាមេរិក ទៅគ្រួសារជនរងគ្រោះទាំងបី។
សមត្ថកិច្ច បានឲ្យដឹងទៀតថា៖ បច្ចុប្បន្ន ស្ត្រីរងគ្រោះទាំង ៣នាក់ នឹងត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើការអប់រំ កែប្រែចិត្ត កុំឲ្យចាញ់បោកគេបន្តទៀត។ ចំណែកស្ត្រីសង្ស័យ ជាមេខ្យល់ ឈ្មោះណា ថាវរី ត្រូវបានបញ្ជូនខ្លួនទៅតុលាការខេត្ត ដោយចោទប្រកាន់ពីបទ អំពើលក់់ដូរមនុស្សសំរាប់ឆ្លងដែន ដែលមានចែងក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្គ្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ ឯឈ្មោះជា ភារិទ្ធី គឺបទសមគំនិត៕
