មនុស្សចិត្តខ្មៅយកសពទារិកា ២នាក់ដែលទើបប្រសូត្រថ្មីៗ មកបោះចោលក្នុងគំនរសំរាម
លោក ប៉ែន ស៊ីនឿន អាយុ ២៧ ឆ្នាំ ជាសន្តិសុខផ្សារតាខ្មៅ បានរៀបរាប់ប្រាប់នគរបាលថា នៅវេលា ម៉ោង ១១ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ គាត់បានដើរមកជិតគំនរសំរាម ហើយក៍បានប្រទះឃើញ មានថង់ពណ៌ខ្មៅ ផ្ទុករបស់គួរឲ្យសង្ស័យ ទើបគាត់ទៅបើកថង់នោះមើល ស្រាប់តែឃើញមាន សពទារិកាម្នាក់លាយឡំ ជាមួយឈាម ត្រូវបានគេយកមកបោះចោល ឃើញដូច្នេះគាត់ ក៍បានទូរស័ព្ទ ប្រាប់សមត្ថកិច្ចនគរបាល ប៉ុស្តិ៍តាខ្មៅ ឲ្យជួយអន្តរាគមន៍តែម្តង ។
សមត្ថកិច្ចនគរបាល ក្រុងតាខ្មៅ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានគេប្រទះឃើញសាកសពទារិកាទាំង ២នាក់នៅក្នុងគំនរសំរាម សមត្ថកិច្ចបានចុះទៅពិនិត្យ តែជំហានដំបូងបានជួបប្រទះឃើញទារិកាម្នាក់ អាយុប្រហែលជា ៦ខែ ត្រូវបានគេច្រក ក្នុងស្បោងខ្មៅ យកមកប្លុងចោលនៅគំនរសំរាមខាងលើ ។ រហូតដល់ម៉ោង ៣និង៣០ នាទីក៏មានទារកមួយទៀត ត្រូវបានគេប្លុងចោល នៅក្នុងស្បោងខ្មៅដែរ ស្ថិតនៅលើគំនរសំរាមដូចគ្នា ។
សពទារិកាទាំង ២នាក់នេះ ត្រូវបានជនមិនស្គាល់មុខ យកមកប្លុងចោល ក្នុងស្បោងខ្មៅដូចគ្នា នៅក្នុងគំនរសំរាម មិនដឹងថាម្តាយរបស់ពួកគេ នៅទីណាទេ។ ប៉ុន្តែបើតាមការពិនិត្យទារកទាំងពីរនេះ មានអាយុប្រហែល ៦ទៅ៧ ខែនៅក្នុងពោះ ទំនងជាត្រូវបាន ប្រសូត្រនៅគ្លីនិក ឯកជនណាមួយ ព្រោះទារកនៅមានប្រឡាក់ឈាម ទើបប្រសូតថ្មីៗ។ សាកសពទារកទាំង ២ នេះត្រូវបាន សមត្ថកិច្ចជំនាញយកទៅកប់ចោលនៅ មាត់ស្ទឹងតាខ្មៅ ៕
